ដោយផ្អែកទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ អត្ថន័យនៃការិយាល័យនេះគឺជាកន្លែងដែលផ្តល់សេវាកម្មរដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឱ្យបានទាន់ពេលវេលាមានតម្លាភាព និងតាមនីតិវិធីសាមញ្ញ។
ការិយាល័យច្រកចេញចូលតែមួយ ក៏ជាកន្លែងប្រមូលផ្តុំសេវាកម្ម និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយហើយជាកន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវាសាធារណៈផ្សេងៗ និងការបង់កម្រៃសេវាកម្ម ឬអាករផ្សេងៗ។
ការិយាល័យច្រកចេញចូលតែមួយត្រូវបានបង្កើតនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ហើយដោយភ្ជាប់នឹងគោលបំណងសំខាន់ៗដូចជា៖
១.លើកកំពស់គោលការណ៍អភិបាលកិច្ចល្អការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុងស្រុក ខណ្ឌដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។
-កែលម្អការផ្តល់សេវាសាធារណៈកាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាល។
-លើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តប្រព័ន្ធរដ្ឋបាល។
-បង្កើតរដ្ឋបាលឱ្យនៅកៀកជិតនឹងប្រជាពលរដ្ឋបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពគុណភាព តម្លាភាពឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
រចនាសម្ព័ន្ធការិយាល័យច្រកចេញចូលតែមួយមានដូចជា៖
ផ្នែកជួរមុខ៖មាន៣ក្រុម
ក្រុមទី១៖ ក្រុមទទួលពាក្យ ប្រគល់ឯកសារ និងផ្តល់ព័ត៌មាន
ក្រុមទទួលប្រគល់ឯកសារ និងផ្តល់ព័ត៌មានមានភារកិច្ចដូចខាងក្រោម៖
-បម្រើការជួរមុខទទួលបន្ទុកទទួលឯកសារប្រគល់ឯកសារ និងផ្តល់ព័ត៌មាន
-ត្រួតពិនិត្យរាល់ពាក្យស្នើសុំ និងឯកសារភ្ជាប់ផ្សេងៗ
-ចេញបង្កាន់ដៃទទួលពាក្យ(ករណីសំណុំបែបបទគ្រប់គ្រាន់)
-ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ប្រចាំខែ ប្រចាំត្រីមាសប្រចាំឆមាស និងប្រចាំឆ្នាំ
-ឆ្លើយតបរាល់ព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ
-បែងចែកលិខិតចូលទៅជួរក្រោយតាមវិស័យនីមួយៗ
-ផ្សព្វផ្សាយលិខិតជូនដំណឹង និងលិខិតបទដ្ឋានផ្សេងៗដល់អតិថិជន
-បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានការិយាល័យច្រកចេញចូលតែមួយ។
ក្រុមទី២៖ក្រុមទទួលបន្ទុកការងារនីត្យានុកូលកម្ម
ក្រុមទទួលបន្ទុកការងារនីត្យានុកូលកម្មមានភារកិច្ចដូចខាងក្រោម៖
-បម្រើការជួរមុខទទួលបន្ទុកការងារនីត្យានុកូលកម្មឯកសារ
-ពិនិត្យលើសំណុំឯកសារនានាដែលស្នើសុំធ្វើសេចក្តីបញ្ជាក់ពីរដ្ឋបាលលើឯកសារថតចម្លងនានាតាមគោលការណ៍កំណត់
-លើកយោបល់ជូនប្រធានការិយាល័យច្រកចេញចូលតែមួយអំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងការងារនីត្យានុកូលកម្ម
-ធ្វើការទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាដើម្បីស្វែងរកឯកសារមូលដ្ឋានផ្លូវច្បាប់ពាក់ព័ន្ធនឹងកិច្ចការនីត្យានុកូលកម្ម
-ទំនាក់ទំនងជាមួយប្រជាពលរដ្ឋជម្រាបជូនអំពីព័ត៌មាននានានិងឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋអំពីកិច្ចការដែលខ្លួនទទួលខុសត្រូវ
-រក្សាទុកនូវឯកសារនានាដែលបានធ្វើសេចក្តីបញ្ជាក់ជូនប្រជាពលរដ្ឋរួចហើយ
-ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ប្រចាំខែ ប្រចាំត្រីមាសប្រចាំឆមាស និងប្រចាំឆ្នាំបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានការិយាល័យច្រកចេញចូលតែមួយ។
ក្រុមទី៣៖ក្រុមទទួលបន្ទុកការងារបេឡា
ក្រុមទទួលបន្ទុកការងារបេឡាមានភារកិច្ចដូចខាងក្រោម៖
-ទទួលកម្រៃសេវាកម្មរដ្ឋបាលពីអតិថិជនតាមគោលការណ៍កំណត់ថែរក្សាបញ្ជីប្រមូលថ្លៃសេវាទាំងអស់និងឯកសារពាក់ព័ន្ធ
-ចេញបង្កាន់ដៃបង់ប្រាក់ជូនអតិថិជន
-ធ្វើរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពថវិកាសរុបរបាយការណ៍ប្រចាំសប្តាហ៍ប្រចាំខែ ប្រចាំត្រីមាសប្រចាំឆមាស និងប្រចាំឆ្នាំ
-បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានការិយាល័យច្រកចេញចូលតែមួយ។
**ផ្នែកជួរមុខអាចបញ្ជូនអតិថិជនទៅផ្នែកជួរក្រោយបានតែក្នុងករណីចាំបាច់ដើម្បីឱ្យអតិថិជននោះធ្វើការការពារជាពិសេសនូវទិន្នន័យឯកជនរបស់ខ្លួនតែប៉ុណ្ណោះ។
ផ្នែកជួរមុខមិនត្រូវបញ្ជូនអតិថិជនទៅការិយាល័យជួរក្រោយឡើយប្រសិនបើអតិថិជននោះមិនបានទាមទារធ្វើការការពារជាពិសេសនូវទិន្នន័យឯកជនរបស់ខ្លួន។
-បន្ទាប់ពីទទួលពាក្យស្នើសុំរួចហើយក្រុមទទួលប្រគល់ឯកសារនៃផ្នែកជួរមុខត្រូវបញ្ជូនឯកសារទៅមន្ត្រីភ្នាក់ងារមានសមត្ថកិច្ចមិនឱ្យលើសពី៤ម៉ោង។ បុគ្គលិកដែលទទួលការងារនីមួយៗ ត្រូវតែធានាឱ្យសេវាកម្មទាំងអស់បានអនុវត្តនៅក្នុងកម្រិតខ្ពស់ជានិច្ច។
ផ្នែកជួរក្រោយ
ផ្នែកជួរក្រោយជាផ្នែកដែលទទួលរ៉ាប់រងសេវាដែលមាននីតិវិធីរដ្ឋបាលស្មុគស្មាញ និងសាំញ៉ាំ ឬនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលាដើម្បីពិនិត្យបច្ចេកទេសនិងត្រូវសម្រេចបញ្ចប់ដោយផ្នែកជួរក្រោយ ឬតម្រូវឱ្យសេវានោះត្រូវសម្រេចឬបញ្ចប់ដោយសហការរវាងការិយាល័យច្រកចេញចូលតែមួយជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលស្រុកក្នុងរយៈពេលមួយកំណត់ ហើយការិយាល័យជំនាញនានានឹងត្រូវបំពេញមុខងារជាអង្គភាពជួរក្រោយ៕
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ