ភ្នំពេញ ៖ មូលនិធិពាណិជ្ជកម្ម គឺជាសញ្ញាណគតិយុត្តមួយ នៃការប្រកបពាណិជ្ជកម្ម ដោយសារតែវាជាផ្នែកមួយនៃបេតិកភណ្ឌ ឬស្ថិនៅក្នុងបញ្ជីសារពើភណ្ឌរបស់សហគ្រាស ពាណិជ្ជកម្ម ដែលជាហេតុនាំឱ្យមូលនិធិពាណិជ្ជកម្ម ក្លាយទៅជាកម្មវត្ថុនៅក្នុងការសិក្សានៃវិជ្ជាជីវៈពាណិជ្ជកម្ម។
មូលនិធិពាណិជ្ជកម្ម ត្រូវបានកើតចេញពីពួកពាណិជ្ជករ នៅសតវត្សរ៍ទី១៩ ដែលកាលពីមុនមកគេ បានហៅថាជាហាងទំនិញ ឬមូលនីធិហាងទំនិញ។ មូលនិធិនេះ មានតម្លៃសេដ្ឋកិច្ច និងទ្រព្យកម្មសិទ្ធិជាពិសេស ចាប់តាំងពីសតវត្សទី១៩មកម្ល៉េះ ពីព្រោះ បច្ចុប្បន្នសញ្ញាណនេះ មានធាតុជាចម្បង គឺអតិថិជនសម្រាប់អ្នកបង្កើត ទំនងជាមិនយកលំនាំតាមវិជ្ជាជីវៈមុខរបរនោះទេ ព្រោះដោយហេតុថា មូលនីធិពាណិជ្ជកម្ម ត្រូវបានផ្សំឡើងពីបណ្តាធាតុផ្សេងៗមានចលនវត្ថុ និងអចលនវត្ថុ ដែលពាណិជ្ជករ ក្រុមឧស្សាហករ បានរៀបចំឡើងដើម្បីស្វែងរកអតិថិជន។
តើសញ្ញាណរបស់មូលនិធិពាណិជ្ជកម្មមានអ្វីខ្លះ និងប្រតិបត្តិការគតិយុត្តរបស់មូលនីធិនោះធ្វើឡើងយ៉ាងដូចម្ត៉េច?
សញ្ញាណនៃមូលនិធិពាណិជ្ជកម្ម គឺជាសំណុំនៃរូបទ្រព្យ ឬអរូបទ្រព្យដែលពាណិជ្ជករម្នាក់ ឬក្រុមហ៊ុនមួយប្រមូលផ្តុំ និងប្រើប្រាស់ដើម្បីសម្មតិកម្ម នូវសកម្មភាពឧស្សាហកម្ម ឬពាណិជ្ជករ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនមួយ ក្នុងមូលនីធិពាណិជ្ជកម្ម។ ដោយគ្មាននិយមន័យ ដែលកំណត់ដោយច្បាប់មូលនិធិពាណិជ្ជកម្ម ត្រូវបានកំនត់ដោយ សមាសភាពរបស់ខ្លួន ដែលក្នុងនោះមាន អតិថិតាចម្បង ដូច្នេះមូលនិធិពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងដោយចលនទ្រព្យ ដែលពាណិជ្ជករម្នាក់ ឬឧស្សាហករណាម្នាក់រៀបចំឡើង ដើម្បីស្វែរកអតិថិតា។
ក្នុងនោះគេឃើញមានវិបាកមួយចំនួន បានលេចឡើង រួមមាន មូលនិធិពាណិជ្ជកម្មត្រូវជាប់ទាក់ទង និងសកម្មភាពពាណិជ្ជកម្ម ដើម្បីអនុវត្តនៅ សកម្មភាពពាណិជ្ជកម្មមួយបានចាំបាច់ត្រូវមានមូលនីធិពាណិជ្ជកម្មមួយ ហើយសញ្ញាណនេះត្រូវតែខុសប្លែកគ្នា ពីសញ្ញាណសហគ្រាស និងសញ្ញាណរបស់ក្រុមហ៊ុន។
ដោយឡែក សហគ្រាសគឺជាស្ថាប័នស្វយ័តមួយ ដែលប្រមូលផ្តុំដោយកត្តាមនុស្ស និងកត្តាសេដ្ឋកិច្ចដើម្បី ផលិតទ្រព្យ និងសេវាកម្ម។ ដូច្នេះសញ្ញាណនៃសហគ្រាសនេះមានលក្ខណៈទូលំទូលាយជាង សញ្ញាណនៃមូលនីធិពាណិជ្ជកម្ម។ ពាណិជ្ជករដែលដឹកនាំសហគ្រាសឯកបុគ្គល មួយអាចប្រើប្រាស់ បុគ្គលិកបាន ហើយជាញឹកញាប់មានមូលនីធិពាណិជ្ជកម្មតែមួយគត់ និងសហគ្រាសធំៗ អាចមានមូលនីធិពាណិជ្ជកម្មច្រើនខុសៗពីគ្នា។ ចំណែកឯក្រុមហ៊ុនបុគ្គលភាពគតិយុត្ត មានបេតិកភណ្ឌ នាមករណ៍ ទីស្នាក់ការក្រុមហ៊ុន សញ្ជាតិ ដូច្នេះក្រុមហ៊ុនគឺជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច៕