ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ គឺមាននីតិវិធីពីរគឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឱ្យឈ្មោះថាការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗ តាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគេហៅថាការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លីដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។
នីតិវិធីនៃការចុះបញ្ជីលក្ខណៈប្រព័ន្ធត្រូវបានចែកចេញជា៥ដំណាក់កាលសំខាន់ៗមានដូចជា៖
ដំណាក់កាលទី១៖ អំពីការរៀបចំ
អភិបាលខេត្តក្រុង ជាអ្នកប្រកាសតំបន់ដែលក្រុមមន្រ្តីចុះបញ្ជីដីធ្លីត្រូវធ្វើការកំណត់វាស់វែងព្រំដីនិងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមកអភិបាលខេត្តត្រូវធ្វើការប្រជុំវិនិច្ឆ័យដោយផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋានយ៉ាងតិច ១៥ថ្ងៃ និងសាធារណជនយ៉ាងតិច៧ថ្ងៃមុនការប្រជុំ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ(មាត្រា៦នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី)
ដំណាក់កាលទី២៖ អំពីប្រតិបត្តិការបច្ចេកទេស
១. ការងារវាលក្រុមមន្រ្តីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដីវាស់វែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភស្តុតាងផ្សេងៗជាលក្ខណៈរូបជាលាយលក្ខណ៍អក្សរ ឬចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។
២. ការងារនៅការិយាល័យប្រសិនបើមិនមានទំនាស់ក្នុងការកំណត់ព្រំដីនោះទេទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រដើម្បីកសាងប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។ (មាត្រា៧.៨.៩នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី)
ដំណាក់កាលទី៣៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
អាជ្ញាធរខេត្តក្រុងត្រូវប្រកាសផ្សាយជាសាធារណៈអំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល៣០ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេគណៈកម្មការរដ្ឋបាលត្រូវផ្តល់ការយល់ព្រមលើឯកសារនៃការវិនិច្ឆ័យទាំងនោះ។ បន្ទាប់មកទៀតគណៈកម្មការរដ្ឋបាលត្រូវបញ្ជូនឯកសារ នៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្តក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់។
ប្រសិនបើមានការជំទាស់ ឬការតវ៉ាសាមីជនអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដីដើម្បីដោះស្រាយតាមនីតិវិធីដែលបានកំណត់។ (មាត្រា៣.១១,១៣នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី)
ដំណាក់កាលទី៤៖ អំពីការសម្រេចលើឯកសារ
ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈអភិបាលខេត្ត ក្រុងនិងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យហើយឯកសារនោះ នឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។(មាត្រា១៤នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោល បញ្ជីដីធ្លី)។
ដំណាក់កាលទី៥៖ អំពីការចេញប័ណ្ណ
នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដីដើម្បីចុះបញ្ជី ចេញប័ណ្ណ។
ប្រភព៖ទំព័រ CambodiaLaws និងវិទ្យុបារាំង RFI