១.​ គ្រែមានដំបូល

ចាប់ផ្តើមពីកន្លែងគេងមុន​ ដោយប្រើគ្រឿងសង្ហារឹមបែប Back to basic អាចជាគ្រែមានដំបូលដូចជំនាន់ដើមតែយកមកកែច្នៃឱ្យកាន់តែទំនើប។ ​ការតុបតែងបែបនេះ សាកសមស្ទើរតែគ្រប់ម៉ូដផ្ទះមិនថាជាផ្ទះបែបបុរាណ​ ឬសម័យនោះទេ។​

២.​ កញ្ចក់មានពណ៌​

ពីរឆ្នាំកន្លងមកនេះ ​ការប្រើកញ្ចក់តុបតែងផ្ទះបែបអឺរ៉ុបមានការពេញនិយមជាខ្លាំងជាពិសេសនៅអាស៊ី។​ ការប្តូរកញ្ចក់បង្អួចកញ្ចក់ទ្វារទៅជាពណ៌ផ្សេងៗ ឬ​ការយកកញ្ចក់ពណ៌មកតម្រៀបឱ្យចេញជារូបរាងផ្សេងៗដែលផ្តល់អារម្មណ៍នៃភាពស្រស់ស្អាតការសម្រាកលំហែ ជាពិសេសបានកន្លែងថតរូបទៀតផង។

៣.​ សម្ភារៈតុបតែងផ្ទះពណ៌ទឹកប៊ិច

ពណ៌ទឹកប៊ិចគឺជាពណ៌ Pantone​ ប្រចាំឆ្នាំ២០២០ ហើយនៅតែបន្តដល់ឆ្នាំ ២០២១។ ពណ៌នេះធ្វើឱ្យមានអារម្មណ៍ស្ងប់ស្ងាត់ភាពត្រជាក់ត្រជុំ និងបង្កប់ដោយភាពស្រស់ស្អាត។ មិនចាំបាច់ទាល់តែរបស់ថ្លៃៗទេ អាច ជាព្រំឬគ្រឿងសង្ហារឹមដែលនៅក្បែរៗគ្នាគួរប្រើពណ៌ទឹកប៊ិចដើម្បីបន្ថែមភាពស្រស់ស្អាត។

៤.​ បន្ថែមធម្មជាតិដល់ក្នុងបន្ទប់

ឆ្នាំ ២០២១​ នេះមនុស្សភាគច្រើនត្រូវនៅផ្ទះចំណែកឯការរស់នៅជាមួយធម្មជាតិគឺជាអ្វីដែលមនុស្សមិនអាចខ្វះបាន។ ហេតុនេះហើយទើបរុក្ខជាតិក៏អាចចាត់ទុកបានថាជាគ្រឿងសង្ហារឹមតុបតែងផ្ទះម្យ៉ាងទៀ តដែលមិនខ្វះបានក្នុងពេលបច្ចុប្បន្ននេះ។ វិធីនេះងាយស្រួលណាស់ គ្រាន់តែរករុក្ខជាតិពូជនានា​ដែលអាចលូតលាស់ក្នុងម្លប់បាន អាចជាដើមតូច​ដើមធំ ឬជារុក្ខជាតិជ័រអាស្រ័យលើទំហំរបស់ផ្ទះ។ ម្យ៉ាងទៀតអ្នកក៏អាចបន្ថែមគ្រឿងសង្ហារឹមបែបធម្មជាតិដូចជា តុកៅអីធ្វើពីឈើ​ដែលមើលទៅកាន់តែចូលគ្នា។

៥.​ វត្ថុហត្ថកម្ម និងសម្ភារៈបង្កប់ដោយសិល្បៈ         

ទោះបីជាស្ថិតក្នុងស្ថានការណ៍ដែលតម្រូវឱ្យមនុស្សត្រូវនៅផ្ទះឱ្យបានច្រើន​វា​មានចំណុចល្អម្យ៉ាង គឺអ្នកអាចបំបាត់ការអផ្សុកដោយរករបស់របរដែលមាននៅក្នុងផ្ទះមកកែច្នៃជាថ្មីរួចដាក់តាំង។ ​​របស់ចាស់ៗដែលអ្នកទុកចោលក៏អាចសមគ្នាជាមួយរបស់របរដែលកំពុងប្រើបានដែរ ដោយគ្រាន់តែរកកន្លែងដាក់វាឱ្យត្រូវគ្នា​ក៏អាចជួយឱ្យផ្ទះរបស់អ្នកមានភាពស្រស់ស្អាតបានមួយបែបទៀត។

៦. គ្រឿងសង្ហារឹមដែលផ្តល់ប្រយោជន៍ច្រើនយ៉ាង

សម្តៅលើគ្រឿងសង្ហារឹមដែលមានមុខងារច្រើនយ៉ាងដូចជាតុដែលអាចផ្លាស់ទីបាន គ្រែគេងដែលអាចបត់ធ្វើជាសាឡុងអង្គុយបាន ឬទូខោអាវដែលអាចដាក់អ្វីផ្សេងទៀតបានក្រៅពីខោអាវ។ មនុស្សជំនាន់ថ្មីនេះចូលចិត្តបង្កើតអ្វីដែលមានប្រយោជន៍ច្រើនយ៉ាង ព្រោះវាជាការប្រើប្រាស់ធនធានយ៉ាងវៃឆ្លាត។ មិនត្រឹមតែបង្កើនភាពស្រស់ស្អាតតែម្យ៉ាងទេ ក៏ចំណេញកន្លែងទុកដាក់បានច្រើនធ្វើឱ្យផ្ទះកាន់តែទូលាយ។

៧.​ ផ្លាស់ប្តូរផ្នែកខាងក្នុងផ្ទះឱ្យទៅជាខ្សែកោង

អ្នកប្រាកដជាស៊ាំភ្នែកជាមួយនឹងបន្ទប់បួនជ្រុងតុបតែងដោយសាឡុងរាងជ្រុងៗហើយមែនទេ?សាកល្បងប្តូរស្តាយល៍ដោយរកគ្រឿងសង្ហារឹមកោងៗមកជំនួសវិញ ដូចជាឈុតកៅអីរាងមូលដាក់ជាមួយតុរាងជ្រុង ឬសាឡុងរាងរង្វង់មូលដាក់លើព្រំរាងជ្រុង ដែលអាចឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតនិងធ្វើឱ្យគ្រឿងសង្ហារឹមកាន់តែលេចធ្លោ ។

៨.​ សម្ភារៈតុបតែងផ្ទះទសវត្សន៍ ៨០កំពុងត្រឡប់មកវិញក្នុងឆ្នាំ ២០២១

ប្រសិនបើផ្ទះអ្នកណានៅសល់របស់ប្រើប្រាស់តាំងពីទសវត្សន៍៨០ នេះកំពុងត្រូវប៉ាន់ហើយ។​ មិនបាច់អស់លុយទិញថ្មី យករបស់ទាំងនោះមកកែច្នៃបន្តិច​បន្តួច ឬ​រកកន្លែងដែលត្រឹមត្រូវដើម្បីដាក់តាំងបានអ្នកនឹងទទួលបានរចនាបថដែលមិនជាន់គេជាពិសេសបានកន្លែងថតរូបស្អាតៗទៀត។

៩. សម្ភារៈសាមញ្ញៗប៉ុន្តែឆើតឆាយ

រចនាបថផ្ទះបែប Minimal​ កំពុងពេញនិយមខ្លាំងក្នុងពេលនេះ។ ជ្រើសរើសឧបករណ៍ឬសម្ភារៈដែលសាមញ្ញធម្មតាមិនមានពណ៌ ឬរូបភាពច្រើនពេកប៉ុន្តែត្រូវបង្កប់ដោយភាពប្រណីតនិងអាចប្រើការបាន។

១០. តុបតែងបន្ទប់ដោយកម្រាលព្រំ

មិនថាជាយុគសម័យណាទេ ព្រំតែងតែនៅគូគ្នាជាមួយផ្ទះជានិច្ច ព្រោះវាអាចចូលចុះជាមួយការតុបតែងច្រើនប្រភេទ។ ដោយគ្រាន់តែចេះជ្រើសរើសពណ៌ឱ្យត្រូវនឹងពណ៌បន្ទប់ ឬពណ៌ផ្ទះក៏អាចក្រាលដើម្បីបង្ហាញភាពស្រស់ស្អាតបានទៅហើយ។