សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាក្យ​​ខ្មែរ​លោក​​ថា "​អ្នក​ជិត​​ខាងភូមិ​ផង របង​ជា​មួយ​"ត្រូវ​ចេះ​រាប់​អានអធ្យាស្រ័យ​គ្នា និង​ចេះ​ជួយ​យក​អាសារ​គ្នា។ ប៉ុន្តែ​ពេល​ខ្លះ សូម្បី​រឿង​"របង​ជា​មួយ​" នេះ​ក៏​អាច​បង្ក​ជា​ជម្លោះ​ដែរ​។ច្បាប់​ភូមិ​បាល​​ខ្មែរ និង​​ក្រម​រដ្ឋ​ប្បវេណី​ថ្មីដែល​ទើប​នឹង​ចូល​ជា​ធរមាននា​ពេល​ថ្មី​ៗ​នេះមាន​ចែង​អំពី​វិធានដែល​ត្រូវ​អនុវត្ត​ ដើម្បី​បង្ការនិង​ដោះ​ស្រាយ​វិវាទ​។

.តាម​ច្បាប់របង​ដែល​ធ្វើ​ពី​លើ​ព្រំ​ប្រទល់​ដី​៖ តើ​ត្រូវ​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ណាអ្នក​ណា​ជា​អ្នក​ទទួល​បន្ទុក​សាង​សង់ថែ​ទាំ និង​ជួស​ជុល​របង​ហ្នឹង​?

ជា​គោល​ការណ៍​កំពែង (រួម​មាន​ទាំង​របង​ផង) ដែល​នៅ​ត្រង់​ព្រំ​ប្រទល់​ដីគឺ​ជា​កម្ម​សិទ្ធិ​រួម​របស់​ម្ចាស់​ដី​ទាំង​សង​ខាង (តាម​ភាសា​ច្បាប់​គេ​ហៅ​ថារបង​អឌ្ឍសិទ្ធិ)។ ករណី​នេះម្ចាស់​ដី​ទាំង​សង​ខាង​ត្រូវ​​ទទួល​បន្ទុក​ចំណាយ​ក្នុង​ការ​សង់ជួស​ជុល ថែ​ទាំ ចាត់​ចែងនិង​ប្រើ​ប្រាស់​របង​នេះ​រួម​គ្នា។ មាត្រា​ ២២៣ ​នៃ​ក្រម​រដ្ឋ​ប្បវេណី​៖"កំពែង​ទាំង​អស់​ដែល​នៅ​ត្រង់​ព្រំ​ខ័ណ្ឌ​អចលន​វត្ថុត្រូវ​សន្មត់​ថាជា​វត្ថុ​អឌ្ឍ​សិទ្ធិ​របស់​កម្ម​សិទ្ធិ​ករ​នៃ​អចលន​វត្ថុ​នី​មួយ​​"។ ម្ចាស់​ដី​ម្ខាង​អាច​ដក​ខ្លួន​ពី​ការ​ទទួល​បន្ទុក​ចំណាយ​ខាង​លើ​នេះ​បាន ក៏​​ប៉ុន្តែ​ត្រូវ​បោះ​បង់​អឌ្ឍ​សិទ្ធិ​របស់​ខ្លួន(មាត្រា​២២៤)។ ក្នុង​ករណី​នេះ ម្ចាស់​ដី​ម្ខាង​ទៀត​ដែល​ជា​អ្នក​ទទួល​បន្ទុក​ចំណាយ​តែ​ម្នាក់​ឯងលើ​ការ​សាង​សង់ ជួស​ជុល និង​ថែ​ទាំ​របងគឺ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដោយ​ផ្តាច់​​មុខ​​លើ​របង​នេះ។ គាត់​អាច​ប្រើ​ប្រាស់ កែ​ប្រែ ​ឬ​រុះរើ​របង​នេះបាន​ដោយ​មិន​ចាំ​បាច់​មាន​​ការ​​ឯកភាព​ពី​ម្ចាស់​​ដី​ម្ខាង​ទៀត​ទេ។

.នៅ​ក្នុង​ករណី​នេះ តើ​ម្ចាស់​ដី​ម្ខាង​អាច​ជំទាស់​មិន​ឱ្យ​ម្ចាស់​ដី​ម្ខាង​ទៀតសង់​របង​នៅ​លើ​ព្រំ​ដី​បាន​ដែរ​​ឬ​ទេ?

បើ​សិន​ជា​របង​នេះសង់​ត្រឹម​តែ​ក្នុង​ដី​គេ ឬ​ត្រឹម​តែ​ពី​លើ​ព្រំ​ប្រទល់​ដីដោយ​មិ​ន​មាន​លយ​ចូល​មក​ក្នុង​ដី​របស់​គាត់​ទេ​ម្ចាស់​ដី​ជិត​ខាង​នេះ​​មិន​អាច​ជំទាស់​នឹង​ការ​សាង​សង់​នេះ​បាន​ទេ។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​ការ​សាង​សង់​ថែ​ទាំ ឬ​ជួស​ជុល​​របង​នេះម្ចាស់​របង​មាន​សិទ្ធិ​​ទាម​ទារ​ប្រើ​ដី​អ្នក​ជិត​ខាង​ក្នុង​ទំហំ​មួយ​ដែល​ចាំ​បាច់ដោយ​គ្រាន់​តែ​ត្រូវ​សង​​សំណង​ខូច​ខាត​​ទៅ​ម្ចាស់​ដី​ជិត​ខាងបើ​សិន​ជា​មាន​ការ​ខូច​ខាត​អ្វី​មួយ (ដូច​ជាបាក់​ដី ខូង​ដី​ បាក់​ដើម​ឈើ ឬ​​ខូច​ខាត​ដំណាំ​ ជា​ដើម​)។ មាត្រា​ ១៤៣​៖"កម្ម​សិទ្ធិ​ករ​នៃ​ដី​អាច​ទាម​ទារ​ប្រើ​ដី​ដែល​ជាប់​គ្នា​បានក្នុង​ទំហំ​ចាំ​បាច់ដើម្បី​ធ្វើ​របង​ ឬ​សង់​សំណង់ ឬ​ជួស​ជុល​របស់​ទាំង​ពីរ​នេះនៅ​ព្រំ​ប្រទល់​ដីឬ​នៅ​ក្បែរ​ព្រំ​ប្រទល់​នោះ​។ ប្រសិន​បើ​អ្នក​ជិត​ខាង​ទទួល​ការ​ខូច​ខាត​ដោយ​សារ​ការ​សង​សង់ ឬ​ជួស​ជុល​នេះកម្ម​សិទ្ធិ​ករ​នៃ​ដី​ត្រូវ​បង់​ប្រាក់​សំណង"។

Image

ក្នុង​ករណី​ដែល​របង​សង់​រួច​រាល់​ហើយ តើ​ម្ចាស់​ដី​ជិត​ខាងដែល​មិន​បាន​សហការ​សង់អាច​ទាម​ទារ​ឱ្យ​ដាក់​របង​នេះ​ជា​កម្ម​សិទ្ធិ​រួម​វិញ​បាន​ដែរ​ឬ​ទេ?

មាត្រា​២២៥​៖" កម្ម​សិទ្ធិ​ករ​ដែល​មាន​អចលន​វត្ថុ​​ជាប់​នឹង​កំពែងក្រៅ​ពី​ជញ្ជាំង ដែល​មិន​មែន​ជា​វត្ថុ​អឌ្ឍ​សិទ្ធិ​មិន​អាច​ទាម​ទារ​ឱ្យ​កម្មសិទ្ធិ​ករ​នៃ​កំពែង​នោះ​ធ្វើ​ជា​វត្ថុ​អឌ្ឍ​សិទ្ធិ​បាន​ឡើយ​"។ ដូច្នេះ​តាម​ន័យ​នេះម្ចាស់​​ដី​ជិត​ខាង ដែល​មិន​បាន​សហការ​សង់​របងមិន​អាច​ទាម​ទារ​ឱ្យ​ដាក់​របង​នេះ​ជា​កម្ម​សិទិ្ធ​រួម​​(វត្ថុ​អឌ្ឍ​សិទ្ធិ​)បាន​ទេ។ វា​ខុស​ពី​ករណី​ជញ្ជាំងឧទាហរណ៍​​ ដូច​ជា​ក្នុង​ករណី​ជញ្ជាំង​ផ្ទះ​ល្វែង​ជា​ដើម​។

ក្នុង​ករណី​នេះប្រសិន​បើ​ម្ចាស់​ដី​ម្ខាង​បាន​សង់​ផ្ទះ​របស់​គាត់​រួច​​ហើយ ដោយ​ជញ្ជាំង​​​​ផ្ទះ​នេះ​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ប្រទល់​ដី។ ក្រោយ​មក​ម្ចាស់​ដី​ម្ខាង​ទៀត​ចង់​សង់​ផ្ទះ​​ល្វែង​មួយ​ដែរ គាត់​អាច​ទាម​ទារ​យក​ជញ្ជាំង​ផ្ទះ​អ្នក​ជិត​ខាង​របស់​គាត់​មក​ធ្វើ​ជា​ជញ្ជាំង​រួម​បាន (មាន​ន័យ​ថា​​ជា​ជញ្ជាំង​អឌ្ឍ​សិទ្ធិ)។ ប៉ុន្តែ​គាត់​ត្រូវ​បង់​ទៅ​ឱ្យ​ម្ចាស់​ជញ្ជាំង​នូវ​ចំណែក​ពាក់​កណ្តាល​នៃ​ថ្លៃ​ជញ្ជាំងបូក​ជា​មួយ​នឹង​ពាក់​កណ្តាល​នៃ​ថ្លៃ​ដី​ដែល​នៅ​ក្រោម​ជញ្ជាំង​នោះ​។ មាត្រា​២២០​៖"កម្ម​សិទ្ធិ​ករ​នៃ​ដី​ដែល​ជាប់​នឹង​ជញ្ជាំងអាច​ធ្វើ​ជញ្ជាំង​​នោះ​​ឱ្យ​ទៅ​ជា​ជញ្ជាំង​​អឌ្ឍ​សិទ្ធិ​បាន ដោយ​ចេញ​ពាក់​កណ្តាល​​នៃ​ថ្លៃ​ជញ្ជាំង​​នោះនិង​ពាក់​កណ្តាល​នៃ​ថ្លៃ​ដី​ដែល​សង់​ជញ្ជាំង​​ពី​លើ​នោះ​"។

និយាយ​ពី​ដើម​ឈើ​ដែល​ដាំ​នៅ​ក្បែរ​​ព្រំ​ដី​វិញ​ដើម​ឈើ ដែល​​ដាំ​នៅ​ក្នុង​ដី​ម្ខាង​ហើយ​​មែក ឬ​ក៏​ឫ​ស​ឈើ​នោះ​ឆ្លង​ទៅ​ដី​ម្ខាង​ទៀត តើ​ម្ចាស់​​ដី​នោះ​មាន​សិទ្ធិ​កាប់​មែកឬ​ឫ​ស​ឈើ​ដែល​ឆ្លង​ទៅ​នោះ​​បាន​ដែរ​ ឬ​ទេ​?

ករណី​នេះម្ចាស់​ដី​ជិត​ខាង​នោះ​អាច​យក​ផល​ពី​មែក​ឈើ​ ឬ​ឫស​ឈើ​​នោះ​ក៏​បាន (​ដូច​ជាអាច​បេះ​ផ្លែ​ពី​មែក​ឈើដែល​ឆ្លង​ចូល​ទៅ​ដី​របស់​គាត់​នោះ​) ហើយ​អាច​កាប់​មែក​ឈើ ឬ​ឫស​ឈើ​ដែល​លយ​ចូល​នោះ​ចោល​ក៏​បាន​។ មាត្រា​១៤២​៖ "នៅ​ពេល​ដែល​មែក​ឈើឬ​ឫស​ឈើ​នៃ​ដី​ជិត​ខាង​បាន​ល​យ​ចូល​មក​ដី​របស់​ខ្លួន​កម្ម​សិទ្ធិ​ករ​នៃ​ដី​អាច​យក​ផល​ពី​មែក​ឈើ ឬ​ឬស​ឈើ​នោះ ឬ​កាប់​មែក​ឈើ ឬ​ឫស​ឈើ​នោះ​បាន​"។ ម្យ៉ាង​ទៀតបើ​សិន​ជា​ដើម​ឈើ​នោះ​ដាំ​ក្បែរ​ព្រំ​ប្រទល់​ដី​ពេកដោយ​មិន​គោរព​តាម​ចម្ងាយ​ដែល​កំណត់​​ដោយ​ច្បាប់ម្ចាស់​ដី​ជិត​ខាង​អាច​ទាម​ទារ​ឱ្យ​ម្ចាស់​ដើម​ឈើកាប់​ដើម​ឈើ​នោះ​ចោល​បាន​។ ចម្ងាយ​ដើម​ឈើ​ពី​ព្រំ​ប្រទល់​ដីដែល​បាន​កំណត់​ក្នុង​មាត្រា​១៥៤នៃ​ក្រម​រដ្ឋ​ប្ប​វេណីគឺ​យ៉ាង​តិច​២ម៉ែត្រពី​ព្រំ​ប្រទល់​​ដីបើ​សិន​ជា​ដើម​ឈើ​នោះ​មាន​កម្ពស់​លើស​ពី​២​ម៉ែត្រ។ មាត្រា​១៥៤​៖"កម្ម​សិទ្ធិ​ករ​នៃ​ដី​មិន​អាច​ដាំ​ដើម​​ឈើគុម្ពោត​ ឬ​ចុល្លព្រឹក្ស​ដែល​មាន​កម្ពស់​លើស​ពី​២​ម៉ែត្រ​ក្នុង​ចម្ងាយ​២​​​ម៉ែត្រពី​ព្រំ​ប្រទល់​ដី​អ្នក​ជិត​ខាង​បាន​ឡើយ​។ ក្នុង​ករណី​ដែល​​ធ្វើ​ផ្ទុយ​ពី​បញ្ញតិ្ត​នេះកម្ម​សិទ្ធិ​ករ​នេះ​មាន​ករណី​យ​កិច្ច​ដក​ចេញតាម​ការ​​ទាម​ទារ​របស់​កម្ម​សិទ្ធិ​ករ​នៃ​ដី​ជិត​ខាង​"។ បញ្ជាក់​ដែរ​ថាឱ្យ​តែ​ដើម​ឈើ​នោះ​​កម្ពស់​លើស​ពី​២​ម៉ែត្រ ហើយ​ដាំ​តិច​​ជាង​២​ម៉ែត្រ​ពី​ព្រំ​ប្រទល់​ដីទោះ​បី​មិន​មាន​មែក​ឈើ ឬ​ក៏​ឫ​ស​ឈើ​លយ​ចូល​ទៅ​ដី​អ្នក​ជិត​ខាង​​ក៏​ដោយក៏​ម្ចាស់​ដី​ជិត​ខាង​អាច​ទាម​ទារ​ឱ្យ​កាប់​ដើម​ឈើ​នោះ​ចោល​បាន​ដែរ។

ចុះ​ចំពោះ​ម្ចាស់​ដី​ដែល​ចង់​ដាំ​ដើម​ឈើ​​នៅ​ពី​លើ​ព្រំ​ប្រទល់​ដី ដើម្បី​ធ្វើ​ជា​របង​​តែ​ម្តងតើ​អាច​ធ្វើ​បាន​ដែរ​ ឬ​ទេ?

អាច​ធ្វើ​ទៅ​បានឱ្យ​តែ​ដើម​ឈើ​​នោះ​មាន​កម្ពស់​មិន​លើស​ពី​២​ម៉ែត្រ​!ប្រសិន​បើ​ដើម​ឈើ​​នោះ​មាន​កម្ពស់​លើស​ពី​២​ម៉ែត្រ​ក៏​ប៉ុន្តែម្ចាស់​ដី​ទាំង​សង​ខាង​ព្រម​ព្រៀង​គ្នា​ឱ្យ​ដាំ​ធ្វើ​ជា​របងគឺ​អាច​​ដាំ​បាន​។ គូស​បញ្ជាក់​ថាគោល​ដៅ​នៃ​ច្បាប់​រដ្ឋ​ប្ប​វេណីមិន​មែន​ចែង​ជា​បម្រាម​ដាច់​ខាត​ទេ ប៉ុន្តែ​ចែង​ ដើម្បី​បង្ការ​និង​ដោះ​ស្រាយ​វិវាទ​។ បើ​សិន​ជា​ម្ចាស់​ដី​ទាំង​សង​ខាង​​រស់​នៅ​សុខ​ស្រួល​នឹង​គ្នាធ្វើ​អ្វី​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នាក៏​​គ្មាន​អ្នក​ណា​មក​ចាប់​បង្ខំ​​ឱ្យ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ប្ប​វេណី​នោះ​ដែរ។ ក៏​ប៉ុន្តែ តែ​កាល​ណា​មាន​វិវាទ​នឹង​គ្នាមិន​អាច​ស្រុះ​ស្រួល​គ្នា​ទេ គេ​ត្រូវ​យក​ច្បាប់​​រដ្ឋ​ប្ប​វេណី​នេះ​មក​ធ្វើ​ជា​គោល​ក្នុង​ការ​ដោះ​ស្រាយ។

ចំពោះ​ដី​បិទ​ជិតដែល​មិន​មាន​ច្រក​ចេញ​ចូល​ទៅ​ផ្លូវ​សាធារណៈ​ តើ​ម្ចាស់​ដី​នោះ​មាន​សិទ្ធិ​ទាម​ទារ​ឱ្យ​ម្ចាស់​​ដី​ដែល​នៅ​ជុំ​វិញ​បើក​ច្រក​ចេញ​ចូល​ទៅ​ផ្លូវ​សាធារណៈ​ដែរ​ ឬ​ទេ?

ទោះ​បី​ជា​ដី​ភូមិ​សម្រាប់​រស់​នៅ​ក៏​ដោយដី​សម្រាប់​ប្រកប​របរ​កសិកម្ម ឬ​​​ឧស្សាហកម្ម​ក៏​ដោយបើ​សិន​ជា​ដី​នោះ​ត្រូវ​ព័ទ្ធ​ជុំ​ជិតមិន​មាន​ច្រក​ចេញ​ចូល​ទៅ​ផ្លូវ​សាធារណៈ​ទេ ឬ​មាន​ដែរប៉ុន្តែ​​ច្រក​ចេញ​ចូល​នោះ​វា​តូច​ចង្អៀត​ពេក ឬ​ក៏​វា​មាន​ឧបសគ្គ​មិន​អាច​ចេញ​ចូលដើម្បី​ប្រើ​ប្រាស់​ដី​នោះសម្រាប់​រស់​នៅ ឬ​សម្រាប់​ធ្វើ​​កសិកម្ម​ ឬ​ឧស្សាហកម្ម​ទេម្ចាស់​ដី​បិទ​ជិត​នោះ​មាន​សិទ្ធិ​​ទាម​ទារ​ឱ្យ​បើក​ច្រក​ចេញ​ចូលឆ្លង​កាត់​ដី​ជិត​ខាង​​បាន​ ប៉ុន្តែ​ត្រូវ​បង់​ប្រាក់​សំណង​ទៅ​តាម​ការ​ខូច​ខាត​ដោយ​សារ​​ការ​ឆ្លង​កាត់​នោះ​។

ការ​បើក​ច្រក​ចេញ​ចូល​នេះត្រូវ​ធ្វើ​នៅ​កន្លែង​ណាដែល​បង្ក​ការ​ខូច​ខាត​តិច​បំផុត​ដល់​ម្ចាស់​ដី​ជិត​ខាងដែល​ត្រូវ​ឆ្លង​កាត់ហើយ​ត្រូវ​បើក​ទៅ​តាម​ទិស​ណាដែល​មាន​ចម្ងាយ​ជិត​បំផុតពី​ដី​បិទ​ជិត ទៅ​​ផ្លូវ​សាធារណៈ​។ មាត្រា​​១៤៤​៖ ១-​ដី​ដែល​ព័ទ្ធ​ជុំ​វិញ​​ដោយ​ដី​របស់​អ្នក​ដទៃហើយ​គ្មាន​ច្រក​ចេញ​ទៅ​ផ្លូវ​សាធារណៈ​ និង​ដី​ដែល​មាន​ច្រក​ចេញ​នោះមិន​គ្រប់​គ្រាន់​ហើយ​មាន​ឧបសគ្គ​ដ៏​ខ្លាំង​ដើម្បី​ប្រើ​ប្រាស់​ដី​នោះ សម្រាប់​ការ​ធ្វើ​កសិកម្ម​ឬ​ឧស្សាហកម្ម​ហៅ​ថា​ដី​បិទ​ជិត។ ២-កម្ម​សិទ្ធិ​ករ​នៃ​ដី​បិទ​ជិតមាន​សិទ្ធិ​ស្នើ​សុំ​ឆ្លង​កាត់​ដី​អ្នក​ជិត​ខាង​បានដោយ​បង់​ប្រាក់​សំណង​តាម​ការ​ខូច​ខាត​ដោយ​សារ​ការ​​ឆ្លង​កាត់​នោះ​។ ៣-ជា​គោល​ការណ៍​សិទ្ធិ​ឆ្លង​កាត់​នេះត្រូវ​រៀប​ចំ​តាម​ទិស ​ឬ​ផ្លូវ​ដែល​មាន​ចម្ងាយ​ជិត​បំផុតពី​ដី​បិទ​ជិត ទៅ​ផ្លូវ​សាធារណៈ​។ ទោះ​បី​​ជា​មា​ន​បញ្ញត្តិ​នៃ​វាក្យ​ខណ្ឌ​ទី​១ នៃ​កថា​ខណ្ឌ​​នេះ​ក៏​ដោយសិទ្ធិ​ឆ្លង​កាត់​នោះ​ត្រូវ​តែ​រៀប​ចំ​នៅ​កន្លែង​ណា ​ដែល​មាន​ការ​ខូច​ខាត​តិច​បំផុត​សម្រាប់​កម្ម​សិទ្ធិ​ករ​នៃ​ដី​ដែល​ទទួល​បន្ទុក​​ឱ្យ​ឆ្លង​កាត់​នោះ​"។

តើ​ម្ចាស់​ដី​លើ​មាន​សិទ្ធិ​ធ្វើ​ទំនប់​ទប់​ទឹក​មិន​ឱ្យ​ហូរ​ទៅ​ដី​ក្រោម​ដែរ ​ឬ​ទេ?

ម្ចាស់​ដី​ដែល​​នៅ​ជាប់​នឹង​ផ្លូវ​ទឹក​ហូរមិន​អាច​ធ្វើ​ទំនប់​ទប់​ទឹក​នេះ​ប្រើ​តែ​ម្នាក់​ឯង​បាន​ទេ។ គាត់​មាន​ករណី​យ​កិច្ច​ទុក​ឱ្យ​ទឹក​ហូរ​ទៅ​ដី​អ្នក​ជិត​ខាង​ដែល​នៅ​ខាង​ក្រោមទៅ​តាម​តម្រូវ​ការ​សម្រាប់​​ប្រកប​របរ​កសិកម្ម​។ ហើយ​ម្ចាស់​ដី​ក្រោមដែល​នៅ​ជាប់​នេះក៏​ត្រូវ​មាន​ករណី​យ​កិច្ច​​ដូច​គ្នា​អីចឹង​ដែរចំពោះ​ម្ចាស់​ដី​ដែល​នៅ​បន្ទាប់​ៗ​ទៅ​ទៀត​។ ករណី​មិន​មាន​ផ្លូវ​នាំ​ទឹក​ពី​ប្រភព​ទឹក​ធម្មជាតិ​​ទៅ​ដី​ក្រោម​។ ឧទាហរណ៍​ថា​នៅ​ខាង​លើ​មាន​បឹង​ធម្មជាតិ​មួយ។ ម្ចាស់​ដី​នៅ​​ខាង​ក្រោម​​ត្រូវ​ការ​ទឹកដើម្បី​ធ្វើ​ស្រែ​ ឬ​ធ្វើ​ចម្ការ​ក៏​ប៉ុន្តែ​ មិន​មាន​ប្រឡាយ​ ឬ​ផ្លូវ​​ទឹក​ណា​មួយ​នាំ​ទឹក​ពី​បឹង​នោះ​មក​ដី​គាត់​ទេ។ ហើយ​នៅ​ចន្លោះ​ពី​បឹង​​មក​ដី​របស់​គាត់សុទ្ធ​តែ​ជា​ដី​របស់​ម្ចាស់​ផ្សេង​។ ក្នុង​ករណី​នេះ ម្ចាស់​ដី​ក្រោម​អាច​ទាម​ទារ​សុំ​ធ្វើ​ប្រឡាយ ឬ​ផ្លូវ​ទឹក​ផ្សេង​ទៀតឆ្លង​កាត់​ដី​លើ​នេះ​បាន ដើម្បី​យក​ទឹក​ពី​បឹង​មក​ប្រើ​ប្រាស់ ប៉ុន្តែត្រូវ​បង់​ប្រាក់​សំណង​ខូច​ខាត​ដល់​ម្ចាស់​ដី​លើ​ដែល​ត្រូវ​ឆ្លង​កាត់​។

មាត្រា​១៤៧​៖ "កម្ម​សិទ្ធិ​ករ​នៃ​ដី​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ទឹក​ហូរមាន​ករណី​យ​កិច្ច​ទុក​​ឱ្យ​ទឹក​ហូរ​ទៅ​លើ​ដី​អ្នក​ជិត​ខាង​តាម​តម្រូវ​ការ​នៃ​កសិកម្ម​ហើយ​កម្ម​សិទ្ធិ​ករ​នៃ​ដី​ជិត​ខាង​ក៏​មាន​ករណីយ​កិច្ច​ដូច​គ្នា​ដែរដោយ​យោគ​យល់​ចំពោះ​ដី​ដែល​នៅ​ឆ្ងាយ​ទៀត​​"។

មាត្រា​១៤៨​៖ "កម្ម​សិទ្ធិ​ករ​ដែល​ចង់​​ឱ្យ​ទឹក​ដែល​ខ្លួន​​មាន​សិទ្ធិ​ប្រើ​ប្រាស់​ដើម្បី​ស្រោច​ស្រព​ដី​របស់​ខ្លួន​អាច​ធ្វើ និង​រក្សា​ទុក​នូវ​ផ្លូវ​ទឹក​ឆ្លង​កាត់​ដី​ដែល​ស្ថិត​នៅ​ចន្លោះ​​ប្រភព​ទឹក​និង​ដី​របស់​ខ្លួន​បាន ដោយ​បង់​ប្រាក់​សំណង​នៃ​ការ​ខូច​ខាត​ដល់​កម្ម​សិទ្ធិ​ករនៃ​ដី​ដែល​ត្រូវ​ឆ្លង​កាត់​នោះ​"។ នៅ​ក្នុង​ករណី​មាន​ទឹក​​ពី​ធម្មជាតិ​ច្រើន​ហួស​ពី​តម្រូវ​ការ(ដែល​អាច​បណ្តាល​ឱ្យ​ជន​លិច​ដី​) ម្ចាស់​ដី​ក្រោម​មាន​ករណីយ​កិច្ច​ទទួល​ទឹក​ហូរ​តាម​ធម្មជាតិ​ពី​ដី​លើដោយ​មិន​អាច​ធ្វើ​ទំនប់ ​ឬ​ក៏​លើក​ភ្លឺ ទប់​ទឹក​មិន​ឱ្យ​ហូរបណ្តាល​ឱ្យ​ទឹក​ចាល់​ជន់​លិច​ដី​លើ​បាន​ទេ។ ម្ចាស់​ដី​លើ​ក៏​មិន​អាច​ជីក​ប្រឡាយ​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឱ្យ​លើស​ពី​លក្ខណៈ​ធម្មជាតិដើម្បី​បណ្តោះ​ទឹក​ពី​ដី​របស់​ខ្លួន​ឱ្យ​ហូរ​ទៅ​ជន់​លិច​ដី​ខាង​ក្រោម​បាន​ដែរ គឺ​ត្រូវ​ទុក​​ឱ្យ​ទឹក​ហូរ​ទៅ​តាម​ធម្មជាតិ​៕​

ប្រភព​៖ Mr. That Chantha និងវិទ្យុ​បារាំង​អន្តរជាតិ