ទស្សនៈវិស័យគឺជាវត្ថុដ៏គួរឲ្យអស់សំណើចមួយ។ សម្លឹងទៅមុខ ហើយផ្លូវដែលអ្នកដើរហាក់ដូចជាមិន​ច្បាស់លាស់ អនាគតមិនអាចព្យាករណ៍ទុកមុនបានឡើយ។

សម្លឹងមើលខាងក្រោយវិញ ហើយ​អ្វី​ដែលអ្នកបានធ្វើទាំងនោះហាក់ដូចជាទាក់ទងគ្នាលើកលែងតែជម្រើសដែលអ្នកមិនបានធ្វើការ​ជ្រើសរើស និងហានិភ័យដែលអ្នកមិនបានជួបប្រទះ។ នេះគឺជាជម្រើសទាំងដប់ដែលនឹងធ្វើឲ្យអ្នកសោកស្តាយនៅថ្ងៃណាមួយ៖

១. ការជ្រើសរើសយក ការឈឺចាប់ ដោយសារការស្តាយក្រោយនិងគ្មានវិន័យ

ពាក្យអាក្រក់បំផុត ដែលអ្នកអាចនិយាយបាននោះគឺ “ប្រសិនបើខ្ញុំបាន...”

គិតអំពីអ្វីដែលអ្នកធ្លាប់មានបំណងចង់ធ្វើប៉ុន្តែមិនបានធ្វើ ហើយអ្នកបានធ្វើអ្វីជំនួសវិញ? ប្រសិនបើ​អ្នកជាខ្ញុំ អ្នកមិនអាចហៅពេលវេលាឲ្យត្រឡប់ក្រោយបាននោះទេ? អ្វីដែលអ្នកដឹងនោះគឺពេលវេលា​បានកន្លងហួសហើយអ្វីដែលអ្នកបានធ្វើជំនួសនោះគ្មានតម្លៃសូម្បីតែឲ្យអ្នកចងចាំ។

គិតអំពីអ្វីដែលអ្នកធ្លាប់សុបិន្តចង់ធ្វើកាលពីប្រាំឬដប់ឆ្នាំមុន ប៉ុន្តែអ្នកមិនធ្វើនិងគិតថាតើថ្ងៃនេះអ្នកនឹង​មានជីវិតល្អបែបណាប្រសិនបើអ្នកបានធ្វើវានៅថ្ងៃនោះ។ គិតដល់គ្រប់ពេលវេលាទាំងអស់ដែលអ្នក​បានខ្ជះខ្ជាយ និងមិនអាចយកត្រឡប់មកវិញបាន។

បន្ទាប់មក ចាប់ផ្តើមធ្វើវានៅថ្ងៃនេះជំរុញខ្លួនអ្នកឲ្យធ្វើអ្វីដែលអ្នកមានសង្ឃឹមថាអ្នកនឹងធ្វើ... ដូច្នេះ​ប្រាំឬដប់ឆ្នាំក្រោយ អ្នកនឹងមិនក្រឡេកមើលមកអតីតកាលវិញ ដោយភាពសោកស្តាយ។ ប្រាកដណាស់វានឹងមានការលំបាក។ ប្រាកដណាស់ អ្នកនឹងឈឺចាប់។

ប៉ុន្តែវានឹងឈឺចាប់តិចជាង អារម្មណ៍ដែលអ្នកនឹងមាននៅថ្ងៃណាមួយ ដែលអ្នកក្រឡេកមើលមកកាន់អ្វីដែលអ្នកអាចធ្វើបានប៉ុន្តែអ្នកមកបានធ្វើនាពេលអតីតកាល។

២. ការជ្រើសរើសមិនធ្វើជាមនុស្សក្លាហាន

ភាពក្លាហានមិនមានន័យថា អ្នកមិនមានភាពភ័យខ្លាចនោះទេជាក់ស្តែង ភាពភ័យខ្លាចតែងតែកើត​មាន។ ភាពក្លាហានដោយគ្មានការគិតពិចារណាឬគ្មានបំណង តែងតែមិនបានគិតអំពីគ្រោះថ្នាក់​ដែលអាចកើតឡើង។មនុស្សក្លាហានមិនមែនមិនភ័យខ្លាចនោះទេ ប៉ុន្តែពួកគេគ្រាន់តែផ្តល់ភាពសំខាន់ ដល់វត្ថុផ្សេងទៀតច្រើនជាងភាពភ័យខ្លាច។

ប្រសិនបើអ្នកមានភាពភ័យខ្លាច ក្នុងការចាប់ផ្តើមអាជីវកម្មមួយចូរស្វែងរកមូលហេតុមួយដែលមាន​សារៈសំខាន់ខ្លាំងជាងនេះ៖ កសាងអនាគតដែលកាន់តែល្អប្រសើរមួយសម្រាប់ក្រុមគ្រួសារ ការ​មានបំណងធ្វើឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ ឬការសង្ឃឹមចង់បានផលប្រយោជន៍ច្រើនជាងនេះ និងបំពេញសេចក្តីត្រូវការនៅក្នុងជីវិត។

នៅពេលដែលអ្នករកឃើញអ្វីដែលមានសំខាន់ជាងភាពភ័យខ្លាច នោះអ្នកនឹងរកឃើញភាពក្លាហាន​ផងដែរ។ ចូរកុំមើលឃើញភាពភ័យខ្លាចថា ជាអ្វីដែលអ្នកត្រូវរត់គេចប៉ុន្តែចូរមើលវាថា ជាអ្វីដែលអ្នក​ត្រូវយកឈ្នះ ពីព្រោះវាមិនមែនអ្វីផ្សេងនោះទេ។

៣. ជ្រើសរើសការមិននិយាយថា “ខ្ញុំនឹង”

នៅពេលដែលប្រធានចាត់តាំងការងារមួយ ដែលអ្នកគិតថា មិនអាចធ្វើបាន អ្នកគួរនិយាយ“បាទ ខ្ញុំនឹងព្យាយាម”។ ការព្យាយាមមិនមែនជាបញ្ហានោះទេ ដរាបណាអ្នកមិនបោះបង់ចោល អ្នកនឹងអាច​បញ្ចប់វាបាន។ការព្យាយាមមិនពាក់ព័ន្ធឡើយ ការតស៊ូជំនះទើបជាបញ្ហា។

ជាញឹកញាប់ យើងតែងតែនិយាយថា “ខ្ញុំនឹងព្យាយាម” ពីព្រោះវានឹងផ្តល់ឲ្យយើងនូវច្រកចេញមួយ ហើយភាពអំនួតរបស់យើងចំពោះខ្លួនយើង នឹងមិនប្រឈមនឹងហានិភ័យឡើយ ហើយអត្តចរិករបស់​យើងក៏មិនប្រឈមនឹងហានិភ័យដែរ ប៉ុន្តែនៅចុងបញ្ចប់ យើងគ្រាន់តែ“ព្យាយាម” ប៉ុណ្ណោះ។

នៅពេលដែលអ្នកនិយាយថា  “ខ្ញុំនឹងធ្វើ” ទស្សនៈវិស័យរបស់អ្នកនឹងមានការផ្លាស់ប្តូរ។ អ្វីដែលកាលពី​មុនធ្លាប់តែមានភាពអស្ចារ្យខ្លាំងពេក ដែលអ្នកមិនអាចធ្វើបាននោះនៅពេលនេះ វាមិនមែនជាបញ្ហានៃ​ពេលវេលា ឬឱកាសទៀតឡើយ ប៉ុន្តែវាជាបញ្ហានៃពេលវេលាកិច្ចខិតខំប្រឹងប្រែង និងការតស៊ូជំនះ។

នៅពេលដែលអ្វីដែលអ្នកចង់ធ្វើពិតជាសំខាន់ខ្លាំងណាស់នោះ ចូរកុំនិយាយថា“ខ្ញុំនឹងព្យាយាម” ចូរ​និយាយថា “ខ្ញុំនឹងធ្វើ”បន្ទាប់មកចូរធ្វើអ្វីគ្រប់យ៉ាងតាមដែលធ្វើទៅបានដើម្បីរក្សាសន្យានោះជាមួយ​ខ្លួនរបស់អ្នក។

៤. ជ្រើសរើសមិនទទួលយកការសាកល្បង

អ្នកប្រហែលមិនធ្លាប់បង្កើតផែនការអាជីវកម្មដ៏ល្អមួយ មិនធ្លាប់រកបានដៃគូដ៏ល្អឥតខ្ចោះ ឬទីផ្សារ​​ដែលល្អឥតខ្ចោះ ឬទីតាំងដែលល្អឥតខ្ចោះឡើយ ប៉ុន្តែអ្នកអាចរកបានពេលវេលាដែលល្អឥតខ្ចោះ​ ដើម្បីធ្វើការចាប់ផ្តើម ហើយនោះគឺពេលនេះ។

ទេពកោសល្យ បទពិសោធន៍ និងការទំនាក់ទំនងគឺសំខាន់ ប៉ុន្តែអ្នកត្រូវដាក់គ្រប់យ៉ាងដែលអ្នកមាន​ចូលទៅក្នុងវត្ថុថ្មីៗក្នុងចំនួនមួយដែលគ្រប់គ្រាន់ ហើយការងារមួយចំនួននឹងអាចដំណើរការទៅបាន។

លើសពីនេះទៀត បន្ទាប់ពីអ្នកបានធ្វើការសាកល្បងយ៉ាងគ្រប់គ្រាន់ យូរឬឆាប់អ្នកនឹងមានជំនាញ​កាន់តែច្រើន ទទួលបានបទពិសោធន៍កាន់តែច្រើន និងមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើនហើយ​វានឹងមានន័យថា ភាគរយក្នុងការទទួលបានជោគជ័យ ពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងមាន​កាន់តែច្រើន។ចូរធ្វើការសាកល្បងឲ្យគ្រប់គ្រាន់ និងធ្វើការរៀនសូត្រពីបទពិសោធន៍នីមួយៗ ហើយ​ចុងក្រោយអ្នកនឹងមានគ្រប់ជំនាញទាំងអស់ មានចំណេះដឹងនិងទំនាក់ទំនងទាំងអស់ដែលអ្នក​ត្រូវការ។

ចុងក្រោយ ភាពជោគជ័យគឺជាល្បែងរាប់ចំនួន គឺជាការសាកល្បងម្តងហើយម្តងទៀតៗ។ អ្នកធ្វើការ​សាកល្បងកាន់តែច្រើនឱកាសដែលអ្នកនឹងទទួលជោគជ័យក៏មានកាន់តែច្រើនដែរ។ ពុំមានការធានាចំពោះភាពជោគជ័យឡើយ ប៉ុន្តែនៅពេលដែលអ្នកមិនធ្វើការសាកល្បងទាល់តែសោះ អ្នកនឹងទទួលបានការធានាថា អ្នកនឹងបរាជ័យជានិច្ច។

៥. ជ្រើសរើសមិនដើរទៅមុខ

ការស្គាល់ច្បាស់បង្កើតភាពសុខស្រួល ប៉ុន្តែភាពសុខស្រួលតែងតែជាសត្រូវនៃភាពរីកចម្រើន។ ប្រសិនបើអ្នកមានឱកាសដ៏ល្អមួយហើយវត្ថុតែមួយគត់ ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរ គឺ​គំនិតក្នុងការដើរទៅមុខនោះចូរដើរទៅមុខ។

ប្រសិនបើអ្នកចង់នៅក្បែរគ្រួសារ ឬមិត្តភក្តិរបស់អ្នកហើយវត្ថុតែមួយគត់ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរ គឺគំនិតចំពោះការដើរទៅមុខនោះចូរដើរទៅ​មុខ។ នៅពេលដែលភាពភ័យខ្លាចក្នុងការដើរទៅមុខគឺជាវត្ថុតែមួយគត់ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរនោះចូរដើរទៅមុខ។

កុំបារម្ភ នៅពេលឆាប់ៗខាងមុខអ្នកនឹងរកបានកន្លែងដ៏ល្អសម្រាប់ខ្លួនអ្នក។ នៅពេលឆាប់ៗ​ខាង​មុខអ្នកនឹងបង្កើតទម្លាប់ថ្មីៗ។ នៅពេលឆាប់ៗខាងមុខ អ្នកនឹងមានមិត្តភក្តិថ្មីៗ។ ហើយអ្នកនឹងទទួល​បានទស្សនៈវិស័យដ៏អស្ចារ្យ និងថ្មីស្រឡាងមួយចំពោះជីវិតរបស់អ្នក។ ប្រសិនបើបរាជ័យអ្នកអាចត្រឡប់ទៅផ្ទះវិញបាន។

៦. ការជ្រើសរើសមិនដោះលែង

ភាពជូរចត់ ការអន់ចិត្ត និងភាពច្រណែន ប្រៀបដូចជាការលេបថ្នាំពុល និងរំពឹងចង់ឲ្យអ្នកដទៃស្លាប់។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលចាញ់។

ជីវិតគឺខ្លីណាស់សម្រាប់ការអន់ចិត្តចំពោះមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់។ ចូរដោះលែង​អារម្មណ៍យ៉ាប់យឺនទាំងនោះទៅ។

បន្ទាប់មកចូរចំណាយថាមពលដែលអ្នកបានសន្សំទុកទៅលើការឲ្យតម្លៃ ដល់មនុស្សដែលអ្នកស្រឡាញ់និងមនុស្សដែលស្រឡាញ់អ្នក។

៧. ការជ្រើសរើស មិននិយាយពាក្យសុំទោស

យើងទាំងអស់គ្នាសុទ្ធតែអាចធ្វើខុសដូច្នេះយើងទាំងអស់គ្នាសុទ្ធតែត្រូវសុំទោស ចំពោះរឿងអ្វីមួយ៖ ពាក្យសម្តី សកម្មភាពការខកខានមិនបានធ្វើ ការខកខានមិនបានទទួលខុសត្រូវ ការខកខានមិនបាន​ចូលរួមការមិនបានមានវត្តមាននៅពេលដែលអ្នកដទៃត្រូវការយើង។

លេបភាពភ័យខ្លាច ឬមោទនភាពរបស់អ្នកចូលក្នុងពោះ ហើយនិយាយថា អ្នកសុំទោស។នៅពេល​នោះអ្នកនឹងជួយឲ្យអ្នកដទៃលុបបំបាត់ភាពខូចខិត្ត ឬភាពជូរចត់របស់ពួកគេ។

ហើយបន្ទាប់មក អ្នកទាំងពីរនឹងបង្កើតនូវចំណុចដំបូងបង្អស់ នៃការចាប់ផ្តើមជាថ្មីម្តងទៀតរវាងអ្នកទាំងពីរនៅក្នុងពេលឆាប់ៗ ជំនួសឲ្យការចាប់ផ្តើមម្តងទៀត នៅក្នុងពេលអនាគតដ៏សែនយូរឬជំនួសឲ្យការមិនធ្លាប់ចាប់​ផ្តើមឡើងវិញទាល់តែសោះ។

៨. ការជ្រើសរើស មិនច្រានចោលនូវផែនការបម្រុងរបស់អ្នក

ផែនការបម្រុងអាចជួយឲ្យគេងលក់បានកាន់តែស្រួលនៅពេលយប់។ ប៉ុន្តែផែនការបម្រុងក៏អាចបង្កើត​ភាពងាយស្រួលនៅក្នុងស្ថានការណ៍លំបាកផងដែរ។

អ្នកនឹងត្រូវខិតខំប្រឹងប្រែងធ្វើការកាន់តែខ្លាំងជាងនេះ និងក្នុងរយៈពេលវែងជាងនេះ ប្រសិនបើអ្នកត្រូវ​តែអនុវត្តផែនការចម្បងរបស់អ្នកពីព្រោះអ្នកគ្មានជម្រើស។ ការប្តេជ្ញាចិត្តទាំងស្រុង ដោយគ្មាន​សំណាញ់សុវត្ថិភាពនឹងធ្វើឲ្យអ្នកកាន់តែខិតខំប្រឹងប្រែងធ្វើការជាងអ្វីដែលអ្នកធ្លាប់ស្រម៉ៃថាអ្នកធ្វើបានទៅទៀត។

បន្ទាប់មកទៀត ប្រសិនបើ ដោយមូលហេតុណាមួយ ភាពអាក្រក់បំផុតបានកើតឡើងនោះ(ទោះបីជា “ភាពអាក្រក់បំផុត” មិនអាក្រក់ដូចអ្វីដែលអ្នកគិតក៏ដោយ ចូរជឿជាក់ថាអ្នកនឹងមានវិធីត្រឡប់មកកាន់​សភាពដើមវិញ។

ដរាបណាអ្នកបន្តកិច្ចខិតខំប្រឹងប្រែងធ្វើការនិងបន្តរៀនសូត្ រពីកំហុសរបស់អ្នកនោះ អ្នកនឹងតែងតែ​អាចធ្វើបាន។

៩. ការជ្រើសរើស ប្រកបដោយអំណួតខ្លាំងពេក

ចូរកុំមានអំណួតខ្លាំងពេក ក្នុងការសារភាពថាអ្នកខុស។ ចូរកុំមានអំណួតខ្លាំងពេក ក្នុងការមានសុបិន្ត​ដ៏ធំមួយ ឬការសើចំអកឲ្យខ្លួនអ្នកឬស្នើសុំជំនួយពីអ្នកដទៃ។

ចូរកុំខ្លាចក្នុងការឆក់យកឱកាស និងដួលយ៉ាងកំសត់...បន្ទាប់មកចូរក្រោកឈរឡើងវិញ លាងសម្អាត​ខ្លួនអ្នកឲ្យស្អាត ហើយចាប់ផ្តើមម្តងទៀត។ ផ្ទុយមកវិញចូរភាពអំណួត ចំពោះការពិតដែលអ្នកនឹងតែងតែក្រោកឈរឡើង ហើយចាប់ផ្តើមម្តង​ទៀតមិនចំពោះថាមានអ្វីកើតឡើងក៏ដោយ។

តាមវិធីនេះ អ្នកនឹងមិនធ្លាប់ចាញ់យ៉ាងពិតប្រាកដទាល់តែសោះ ហើយសុបិន្តរបស់អ្នកនឹងមិនធ្លាប់​រលាយបាត់ទាល់តែសោះ។

១០. ការជ្រើសរើសយក ការមិនខ្វល់អ្វី

ការបដិសេធចំពោះភាពឈឺចាប់។ ភាពសោកសៅធ្វើឲ្យអ្នកឈឺចាប់។ ការបរាជ័យធ្វើឲ្យអ្នកឈឺចាប់ ហើយនៅពេលខ្លះ វាធ្វើឲ្យអ្នកឈឺចាប់ខ្លាំងណាស់។ដូច្នេះតើអ្នកត្រូវធ្វើដូចម្តេចខ្លះ?

អ្នករត់គេចពីភាពឈឺចាប់ ដោយការសម្រេចចិតមិនខ្វល់អំពីវាតទៅទៀត ប៉ុន្តែនៅពេលជាមួយគ្នានោះ អ្នកនឹងមិនធ្លាប់ទទួលបានភាពរីករាយនៃទំនាក់ទំនងភាពរីករាយនៃសុភមង្គល និងភាពរីករាយនៃ​ភាពជោគជ័យទាល់តែសោះ។

ចូរជ្រើសរើសលេងល្បែងនេះបន្តទៅទៀត។ ចូរជ្រើសរើសយកការខ្វល់ខ្វាយអំពីវា។ ចូរជ្រើសរើសការធ្វើឲ្យជីវិតមានភាពរស់រវើក៕