ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែបានអះអាងថា ការមើល និងជ្រើសរើសទីតាំងគឺជារឿងសំខាន់បំផុតនៅក្នុងការប្រកបអាជីវកម្មដីធ្លី ក៏ដូចជាការវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ។ ប្រសិនបើអ្នកជ្រើសរើសទីតាំងបានល្អ អ្នកនឹងទទួលបានចំណេញ ប៉ុន្តែបើជ្រើសរើសទីតាំងខុស នោះការវិនិយោគរបស់អ្នកនឹងជួបភាពបរាជ័យ។ 

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា ទីតាំងគឺជាចំណុចសំខាន់បំផុត នៅក្នុងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ដែលអាចនិយាយបានថា វាជាចំណុចស្លាប់រស់នៅក្នុងអាជីវកម្មមួយនេះ។ 

លោក វិន ឈុនហ៊ាត បានបញ្ជាក់ថា “នៅពេលអ្នកចេះជ្រើសរើសទីតាំងបានល្អ អ្នកនឹងទទួលបានផលចំណេញយ៉ាងច្រើនក្នុងពេលដីខ្លី ងាយស្រួលលក់ ងាយស្រួលបានលុយត្រឡប់មកវិញ ប៉ុន្តែបើអ្នកជ្រើសរើសទីតាំងខុស ក្រៅពីពិបាកក្នុងការលក់ចេញ មានឱកាសទទួលបានប្រាក់ចំណេញត្រឡប់មកវិញក្នុងកម្រិតទាប ថែមទាំងអាចកប់លុយក្នុងរយៈពេលយូរ ដូច្នេះបានន័យថា ទីតាំងគឺជារឿងសំខាន់បំផុត”។ 

ជាមួយនឹងការបញ្ជាក់ពីសារសំខាន់ និងភាពចាំបាច់នៃការចេះជ្រើសរើសទីតាំង លោក វិន ឈុនហ៊ាត ក៏បានបង្ហើបប្រាប់បន្ថែមពីគោលដៅនៃការវិនិយោគដីដែលមានប្រយោជន៍ និងទទួលបានចំណេញផងដែរ។ 

លោកបានបញ្ជាក់ថា មុនពេលសម្រេចចិត្ត ក៏ត្រូវតែមានគោលដៅច្បាស់លាស់ដូចជា

ទី១ ទិញដីយកមកប្រើប្រាស់ដោយផ្ទាល់ ដូចជាការទិញយកមកសាងសង់ជាទីកន្លែងអាហារដ្ឋាន ហាងកាហ្វេ ឬជាបង្កើតជាទីតាំងអាជីវកម្មអ្វីមួយ។ 

ទី២ ទិញដីយកមកអភិវឌ្ឍជាសំណង់ក្នុងកម្រិតណាមួយ ហើយដាក់ជួលដើម្បីទទួលបានចំណូល ដែលចំណូលនេះអាចទទួលបាន២ក្នុងពេលតែមួយ ពោលគឺអាចទទួលបានចំណូលប្រចាំខែ ប្រចាំឆ្នាំ ហើយតម្លៃដីក៏ឡើងថ្លៃ។ 

ទី៣ ទិញទុកសម្រាប់វិនិយោគយកចំណេញនៅពេលអនាគត។ ចំណុចទី៣នេះ គឺអាចធ្វើបានសម្រាប់អ្នកដែលមានចរន្តសាច់ប្រាក់គ្រប់គ្រាន់ ដែលមិនជាប់ពាក់ព័ន្ធទៅនឹងកម្ចីពីធនាគារក្នុងការទិញដីទុកនេះនោះទេ ៕