សិទ្ធិជួលអចលនវត្ថុដែលមានរយៈពេលវែងលើសពី១៥ឆ្នាំឡើងទៅ ត្រូវបានក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ (មាត្រា២៤៤)ចាត់ទុកជាសិទ្ធិជួលអចិន្ត្រៃយ៍។
យោងតាមក្រមរដ្ឋប្បវេណីនេះពន្យល់ថា៖ ការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍មែនទែនទៅ គ្មានការបង្កើតសិទ្ធិឯណាដោយមិនមានការព្រមព្រៀង ឬការសន្មត់របស់ច្បាប់ ឬបញ្ញត្តិនានានោះទេ។
សិទ្ធិជួលអចិន្ត្រៃយ៍ គឺបង្កើតឡើងតាមតែមធ្យោបាយតែមួយគត់គឺកិច្ចសន្យាជួល ហើយដែលត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដែលមានរយៈពេលលើសពី១៥ឆ្នាំឡើងទៅ។ នេះបើយោងតាមមាត្រា២៤៤នៃក្រមរដ្ឋប្បវេណី។
ទម្រង់នៃកិច្ចសន្យាជួលអចិន្ត្រៃយ៍ គឺជាកិច្ចសន្យាដែលត្រូវតែធ្វើជាលាយលក្ខណអក្សរ ហើយប្រសិនជាមិនបានសរសេរជាលាយល័ក្ខណ៍អក្សរ គឺត្រូវចាត់ទុកថាជាកិច្ចសន្សាមានថេរៈវេលាមិនកំណត់(ភតិសន្យា)។
អ្វីដែលគួរតែដឹងបន្ថែមទៀតគឺថា បើសិនណាមានកិច្ចសន្សាជាលាយលក្ខណ៍អក្សរហើយក៏ដោយ ថែមទាំងបានកំណត់អំពីពេលវេលាទៀតផងក្តី ក៏កិច្ចសន្យាជួលដែលធ្វើត្រឹមតែភាគីគ្នាឯង មិនអាចតតាំងជាមួយជនទីបីផ្សេងបាននោះទេ។
រយៈពេលនៃកិច្ចសន្យាជួលអចិន្ត្រៃយ៍
ដូចដែលបានសន្មត់ក្នុងមាត្រា២៤៤ថា កិច្ចសន្យាជួលដែលចាប់ពី១៥ឆ្នាំឡើងទៅគឺត្រូវចាត់ទុកថាជាកិច្ចសន្យាជួលអចលវត្ថុអចិន្ត្រៃយ៍។ ប៉ុន្តែមិនមែនមានន័យថាសិទ្ធិជួលអចិន្ត្រៃយ៍ មិនមែនគ្មានពេលកំណត់នោះទេ។
យោងតាមមាត្រា២៤៧ នៃក្រមរដ្ឋប្បវេណីដដែល គឺមិនអាចឲ្យលើសពី៥០ឆ្នាំឡើយ ហើយក៏បន្តបានត្រឹមតែ៥០ឆ្នាំទៀតដោយមិនអោយលើសនោះទេ។ ក្នុងករណីដែលមានសិទ្ធិជួលអចិន្ត្រៃយ៍ណាដែលលើសពី៥០ឆ្នាំ គឺត្រូវបន្ថយមកត្រឹម៥០ឆ្នាំវិញបាន៕