ប្លង់ប្រើប្រាស់ដីធ្លី និងសំណង់ ត្រូវរៀបចំឡើងសំរាប់រាជធានី ខេត្ត ក្រុងទូទាំងប្រទេស។ មាត្រា៧ស្តីពីការរៀបចំដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាប្លង់ប្រើប្រាស់ដីធ្លី និងសំណង់ ត្រូវបានបញ្ជាក់ច្បាស់លាស់អំពីតំបន់ដែលត្រូវប្រើប្រាស់សំរាប់តំបន់ហាមឃាត់ តំបន់សំរាប់កសិកម្ម សំរាប់ពាណិជ្ជកម្ម សំរាប់ឧស្សាហកម្មសំរាប់ សិប្បកម្ម សំរាប់វប្បធម៌ សំរាប់ទេសចរណ៍ សំរាប់សាសនា ព្រមទាំងសំរាប់សំណង់រដ្ឋបាល និងបរិក្ខាសាធារណៈ។ ប្លង់នេះកំណត់ផងដែរនូវ លទ្ធភាពសំរាប់សាងសង់ ។
ប្លង់ប្រើប្រាស់ដីធ្លី និងសំណង់សំរាប់រាជធានី និងខត្ត ក្រុងនីមួយៗត្រូវមានការទទួលយល់ព្រមពីគណៈកម្មាធិការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់រាជធានី ឬអនុគណៈកម្មាធិការការជាតិរៀបទឹកដីនគរូបនីយកម្ម និងសំណង់ទៀត។ ប្លង់ទាំងអស់ត្រូវមានការទទួលស្គាល់ពីឯកជន ក៏ដូចជាអាជ្ញាធរសាធារណៈ។
រាជរដ្ឋាភិបាលបានរៀបចំបទបញ្ញត្តិពិសេស និងសេវាភាពនគរូបនីយកម្ម ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋាន ឬអចលនវត្ថុណាដែលនឹងផ្តល់នូវអត្ថប្រយោជន៍ខាងផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ សោភ័ណភាព ឬបច្ចេកទស។ រមណីយដ្ឋានទាំងនោះនឹងកំណត់ដោយអនុក្រឹត្យ។ ការរុះរើ ការផ្លាស់ប្តូរទ្រង់ទ្រាយ និងការគ្រប់គ្រងអចលនវត្ថុ និងរមណីយដ្ឋានទាំងនោះ ត្រូវកំណត់ដោយច្បាប់ស្តីពីការការពារបេតិកភណ្ឌ ។
បទបញ្ញត្តិពិសេស និងសវាភាពនគរូបនីយកម្ម ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋាន ឬអចលនវត្ថុដែលផ្តល់ផលប្រយោជន៍ដល់ផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ សោភ័ណភាព ឬបច្ចេកទេសត្រូវចារឹកក្នុងប្លង់គោលរៀបចំទឹកដីនគរូបនីយកម្ម និងអភិវឌ្ឍន៍ និងចារឹកក្នុងប្លង់ប្រើប្រាស់ដីធ្លី និងសំណង់។
រាជរដ្ឋាភិបាលកំណត់នូវអនុក្រឹត្យនូវបញ្ជីអចលនវត្ថុដែលមានប្រយោជន៍ដល់ផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ សោភ័ណភាព និងបច្ចេកទេស ដើម្បីធានាការគ្រប់គ្រងអចលនវត្ថុទាំងនេះតាមបញ្ញត្តិច្បាប់ស្តីពីការការពារបតិកភ័ណ្ឌផងដែរ៕