សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្រម​សីលធម៌​​មន្រ្តី​​សាធារណៈ​គឺ​សំដៅ​ដល់​បណ្តុំ​នៃ​វិន័យ​ ឬ​វិធាន​សីលធម៌​​ចង្អុល​បង្ហាញ​ឱ្យ​មន្រ្តី​សាធារណៈ​​អនុវត្ត​ដើម្បី​រក្សា​បាន​នូវ​គុណ​តម្លៃកិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​។ក្រម​សីលធម៌​បាន​បញ្ញាត្តិ​និង​អនុញ្ញាត​ដល់​មន្រ្តី​សាធារណៈ​​គួរ​ប្រតិបត្តិ​និង​មិន​គួរ​ប្រតិបត្តិ​ទៅ​តាម​ទី​កន្លែង ពេល​វេលា ឋានានុក្រម។ចំនុច​សំខាន់​ៗ​​ខាង​ក្រោម​នេះ​ជា​​ខ្លឹម​សារ​សង្ខេប​ដែល​អ្នក​អាច​ស្វែង​យល់ពិសេស​អ្នក​មាន​បំណង​​ប្រលង​ចូល​បម្រើ​ការងារ​ជា​រាជ​ការ​៖

.ការ​គោរព​ពេល​វេលា

ក្នុង​មួយ​ថ្ងៃ​ធ្វើ​ការ​៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍​បំពេញ​ការងារ​រយៈ​ពេល​៥​ថ្ងៃគឺ​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។

.ការ​គោរព​ឋានានុក្រម

ឋានានុក្រមគឺ​ជា​លំដាប់​នៃ​ឋានៈ​ដែល​រៀប​ចំ​ឡើង​តាម​អង្គភាព​ក្រសួង​ស្ថាប័ន​។ បញ្ហា​ឋានានុក្រម​ជា​បញ្ហា​ស្មុគ​ស្មាញ​មួយ​ដែល​មន្រ្តី​សាធារណៈ​​តែង​តែ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុតព្រោះ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​កិត្តិ​យស​មុខ​មាត់​​របស់​ខ្លួន​និង​របស់​អ្នក​ដទៃ​។ ហើយ​រដ្ឋបាល​សាធារណៈ​គឺ​ជា​រដ្ឋបាល​​ដែល​មាន​ឋានានុក្រម​​ជាក់​លាក់(​ថ្នាក់​លើ​ថ្នាក់​ក្រោម​)ថ្នាក់​​លើ​ត្រូវ​ប្រកាន់​យក​នូវ"បោរីភាព​"ចំពោះ​ថ្នាក់​ក្រោម​ហើយ​ថ្នាក់​ក្រោម​ត្រូវ​សម្តែង​នូវ​អាកប្បកិរិយា​សមរម្យ​ជា​កាយ​វិការ​គោរព"ចំពោះ​ថ្នាក់​លើ​។ ប្រការ​នេះ បើ​មិន​មាន​តម្រូវ​ដោយ​ច្បាប់​ក៏​ជា​បែប​បទ​សុជីវធម៌​ក្នុង​ការ​រស់​នៅ​ក៏​ដូច​ជា​ក្នុង​ទំនាក់​ទំនង​​ជា​ទូ​ទៅ​ផង​ដែរ។​

.ការ​គោរព​តាម​ការ​ចាត់​តាំង

​មន្រ្តី​រាជ​ការ​គ្រប់​រូបត្រូវ​ប្រតិបត្តិ​​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារនិង​មាន​គំនិត​ច្នៃ​ប្រឌិត​ដើម្បី​ឱ្យ​ការងារ​រីក​ចម្រើន​និង​ប្រកប​ដោយ​គុណ​ភាព​។ មន្រ្តី​រាជ​ការ​មិន​មែន​ធ្វើ​ការងារ​ឱ្យ​គ្រាន់​តែ​រួច​ពី​​ដៃឬ​រួច​ខ្លួន​នោះ​ទេ។ មាត្រា​៣៣នៃ​ច្បាប់​​ស្តី​ពី​សហលក្ខន្តិកៈ​មន្រ្តី​រាជ​ការ​ស៊ីវិល​បាន​ចែង​ថា​៖"អ្នក​រាជ​ការ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ថ្នាក់​លើ​អំពី​កិច្ច​ការ​របស់​ខ្លួន និង​អំពើ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​លើ​សេចក្តី​ថ្លៃ​ថ្នូរនិង​កិត្តិ​យស​របស់​​ខ្លួន​។ អ្នក​រាជ​ការ​ក្នុង​ក្រប​ខណ្ឌ​ទាំង​អស់​​ត្រូវ​គោរព​បញ្ជា​របស់​ថ្នាក់​​លើ​​ដែល​បាន​ចាត់​​ឱ្យ​ទៅ​បម្រើ​ការ​ងារ​ទោះ​បី​តំបន់​ណា​ក៏​ដោយទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​"។

.ការ​គោរព​វិន័យ​ការងារ​​

មន្រ្តី​រាជ​ការ​ទាំង​អស់​ត្រូវ​គោរព​វិន័យ​ការងារ​ស្រប​តាម​ជំពូក​ទី​៥នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​​មន្រ្តី​រាជ​ការ​ស៊ីវិល​ និង​បទ​ដ្ឋាន​​គតិ​យុត្ត​ផ្សេង​ៗ​ទៀត​។ ត្រូវ​ហាម​​ឃាត់​​ដាច់​ខាត​ដល់​អ្នក​រាជ​ការ​នូវ​ប្រការ​ដូច​ខាង​ក្រោម​៖

-យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​មុខ​របរ​ផ្ទាល់​ខ្លួន​។

-យក​អំណាច​និង​ឥទ្ធិពល​នៅ​ក្នុង​មុខងារ​របស់​ខ្លួន​ទៅ​ប្រើ​​ប្រាស់​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ឬ​សំឡុត​​គំរាម​កំហែង​បំពាន​សិទ្ធិ​របស់​ពលរដ្ឋ​។

-ប្រកប​មុខ​របរ​បន្ថែម​​ត្រួត​លើ​មុខ​ងារ​របស់​ខ្លួន​ជា​អ្នក​រាជ​ការ​ក្នុង​ករណី​ដែល​លក្ខន្តិកៈ​​ដោយ​ឡែក​​នៃ​អង្គ​នី​មួយ​ៗ​ហាម​ឃាត់​។ ប្រសិន​បើ​អ្នក​រាជ​ការ​ប្រព្រឹត្ត​បំពាន​​នឹង​ចំណុច​ដូច​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​ទទួល​ទណ្ឌកម្ម​ផ្នែក​វិន័យ​​ដូច​មាន​ចែង​ក្នុង​មាត្រា​៤០​នៃ​ច្បាប់​សហលក្ខន្តិកៈ​(ដោយ​មិន​ទាន់​គិត​ការ​ចោទ​ប្រកាន់​ជា​បទ​អាជ្ញា​ដែល​អាច​កើត​មាន​ឡើង​)។

Image

.ការ​រក្សា​សីលធម៌

សីលឬ​សីលធម៌​គឺ​ជា​មូល​ដ្ឋាន​សាវវន្ត​នៃ​ក្រម​សីលធម៌​ដែល​មន្រ្តី​រាជ​ការ​គ្រប់​រូប​ត្រូវ​តែ​រក្សា​ឱ្យ​បាន​ខ្ជាប់​​ខ្ជួន​​គ្រប់​ពេល​វេលា​ជា​និច្ច​និរន្ត។សីលធម៌​ជា​ដំបូល​ដែល​ផ្តល់​នូវ​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​សុខ​ដុម​រមនា​ក្នុង​ការងារ​ក៏​ដូច​ជា​ជីវិត​។លោក​អារី​ស្តូត​ (Aristote)ចាត់​ទុក​សីលធម៌​ជា​ទម្លាប់​ក្នុង​ការ​ប្រព្រឹត្ត​ដោយ​គាត់​យល់​ឃើញ​​ថា"អំពើ​ប្រុង​ប្រយ័ត្ន​គឺ​​ជា​សីលធម៌​"។ ចំណែក​ "អំពើ​ជ្រុល​ហួស​ហេតុគឺ​ជា​អសីលធម៌​ ឬ​អំពើ​អាក្រក់​"។ មនុស្ស​មាន​សីលធម៌​​ប្រកាន់​យក​ផ្លូវ​កណ្តាល​ក្នុង​ចរិយា​ផ្ទាល់​ខ្លួន​និង​សង្គម​។ មនុស្ស​មាន​សីលធម៌​មិន​ជ្រុល​​និយម​ មើល​ឃើញ​វែង​ឆ្ងាយ​ចេះ​ស្គាល់​ប្រមាណ​ខ្លួន​ឯង​និង​អ្នក​ដទៃ ស្គាល់​កាលៈ​ទេសៈហើយ​ប្រកាន់​ចរិយា​សមរម្យ​ចំពោះ​អ្នក​ដទៃ​ជុំ​វិញ​ខ្លួន​។

.ការ​រក្សា​នូវ​សុចរិតភាព

​មន្រ្តី​រាជ​ការ​គ្រប់​រូប​ត្រូវ​ប្រព្រឹត្ត​ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​ស្រប​នឹង​ច្បាប់​ទម្លាប់​​នៃ​សង្គម​ជាតិ​ដើម្បី​​សេចក្តី​សុខ​ក្សេម​ក្សាន្ត​របស់​ខ្លួននិង​ប្រជាពលរដ្ឋ​​ទូ​ទៅ​ទាំង​ប្រទេស។អ្នក​ដែល​បាន​ប្រកាន់​ខ្ជាប់​ខ្ជួន​​នូវ​សុច​រិត​ភាព​នឹង​ក្លាយ​​ទៅ​ជា​មនុស្ស​ដែល​ទទួល​បាន​នូវ​ជំនឿ​ទុក​​ចិត្ត​ពី​អ្នក​ផង​ទាំង​ពួង​។ គុណ​តម្លៃ​នៃ​សុច​រិត​ភាព​នាំ​ឱ្យ​មន្រ្តី​ឬ​រាជ​ការ​៖

-រស់​ក្នុង​សុភមង្គល​និង​សេចក្តី​ថ្លៃ​ថ្នូរ​

-មាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​

-សង្គម​ជាតិ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ។

.ការ​រក្សា​នូវ​ភក្តីភាព

អ្នក​​រាជ​ការ​ទាំង​អស់​ត្រូវ​តែ​មាន​ភក្តី​ភាព​ចំពោះ​ជាតិ ​សាសនា និង​ព្រះ​មហាក្សត្រ​របស់​ខ្លួន​។ មន្រ្តី​រាជ​​ការ​គឺ​ជា​អ្នក​មាន​គំនិតអ្នក​មាន​សេចក្តី​ដឹង​​ការ​រាក់​ជ្រៅ អ្នក​ប្រឹក្សា​ការ​ផែន​ដី​ដែល​ត្រូវ​បាន​រដ្ឋ​ប្រគល់​សេចក្តី​ទុក​ចិត្ត​ចាត់​តាំង​ឱ្យ​បំពេញ​​ភារកិច្ច​ដែល​ជា​អាយុ​ជីវិត​ប្រទេស​ជាតិ​ជា​ទី​ទំនុក​​ទុក​ចិត្ត​បំផុត​របស់​រដ្ឋ​។ ដូច្នេះ​មន្រ្តី​​ត្រូវ​តែ​មាន​ភក្តី​​ភាព​ជា​និច្ច​​ចំពោះ​​ប្រទេស​ជាតិ​មាតុ​ភូមិចំពោះ​មាគ៌ា​​នយោបាយ​របស់​រដ្ឋ​ចំពោះ​ឧត្តម​ប្រយោជន៍​​របស់​ជាតិនិង​ចំពោះ​​អ្នក​ដែល​បាន​ចាត់​តាំងតែង​តាំង ឬ​ប្រគល់​ភារកិច្ច​ឱ្យ​ខ្លួន​បំពេញ​ការងារ​។

អ្នក​ដឹក​នាំ​អង្គភាពត្រូវ​តែ​មាន​ភក្តី​ចំពោះ​ក្រសួងចំពោះ​ថ្នាក់​ដឹក​នាំ​ក្រសួង។ ចំណែក​អ្នក​ដឹក​នាំ​ក្រសួង​​ត្រូវ​មាន​ភក្តី​ភាព​ចំពោះ​រាជ​រដ្ឋាភិបាល​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​។ ឯ​អ្នក​រាជ​ការ​ដទៃ​ទៀត​ត្រូវ​តែ​មាន​ភក្តី​ភាព​ចំពោះ​ថ្នាក់​លើ​ដែល​ខ្លួន​ស្ថិត​នៅ​ក្រោម​ឱវាទ​ជា​បន្ត​បន្ទាប់​។

.រក្សា​ឥស្សរភាព

អ្នក​រាជ​ការ​គ្រប់​រូប​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ថ្នាក់​លើ​អំពី​កិច្ច​ការ​របស់​ខ្លួន និង​អំពើ​ទាំង​ឡាយ​ណា​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេចក្តី​​ថ្លៃ​ថ្នូរ​និង​កិត្តិយស​របស់​ខ្លួន​(​មាត្រា​៣៣​នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្រ្តី​រាជ​ការ​ស៊ីវិល)ដោយ​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​អ្នក​រាជ​ការ​ប្រកប​មុខ​របរ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​​សេចក្តី​ថ្លៃ​ថ្នូរ​​នៃ​អ្នក​រាជ​ការ​(មាត្រា​៣៥)។

អ្នក​រាជ​ការ​ទាំង​អស់​ត្រូវ​តែ​ចៀស​វាង​ឱ្យ​ខាង​តែ​បាន​នូវ​​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ ព្រោះ​ថា​​ចំពោះ​មុខ​ភ្នែក​សាធារណជន​អ្នក​រាជ​ការ​តំណាង​ឱ្យ​ប្រយោជន៍​​រួម​តំណាង​អំណាច​សាធារណៈ​ តំណាង​ការ​គោរព​ច្បាប់​និង​តំណាង​នីតិរដ្ឋ​ទាំង​មូល​។ ការ​ប្រព្រឹត្ត​មិន​ល្អក្នុង​ជីវភាព​រស់​នៅ​ជា​លក្ខណៈ​ឯកជន​ក្តីការ​ប្រព្រឹត្ត​​ល្មើស​​នឹង​ច្បាប់​រដ្ឋ​នានា​​ក្តី​គឺ​សុទ្ធ​តែ​បង្ក​ជា​រូប​ភាព​មិន​ល្អ​ដល់​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​រាជ​ការ​និង​ដល់​​ជំនឿ​ទុក​ចិត្ត​​របស់​សាធារណ​ជន​​លើ​សកម្មភាព​ដឹក​នាំនិង​លើ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​មូល​ទៀត​ផង​។

.ការ​រក្សា​អព្យាក្រឹត្យ​ភាព

​​មន្រ្តី​រាជ​ការ​ត្រូវ​មាន​អព្យាក្រឹត្យភាព​ក្នុង​សកម្មភាព​ការងារ និង​ហាម​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​មុខ​ងារ​របស់​ខ្លួននិង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្ម​ភាព​នយោបាយ​ដូច​ខាង​ក្រោម​៖

-ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​​ដល់​បេក្ខជន​នយោបាយ​ ឬ​ប្រឆាំង​នឹង​បេក្ខជន​នយោបាយ​ណា​មួយ​ឡើយ​។

-ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​​គណបក្ស​នយោបាយ ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។

ការណ៍​ដែល​អ្នក​រាជ​ការ​សាធារណៈ​​ប្រព្រឹត្ត​ផ្ទុយ​​នឹង​ចំណុច​នេះត្រូវ​ចាត់​ទុក​ជា​កំហុស​និង​ការ​ឆ្គាំ​ឆ្គង​ក្នុង​​វិជ្ជា​ជីវៈ​​របស់​អ្នក​រាជ​ការ​(មាត្រា​៣៧​)។

១០.ការ​រក្សា​អាថ​ភាព(ភាព​អាថ៌កំបាំង/ការ​សម្ងាត់)

អ្នក​រាជ​ការ​មិន​ត្រូវ​ធ្វើ​ឱ្យ​ខូចឬ​អាប់​ឱន​​កិត្យានុភាព​របស់​ក្រសួង​​ស្ថាប័ន​ទេ​។ ពោល​គឺ​ អ្នក​រាជ​ការ​ត្រូវ​ចេះ​លាក់​ការណ៍​។គោរព​លាក់​ការណ៍​ការងារគឺ​រក្សា​នូវ​ពាក្យ​សម្តី​ដែល​និយាយ​ចេញ​ទៅ ឬ​សរសេរ​ចេញ​ទៅ​ត្រូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ដោយ​មិន​និយាយឬ​សរសេរ​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​​កិត្តិយស​​កិត្យានុភាព​របស់​អង្គភាពក្រសួង​ ស្ថាប័នឬ​សមត្ថកិច្ច​ថ្នាក់​ដឹក​នាំ​របស់​ខ្លួ​ន​ឡើយ​។ ការ​រក្សា​ការណ៍​​​សម្ងាត់​​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​វិជ្ជា​ជីវៈ​នៃ​អ្នក​រាជ​ការគឺ​ដាច់​ខាត​អ្នក​រាជ​ការ​មិន​ត្រូវ​បង្ហាញ​អាថ៌​កំបាំង​ផ្ទៃ​ក្នុង​​ការងារ​ឱ្យ​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​នូវ​រាល់​ឯកសារព័ត៌មាន​ ឬ​ព្រឹត្តិ​ហេតុ​ផ្សេង​ៗដែល​ខ្លួន​​បាន​ដឹង​​ ឮ​នៅ​ក្នុង​ការងារឬ​​នៅ​ក្នុង​ពេល​បំពេញ​ការងារបើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​ខ្លួនឬ​ក្រៅ​ពី​សមត្ថកិច្ច​របស់​ខ្លួនឬ​គ្មាន​ការ​កំណត់​ដោយ​ច្បាប់​៕ 

ប្រភព​៖ បណ្ឌិត​ ហែម​ ឡាច រាជ​បណ្ឌិត​សភា​កម្ពុជាវិទ្យាស្ថាន​មនុស្ស​សាស្រ្តនិង​វិទ្យាសាស្រ្ត​សង្គម