ទោះបីជាអ្នក មើលឃើញខ្លួនអ្នកបែបណាក៏ដោយទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ ដរាបណាអ្នកបានជួលបុគ្គលិកជាលើកទីមួយ មានន័យថាអ្នកបានឈានជំហានទីមួយ នៃការក្លាយជាអ្នកដឹកនាំ ដែលពោរពេញដោយថាមពល។
នៅពេលដែលប្រាក់អ្នកមានចំនួនតិចតួច កម្រិតសម្ពាធខ្ពស់ហើយចក្ខុវិស័យចំពោះភាពជោគជ័យ មិនកើតឡើងដូចដែលអ្នកគិតនោះអារម្មណ៍ទាំងនោះនឹងងាយគ្រប់គ្រងលើខ្លួនអ្នកបាន ហើយក៏ដូចជា ក្រុមអ្នកផងដែរ។
ដកដង្ហើមឲ្យស្រួល ទប់អារម្មណ៍ខ្លួនឯង និងរំឮកខ្លួនអ្នកថា អ្នកជាអ្នកដឹកនាំហើយអ្នកចង់ក្លាយជា អ្នកដឹកនាំដ៏ល្អ។ ខាងក្រោមនេះគឺជាគុណភាពមួយចំនួន ដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន និងរៀនបង្កើនគុណភាពទាំងនេះឲ្យបានខ្ពស់។
១. ភាពស្មោះត្រង់
ទោះបីជាផែនការរបស់អ្នក គោរពតាមក្រមសីលធម៌យ៉ាងណាក៏ដោយនៅពេលដែលមានទំនួលខុសត្រូវចំពោះមនុស្សមួយក្រុមសារៈសំខាន់របស់វាក្នុងការបង្កើនតម្លៃនៃភាពជាអ្នកដឹកនាំគឺ កាន់តែខ្លាំងក្លា។អាជីវកម្មអ្នក និងបុគ្គលិកនៅក្នុងអាជីវកម្មនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នកហើយប្រសិនបើយកភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាគុណតម្លៃដ៏សំខាន់នោះ ក្រុមរបស់អ្នកនឹងដើរតាមអ្នក។
២. សមត្ថភាពក្នុងផ្ទេរសិទ្ធិអំណាច
វាមានសារៈសំខាន់ក្នុងការចងចាំថាការទុកចិត្តក្រុមដែលកំពុងធ្វើការងារជាមួយនឹងគំនិតរបស់អ្នក គឺជាសញ្ញាមួយនៃកម្លាំងមិនមែនជាភាពទន់ខ្សោយឡើយ។ ការផ្ទេរសិទ្ធិអំណាចការងារ ទៅឲ្យផ្នែកដែលសមស្រប គឺជាជំនាញដ៏សំខាន់បំផុតមួយដែលអ្នកអាចអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន។
អ៊ីមែល និងការងារនឹងចាប់ផ្តើមមានចំនួនកើនឡើង គដូចជាភ្នំ ហើយប្រសិនបើកាន់តែបន្ទាបខ្លួនអ្នកឲ្យទាបដើម្បីទប់ទល់នឹងទម្ងន់ភ្នំនោះ គុណភាពនៃការងាររបស់អ្នក នឹងកាន់តែធ្លាក់ចុះហើយអ្នកនឹងសម្រេចបានលទ្ធផលកាន់តែតិច។
ចំណុចសំខាន់ក្នុងការផ្ទេរសិទ្ធិអំណាច គឺសម្គាល់អំពីភាពខ្លាំងនៃក្រុមការងារនិងទាញយកប្រយោជន៍ ពីភាពខ្លាំងទាំងនោះ។ស្វែងរកអ្វីដែលសមាជិកម្នាក់ៗនៃក្រុមការងាររបស់អ្នក ចូលចិត្តធ្វើជាងគេ។
ឱកាស គឺប្រសិនបើពួកគេរកឃើញការងារ ដែលពួកគេកាន់តែចូលចិត្តធ្វើនោះពួកគេទំនងជានឹង ផ្តោតចិត្តគំនិត និងខិតខំប្រឹងប្រែង ធ្វើការងារនោះកាន់តែខ្លាំង។ចំណុចនេះមិនត្រឹមតែបញ្ជាក់ឲ្យក្រុមការងាររបស់អ្នកដឹងថា អ្នកទុកចិត្តនិងជឿជាក់លើពួកគេប៉ុណ្ណោះទេប៉ុន្តែវានឹងធ្វើឲ្យអ្នកមានពេលទំនេរកាន់តែច្រើន សម្រាប់ចំណាយទៅលើការងារ ដែលមានកម្រិតខ្ពស់ជាងនេះដែលមិនគួរធ្វើការផ្ទេរសិទ្ធិអំណាចឡើយ។ វាបង្កើតតុល្យភាពដ៏ល្អមួយប៉ុន្តែវាគឺជាតុល្យភាពមួយដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើផលិតភាពនៃអាជីវកម្មរបស់អ្នក។
៣. ការទំនាក់ទំនង
ស្គាល់អំពីអ្វីដែលអ្នកចង់សម្រេចបានអាចមានភាពច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នកប៉ុន្តែប្រសិនបើអ្នកព្យាយាមពន្យល់វាទៅកាន់អ្នកដទៃ ហើយចម្លើយតបមកវិញគឺ គេមិនយល់អ្វីទាំងអស់វិញនោះអ្នកដឹងថាវាមានបញ្ហា។
ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ នោះអ្នកអាចមានបំណង ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងជំនាញ ក្នុងការទំនាក់ទំនង។ លទ្ធភាពក្នុងការបរិយាយយ៉ាងច្បាស់លាស់និងចំចំណុច អំពីអ្វីដែលអ្នកចង់សម្រេចបាន គឺមានសារៈសំខាន់យ៉ាងខ្លាំង។
ប្រសិនបើអ្នកមិនអាចធ្វើឲ្យក្រុមការងារ មានការពាក់ព័ន្ធនឹងចក្ខុវិស័យរបស់អ្នកបានទេនោះអ្នកទាំងអស់គ្នា នឹងមិនអាចធ្វើការងារ ឆ្ពោះទៅកាន់គោលដៅតែមួយបានឡើយ។
ទាំងការបណ្តុះបណ្តាលសមាជិកថ្មី និងទាំងការបង្កើតបរិយាកាសការងារប្រកបដោយផលិតភាព សុទ្ធតែត្រូវពឹងផ្អែកលើបន្ទាត់ទំនាក់ទំនងដ៏ល្អ។ទោះបីជាការទំនាក់ទំនងនោះ ជជែកវែកញែកជាមួយបុគ្គលិករបស់អ្នកជារៀងរាល់ថ្ងៃក៏ដោយការធ្វើឲ្យខ្លួនអ្នក មានភាពទំនេរក្នុងការពិភាក្សាអំពីបញ្ហារវាងការិយាល័យជាច្រើននៅក្នុងអង្គភាពរបស់អ្នកគឺសំខាន់។
ក្រុមការងាររបស់អ្នកនឹងរៀនទុកចិត្ត និងពឹងផ្អែកលើអ្នកហើយពួកគេនឹងកាត់បន្ថយភាពរារែក ក្នុងការខិតខំធ្វើការងារកាន់តែខ្លាំង។
ទឹកចិត្តមានការផ្សារភ្ជាប់ទៅនឹងផលិតភាពហើយវាគឺជាកិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំក្រុមក្នុងការបញ្ចូលថាមពលវិជ្ជមានទៅក្នុងចិត្តរបស់ពួកគេ។ ការលើកទឹកចិត្តឲ្យក្រុមការងាររបស់អ្នកសើចជំនួសឲ្យការយំ នៅពេលដែលពួកគេមានកំហុស។ប្រសិនបើអ្នកបន្តរកឃើញភាពរីករាយនៅក្នុងការលំបាកបរិយាកាសការងាររបស់អ្នកនឹងក្លាយជាសប្បាយរីករាយ និង មានផាសុខភាពជាកន្លែងដែលបុគ្គលិករបស់អ្នកចង់ធ្វើការមិនមែនជាកន្លែងដែលបុគ្គលិករបស់អ្នកមកធ្វើការដោយភាពភ័យខ្លាចនោះទេ។
ស្វែករកការបង្កើតការនិយាយលេងសើចជាមួយក្រុមការងាររបស់អ្នកនិងលើកទឹកចិត្តឲ្យមានការកិច្ចពិភាក្សាផ្ទាល់ខ្លួនអំពីគម្រោងនិងការដើរកំសាន្តនាចុងសប្តាហ៍។ការសម្រាកពីការងាររយៈពេលខ្លីទាំងនេះហើយដែលធ្វើឲ្យជួយរក្សាកម្រិតផលិតភាពឲ្យនៅតែមានកម្រិតខ្ពស់និងរក្សាទឹកចិត្តរបស់បុគ្គលិកបានកាន់តែល្អ។
៤. ទំនុកចិត្ត
អាចមានថ្ងៃមួយណាមួយ នាពេលអនាគត ដែលក្រុមហ៊ុនរបស់អ្នក ជួបប្រទះនឹងបញ្ហាហើយគ្រប់យ៉ាងមិនដំណើរតាមអ្វីដែលបានគ្រោងទុក។ នេះជាការពិតចំពោះអាជីវកម្មមិនចំពោះថាខ្នាតធំ ឬតូចនោះទេ ហើយចំណុចដែលសំខាន់បំផុត មិនមែនជាការតក់ស្លុតនោះទេ។ផ្នែកមួយនៃការងាររបស់អ្នកក្នុងនាមជាអ្នកដឹកនាំម្នាក់ គឺការពន្លត់ភ្លើងនិងរក្សាទំនុកចិត្តរបស់ក្រុមការងារ។
រក្សាកម្រិតនៃភាពជឿជាក់របស់អ្នកនិងបញ្ជាក់ឲ្យមនុស្សគ្រប់រូបដឹងថា ឧបសគ្គ គឺរឿងធម្មជាតិ ហើយអ្វីដែលសំខាន់គឺ ការផ្តោតលើគោលដៅដែលកាន់តែធំ។ក្នុងនាមជាអ្នកដឹកនាំ តាមរយៈ ការសម្រួលអារម្មណ៍ និងការមានទំនុកចិត្តអ្នកនឹងជួយរក្សាទឹកចិត្តក្រុមការងារឲ្យនៅដូចដើម។
ប្រសិនបើអ្នកមិនអាចសម្រួលអារម្មណ៍ខ្លួនឯងបាននោះក្រុមការងាររបស់អ្នកនឹងទទួលយកអារម្មណ៍ បែបនោះពីអ្នក។ គោលបំណងចម្បងគឺធ្វើឲ្យអ្នកគ្រប់គ្នាបន្តធ្វើការ និងដំណើរការទៅមុខជានិច្ច។
៥. ការប្តេជ្ញាចិត្ត
ប្រសិនបើអ្នករំពឹងថា ក្រុមការងាររបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើការនិងសម្រេចបាននូវសមិទ្ធផលដែលមានគុណភាពល្អនោះ អ្នកត្រូវដឹកនាំដោយប្រើសកម្មភាព។ “គ្មានការជំរុញទឹកចិត្តមួយណាមានកម្លាំងជំរុញខ្លាំងជាង ការឃើញចៅហ្វាយនាយរបស់ខ្លួន ធ្វើការប្រកៀកស្មាធ្វើការងារជាមួយអ្នកទេ”ឡើយ ដែលនេះបង្ហាញថា ការខិតខំធ្វើការងារ ត្រូវបានធ្វើឡើងដោយអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់។
តាមរយៈការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុននិងតួនាទីរបស់អ្នក អ្នកនឹងមិនត្រឹមតែទទួលបានមកវិញ នូវការគោរពពីក្រុមការងារប៉ុណ្ណោះទេប៉ុន្តែអ្នកថែមទាំងបញ្ជាក់ថា ថាមពល នៃការខិតខំប្រឹងប្រែងធ្វើការ គឺមានដូចៗគ្នា ក្នុងចំណោមបុគ្គលិកទាំងអស់។វាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញការប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការងារ នៅក្នុងដៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំពោះ ការសន្យា ផងដែរ។
ប្រសិនបើអ្នកសន្យាថា នឹងរៀបចំពិធីជប់លៀងនាថ្ងៃឈប់សម្រាកមួយឬផ្តល់ការឧបត្ថម្ភសម្រាប់ថ្ងៃសុក្រ នារដូវក្តៅ ចូររក្សាពាក្យសម្តីរបស់អ្នក។ អ្នកចង់បង្កើតកេរ្តិ៍ឈ្មោះមួយដែលមិនត្រឹមតែសម្រាប់ការខិតខំ ប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសុក្រិតភាព។
នៅពេលដែលអ្នកបានទទួលការគោរពពីក្រុមការងារពួកគេទំនងជានឹងខិតខំប្រឹងប្រែងធ្វើការងារប្រកបដោយគុណភាព ក្នុងបរិមាណដែលច្រើនបំផុតតាមដែលពួកគេអាចធ្វើបាន។
៦. ឥរិយាបថវិជ្ជមាន
អ្នកមានបំណងបន្តជំរុញទឹកចិត្តក្រុមការងារដើម្បីទៅកាន់ភាពជោគជ័យជាបន្តបន្ទាប់ក្នុងក្រុមហ៊ុននិងបន្តផ្តល់ថាមពលដល់ពួកគេ។ ទោះបីជាសំដៅដល់ការផ្តល់នំចំណី កាហ្វេដំបូន្មានអំពីទំនាក់ទំនង ឬសូម្បីតែការពិសារស្រាបៀរម្តងម្កាលនៅក្នុងការិយាល័យក៏ដោយចូរចងចាំថា អ្នកគ្រប់គ្នានៅក្នុងក្រុម ការងារ គឺជាមនុស្ស។
ចូររក្សាបរិយាកាសដែលមានតុល្យភាពល្អរវាងផលិតភាពនិងភាពរីករាយ។ ប្រសិនបើក្រុមការងារ របស់អ្នកមានអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយម នោះពួកគេនឹងមិនប្រកាន់ធ្វើការបន្ថែមម៉ោងដើម្បីបញ្ចប់របាយការណ៍មួយឬលះបង់ការធ្វើការងារដ៏ល្អបំផុតរបស់ពួកគេដើម្បីម៉ាកសញ្ញានោះទេ។
៧. គំនិតច្នៃប្រឌិត
ការសម្រេចចិត្តមួយចំនួនតែងតែមិនមានភាពដាច់ស្រេចឡើយ។អ្នកអាចត្រូវបានបង្ខំឲ្យចេញឆ្ងាយពីផ្លួវដែលអ្នកបានកំណត់ ហើយធ្វើការសម្រេចចិត្ត ដោយមិនបានត្រៀមខ្លួនជាមុន។នេះគឺជាចំណុចដែលគំនិតច្នៃប្រឌិតរបស់អ្នក នឹងបញ្ជាក់ថាវាមានសារៈសំខាន់។
វាគឺនៅក្នុងអំឡុងពេលនៃស្ថានភាពសំខាន់ៗទាំងនេះហើយដែលក្រុមការងារនឹងមកជួបអ្នក ដើម្បីស្នើសុំ ការណែនាំហើយអ្នកអាចត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបន្ទាន់មួយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់វាមានសារៈសំខាន់ ដែលអ្នកត្រូវរៀនគិតប្រកបដោយគំនិតច្នៃប្រឌិត ហើយធ្វើការជ្រើសរើស រវាងជម្រើសអាក្រក់ៗទាំងពីរថាតើមួយណាជាជម្រើសដ៏ល្អបំផុត។
ចូរកុំជ្រើសរើសយកជម្រើសទីមួយភ្លាមៗឬជម្រើសដែលអ្នកអាចធ្វើទៅបាន ដោយងាយស្រួលបំផុត ពេលខ្លះ វាជារឿងដ៏ល្អបំផុតក្នុងការគិតអំពីបញ្ហាទាំងនេះឲ្យបានច្រើនដង និងងាកទៅស្នើសុំការណែនាំ ពីក្រុមការងាររបស់អ្នក។
តាមរយៈការប្រើប្រាស់ជម្រើសទាំងអស់មុនពេលធ្វើការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ តាមធម្មតាអ្នកនឹងអាចឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដែលអ្នកចង់ឈានទៅដល់។
៨. អព្ភន្តរញ្ញាណ (សមត្ថភាពក្នុងការយល់ដឹងដោយមិនបាច់ពិចារណា)
នៅពេលដឹកនាំមនុស្សមួយក្រុមតាមរយៈខ្សែទឹកដែលមិនស្គាល់ពុំមានផែនទីដែលបង្ហាញផ្លូវដែលអ្នកត្រូវដើរឡើយ គ្រប់យ៉ាងមិនប្រាកដ ហើយនៅពេលហានិភ័យកាន់តែខ្ពស់សម្ពាធក៏កាន់តែខ្ពស់ដែរ។ នោះគឺជាចំណុចដែលត្រូវប្រើប្រាស់សមត្ថភាព ក្នុងការយល់ដឹងអ្វីៗដោយមិនបាច់ពិចារណាដែលអ្នកមានពីធម្មជាតិ។
ការណែនាំក្រុមការងារ តាមរយៈដំណើរការនៃការងារពីមួយថ្ងៃទៅមួយថ្ងៃអាចមានភាពអន់ខ្សោយ ទៅតាមការប្រើប្រាស់ផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែនៅពេលដែលរឿងដែល មិនបានរំពឹងទុកជាមុនកើតឡើងឬនៅពេលដែលអ្នក ត្រូវបង្ខំឲ្យស្ថិតនៅក្នុងសេណារីយ៉ូថ្មីមួយ ក្រុមការងាររបស់អ្នក នឹងមករកអ្នកដើម្បីស្នើសុំការណែនាំ។
ការងាកទៅសម្លឹងមើលបទពិសោធន៍ពីអតីតកាលគឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ដូចជាអ្នកកំពុងស្វែងរក ទីប្រឹក្សា ដើម្បីស្នើសុំការគាំទ្រផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ នៅចុងក្រោយ ការសម្រេចចិត្តដ៏ល្អ ហើយពិបាកនឹងអាស្រ័យលើអ្នក អ្នកនឹងត្រូវសម្រេចចិត្តហើយអ្នកនឹងត្រូវពឹងផ្អែក លើសភាវគតិរបស់អ្នកសម្រាប់ស្វែងរកចម្លើយ។
ការរៀនទុកចិត្តលើខ្លួនឯងគឺជាសំខាន់ ដូចដែលក្រុមការងាររបស់អ្នក រៀនទុកចិត្តអ្នកដែរ។
៩. សមត្ថភាពក្នុងការបំផុសគំនិត
ការបង្កើតអាជីវកម្ម តែងតែរួមបញ្ចូលការទស្សន៍ទាយជាមុនបន្តិចបន្តួចជាពិសេសនៅដំណាក់កាលដំបូងនៃការចាប់ផ្តើម។ ការបំផុសគំនិតក្រុមរបស់អ្នក ឲ្យមើលឃើញចក្ខុវិស័យនៃភាពជោគជ័យដែលនឹងចូលមកដល់ គឺជារឿងសំខាន់។ ធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថាពួកគេបានបណ្តាក់ទុកនៅក្នុងការសម្រេចសមិទ្ធផលនានារបស់ក្រុមហ៊ុន។
សមត្ថភាពក្នុងការបំផុសគំនិតក្រុមការងាររបស់អ្នកគឺអស្ចារ្យ ដោយអ្នកត្រូវផ្តោតលើគោលដៅនាពេលអនាគតប៉ុន្តែការផ្តោតលើបញ្ហាបច្ចុប្បន្នក៏មានសារៈសំខាន់ផងដែរ។នៅពេលដែលជួបប្រទះនឹងការលំបាកនៅក្នុងការងារ កម្លាំងចិត្តក្នុងការធ្វើការនឹងធ្លាក់ចុះហើយកម្រិតនៃថាមពលក៏ចុះខ្សោយ ផងដែរ ចូរទទួលស្គាល់ថាអ្នករាល់គ្នាត្រូវការសម្រាកម្តងម្កាល។ ទទួលស្គាល់ការងារដែលអ្នករាល់គ្នា បានប្តេជ្ញាបានរួមចំណែកធ្វើ និងកោតសរសើរក្រុមការងារ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
វាគឺជាការងាររបស់អ្នកក្នុងការរក្សាស្មារតីក្រុមឲ្យនៅតែខ្ពស់ ហើយវាចាប់ផ្តើមពី ការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ៕