សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សជាច្រើនចូលចិត្តធ្វើការងារទាំងឡាយណាដែលងាយស្រួល មានភាពទាក់ទាញ ឬធ្វើឱ្យចិត្តរីករាយជាដើម តែការធ្វើការងារប្រភេទនេះមិនប្រាកដថា ធ្វើឱ្យគាត់រីកចម្រើនបានល្អនោះទេ ព្រោះការងារដែលធ្វើឱ្យមនុស្សអភិវឌ្ឍជាច្រើន ជាការងារលំបាកហើយមិនសូវមានមនុស្សចូលចិត្តធ្វើនោះទេ។

អគ្គនាយក​ក្រុមហ៊ុន Anussa Event Planer លោក សេង ពិសិដ្ឋ បានថ្លែងនៅ​ក្នុង​កម្មវិធី Ignite Phnom Penh ថា ក្នុងការរស់នៅជាក់ស្តែងគ្មានរបស់ល្អ ឬរឿង​អស្ចារ្យណាដែល បានមក​ដោយ​ឥតគិតថ្លៃ​នោះទេ ហេតុនេះដើម្បីទទួលបាន​ទ្រព្យសម្បត្តិ ក៏ដូចជាតម្លៃអ្វីមួយ យើងត្រូវតែធ្វើអ្វីមួយដើម្បីប្តូរយកវាមក។ លោកថារឿងរ៉ាវអ្វីៗទាំងអស់ក្នុងពិភពលោកនេះ គឺ​ស្ថិតក្នុង​ប្រព័ន្ធ​នៃ​ការទូទាត់។ ដូច្នេះ ដើម្បី​ទទួលបាន​ចំណូល យើង​ត្រូវតែមាន​អាជីវកម្ម ឬ​សមត្ថភាព​ការងារ​ ដើម្បី​មានលទ្ធភាព​ស្រូបយក​ចំណូល​ទាំងអស់នោះមកក្នុងជីវិតយើង។ បន្ថែមពីលើនេះ ដើម្បី​ទទួលបាន​កិត្តិយស និង​ការឱ្យ​តម្លៃ លុះត្រាតែ​យើង​មាន​សមត្ថភាព​ ដើម្បី​បង្កើត​រឿង​ដែល​គួរឱ្យគេ​គោរព ហើយ​គន្លឹះ​ដែល​អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ គឺត្រូវធ្វើ​ខ្លួន​ជាម​នុស្ស​សំខាន់និង​មានតម្លៃ​គ្រប់គ្រាន់ ​ដើម្បី​សមនឹងទទួលរបស់ទាំងអស់នោះ។

លោក សេង ពិសិដ្ឋ បានបញ្ជាក់ថា៖«ការងារដែលធ្វើឱ្យយើងក្លាយជាមនុស្សសំខាន់ និងមានតម្លៃគឺជាប្រភេទការងារដែលមនុស្សភាគច្រើនចង់គេចចេញ ឬមិនចង់ធ្វើ។ ហេតុនេះ បើសិនជា​មនុស្ស​គ្រប់គ្នា​អាចធ្វើ​រឿង​លំបាក​បានមនុស្ស​ទាំងនោះ​សុទ្ធតែ​ជោគជ័យ​ហើយ តែ​ជាទូទៅ​មនុស្ស 70% ទៅ80%មិន​ចង់​ធ្វើ​រឿង​ដែលលំបាកៗនោះទេ»។

សហគ្រិនខាងលើបានបញ្ជាក់ផងដែរថា ប្រសិនបើយើងចង់ក្លាយជាមនុស្សសំខាន់ លុះត្រាតែយើងមានសមត្ថភាពធ្វើ ​ការងារ​​លំបាកៗ ឬធ្វើការ​ងារ​ដែល​គ្រប់គ្នា​មិន​ចង់​ធ្វើ។ ពេលខ្លះការធ្វើការ​ការងារ​ដែល​គេ​ខ្ជិល ​នឹងធ្វើអាចជាឱកាសយ៉ាងសំខាន់ក្នុងការធ្វើឱ្យយើងក្លាយជាមនុស្សសំខាន់និងត្រូវបានគេចាប់អារម្មណ៍ ព្រោះនៅពេលដែល​យើង​អាចធ្វើ​ការងារ​ទាំងអស់​នោះបាន គ្រប់គ្នានឹងមើលឃើញតម្លៃពិតប្រាកដរបស់យើងហើយ​សម្មិទ្ធិផលដែលយើងទទួលបានក៏ជាសម្មិទ្ធិផលប្លែកខុសពីអ្នកដទៃដែរ។ ចរន្តនេះនឹងធ្វើឱ្យយើងក្លាយជាមនុស្សលេចធ្លោរ ឬក្លាយជាអ្នកដែល​គេត្រូវការសំខាន់បំផុតក្នុងចំណោម​អ្នករាល់គ្នាដែលនៅជុំវិញខ្លួនយើង៕