ពេលខ្លះ អ្នកយល់ឃើញថា អ្នកកំពុងតែសម្លឹងទៅលំហដោយងឿងឆ្ងល់ថាតើអ្នកកំពុងចាប់ផ្តើមត្រូវចំណុចដែរឬទេ។ទំនួលខុសត្រូវមានច្រើនណាស់ដែលអ្នកត្រូវគិតដល់ តែអ្នកអាចបង្រួមការទទួលខុសត្រូវនោះមកជាចំនុច៦តូចៗ ដែលអាចរំឮក ពីកាតព្វកិច្ចសំខាន់ៗ នៅក្នុងក្រុមហ៊ុនត្រឹមរយៈពេលខ្លី ដូចខាងក្រោម៖
១. លំហូរសាច់ប្រាក់
ប្រសិនបើអស់ប្រាក់ សាជីវកម្មអ្នកនឹងដួល។វាគឺជាការងាររបស់នាយកប្រតិបត្តិ ក្នុងការគ្រប់គ្រងចំណូល ចំណាយ និងរកហិរញ្ញប្បទានពីខាងក្រៅដើម្បីរក្សាភាពរីកចម្រើនទៅមុខរបស់អាជីវកម្ម។
ការត្រៀមខ្លួនជាមុនដើម្បី គ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពគឺជាវប្បធម៌នៃសាជីវកម្ម ដែលដឹកនាំដោយតារាងមេទ្រិចដ៏រឹងមាំមួយ។ ដោយគ្មានតារាងមេទ្រិចដែលអាចទុកចិត្តបានពីគ្រប់ជ្រុងជ្រោងនោះទេ នាយកប្រតិបត្តិ នឹងមិនដឹងអំពីវិធីដ៏ត្រឹមត្រូវដែលប៉ះពាល់ដល់ចំណូលនិងចំណាយឡើយ ហើយគេមិនដឹងពីឪកាសដែលអាចរីកចំរើនបានឡើយ។
២. ចក្ខុវិស័យនៃផលិតផល
អ្នកមានទំនួលខុសត្រូវខ្ពស់ ក្នងុការកំណត់ចក្ខុវិស័យនៃផលិតផលក្នុងក្រុមហ៊ុនអោយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួបពិភាក្សាជាមួយអតិថិជនជាដើម។ ការរៀបចំកិច្ចប្រជុំជារៀងរាល់ខែគឺជាការរៀបចំដ៏ល្អ ដើម្បីរឹឮកដល់ក្រុមការងារឲ្យអំពីអ្វីដែលអ្នកកំពុងតែធ្វើ។ចូរចងចាំថា ភាគច្រើនពេលដែលបុគ្កលិកពេញចិត្តនិងការងារ គឺដោយសារ គេដឹងថា ការងាររបស់ពួកគេនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់គោលបំណងក្រុម។
៣. ការពង្រឹងសាមគ្គីភាពនៃក្រុមការងារ
ប្រសិនគ្មានកាពីទែនពូកែ ដើម្បីកាន់កាប់ចង្កូតកប៉ាល់ទេនោះយើងមានឱកាសតិចតួចណាស់ដែលអាចបន្តការធ្វើដំណើរ ទៅដល់គោលដៅដែលចង់បាន។
នាយកប្រតិបត្តិដ៏ល្អម្នាក់តែងតែសួរថាតើ ដាក់មនុស្សត្រូវតាមតួនាទីហើយឬនៅ។តើមានតួនាទីណាមួយដែលត្រូវរៀបចំឡើងវិញដែរឬទេ? តើមានទង្វើមិនល្អរបស់សមាជិកណាម្នាក់ ដែលកំពុងតែប៉ះពាល់ដល់ការអនុវត្តរបស់សមាជិកផ្សេងទៀតនៅក្នុងក្រុមការងារដែរឬទេ?តើអ្នកទាំងនោះចូលចិត្តការងាររបស់ពួកគេដែរឬទេ?តើយើងចាំបាច់ត្រូវមានកន្លែងដែលមានសុវត្ថិភាពមួយសម្រាប់ការពង្រឹងសាមគ្គីភាពនៃក្រុមការងារសាជីវកម្មនៅពេលធ្វើការងារលំបាកដែរឬទេ?តើយើងចាំបាច់ត្រូវបង្កើតការងារថ្មីៗសម្រាប់បំពេញកង្វះខាងដែរឬទេ?
ការពង្រឹងប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមការងារគឺជាសកម្មភាពដ៏លំបាកមួយប៉ុន្តែវាផ្តល់មកវិញនូវការតបស្នងដ៏ធំធេងពីព្រោះអ្នកបានដាក់បុគ្គលបានត្រឹមត្រូវ ។
៤. ការគ្រប់គ្រងវិនិយោគិន
នៅពេលដែលអ្នកចាប់ផ្តើមយកដើមទុនពីខាងក្រៅជាលើកដំបូងនៅរំពេចនោះ អ្នកមានថៅកែថ្មីម្នាក់៖ ម្ចាស់ភាគហ៊ុនរបស់អ្នក។វានឹងកាន់តែលំបាកឡើយនៅពេលដែលអ្នកបន្តបង្កើនដើមទុននៅក្នុងអាជីវកម្មរបស់អ្នក។ការបន្តផ្តល់ព័ត៌មាន និងជំនួយដល់វិនិយោគិនរបស់អ្នក និងធ្វើឲ្យពួកគេរីករាយគឺជាកិច្ចការដែលបន្ទាបខ្លួនដែលនាយកប្រតិបត្តិអាចធ្វើដើម្បីពង្រឹងឱកាសនៃភាពជោគជ័យរបស់ពួកគេ។
នាយកប្រតិបត្តិដ៏ល្អម្នាក់ដឹងអំពីពេលដែលត្រឹមត្រូវនិងលក្ខណៈនៃការធ្វើបច្ចុប្បន្នភាពយ៉ាងត្រឹមត្រូវសម្រាប់បញ្ជូនទៅកាន់វិនិយោគិន ។ គេមានបញ្ជីរៀបរាប់អំពីជំនាញនានារបស់វិនិយោគិនគ្រប់រូបដូច្នេះគេអាចចងចាំថាគាត់អាចស្នើសុំជំនួយពីអ្នកណានៅពេលត្រឹមត្រូវ។ គេមិនបណ្តោយឲ្យរយៈពេលជាច្រើនខែកន្លងទៅដោយមិនបានហៅទូរសព្ទម្ដងទៅវិនិយោគិនឡើយ។
ការទទួលបានការគោរពនិងចំណាប់អារម្មណ៍ពីវិនិយោគិន អាចបង្កើតអោយមានការគាំទ្រវត្តមាន របស់អ្នកហើយពួកគេនឹងអាចជាភ្នាក់ងារលក់ ប្រសិនបើយើងអាចទាក់ទាញចិត្តរបស់គេបាន។
៥. ការគ្រប់គ្រងកេរ្ដិ៍ឈ្មោះ
ការបង្កើត និងថែរក្សាម៉ាកសញ្ញាដ៏រឹងមាំទាំងដើម្បីខ្លួនអ្នកផ្ទាល់ និងដើម្បីក្រុមហ៊ុន គឺជាសកម្មភាពគ្រប់គ្រងគំនិតនៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងទំនាក់ទំនង។ សកម្មភាពទាំងនេះ ងាយស្រួលនឹងត្រូវបានគេអើពើប៉ុន្តែវាអាចជួយបង្កើនភាពអាចជឿទុកចិត្តលើអ្នកបាននៅក្នុងខ្សែភ្នែកនៃទីផ្សារក្រុមហ៊ុន។
អាចសម្រេចថាតើម៉ាកសញ្ញាណាមួយដែលអ្នកមានបំណងបង្កើតឡើងហើយតើអ្នកនឹងបន្តប្រកាន់ខ្ជាប់នូវម៉ាកសញ្ញានោះប្រកបដោយទំនុកចិត្តដល់កម្រិតណា។ មិនយូរមិនឆាប់ពេលវេលាដែលអ្នកបានចំណាយដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះ និងបង្កើនការវិនិយោគផ្ទាល់ខ្លួនគឺជាការវិនិយោគដ៏មានតម្លៃ។
៦. ការអភិវឌ្ឍសាជីវកម្ម
នៅពេលអ្នកកំពុងឈ្ងោកមុខធ្វើការងារលើផលិតផលនិងក្រុមការងាររបស់អ្នក វាអាចងាយស្រួលនឹងបំភ្លេចអំពីការគ្រប់គ្រងទីកន្លែង ដែលក្រុមហ៊ុនឈរនៅក្នុងឧស្សាហកម្ម។អ្នកអាចទទួលបានឱកាសជាច្រើន លុះត្រាតែអ្នកមានការទំនាក់ទំនងដ៏ត្រឹមត្រូវ។ ឧទាហរណ៍៖តើអ្នកគួរបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនដទៃទៀតនៅក្នុងមជ្ឈដ្ឋានរបស់អ្នកដែរឬទេ? រៀបចំសម្រាប់ការទិញយកក្រុមហ៊ុនក្នុងពេលខាងមុខ?តើអ្នកគួរស្វែងរកឱកាសអភិវឌ្ឍតូចតាចដោយខ្លួនអ្នកផ្ទាល់ដែរឬទេ?
ការបន្តស្រាវជ្រាវ និងទំនាក់ទំនងជាមួយមនុស្សសំខាន់ៗនៅក្នុងទីផ្សារនឹងអាចជួយអ្នកត្រួសត្រាយផ្លូវដើម្បីដើរទៅរកផ្លូវចេញដ៏ជោគជ័យ។ ការមានទំនាក់ទំនងកាន់តែច្រើនជាមួយតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មរបស់អ្នករួមទាំងក្រុមហ៊ុនធំៗ ការិយាល័យច្បាប់ និងភា្នក់ងារវិនិយោគទុន(VCs)អ្នកនឹងអាចទទួលបានភាពជោគជ័យកាន់តែខ្លាំងនៅក្នុងការនាំផ្លូវខ្លួនអ្នកទៅកាន់ច្រកចេញណាមួយ៕