យុវវ័យខ្មែរច្រើនឡើងៗ បានក្លាយជាម្ចាស់គេហទំព័រផ្ទាល់ខ្លួនមួយដែលគេស្គាល់ថាជា ប្លុក​(Blog) ។ ប្លុកគឺជាគេហទំព័រឯកជនដែលអ្នក​បង្កើតតែងតែសរសេរ​ ពីរឿងរ៉ាវ​ផ្ទាល់ខ្លួន ​ចែកចាយចំណេះដឹង និងព័ត៌មានផ្សេងៗ។

អត្ថបទផ្សាយឡើងវិញ

ក្រៅពីផ្តល់ជាព័ត៌មានអ្នកបង្កើតប្លុកខ្លះ ក៏បាន​ប្រើប្រាស់វា ធ្វើជាមធ្យោបាយក្នុងការរកប្រាក់ចំណូលផងដែរ។

កញ្ញា កែវ គូនីឡា គឺជាអ្នកសរសេរប្លុក ដ៏មានប្រជាប្រិយម្នាក់អាចរកប្រាក់​ចំណូល​បន្ថែម ពីការបង្កើតប្លុកនេះប៉ុន្តែមិនទទួលបាន​ច្រើនណាស់ណា​នោះទេ​។​ បច្ចុប្បន្ន គូនីឡា គឺជាម្ចាស់ប្លុកមួយ ឈ្មោះថាBlueladayblog.com​ ដែល​បាន​បង្កើតឡើង​ អស់​រយៈពេល ៨ឆ្នាំ​មកហើយ។

ដោយ​មិនបង្ហាញពី ចំនួនប្រាក់ចំណូល​ដែល​រកបានតាមប្លុក ​ម្ចាស់​ប្លុក ​ដែលមានវ័យ២៧ឆ្នាំរូបនេះបាននិយាយថា៖ “បើទោះ​ជា​ខ្ញុំ​ មិន​សូវ​បានទទួល ​ប្រាក់​ចំណូល​ពីវា តែដោយសារប្លុកនេះហើយ ​ដែលផ្តល់​ការងារខាង​ក្រៅ ​ជាច្រើនដល់នាងខ្ញុំ​។ ខ្ញុំត្រូវបានគេអញ្ជើញ ឲ្យធ្វើដំណើរ​ទស្សនកិច្ច ស្ទើរជុំវិញពិភពលោក​ដោយសារតែ​ខ្ញុំបាន​សរសេរអត្ថបទ ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន“។  

មកដល់ពេលនេះ ប្លុករបស់គូនីឡា បានចុះផ្សាយអត្ថបទ ប្រមាណជាង១០០អត្ថបទហើយអត្ថបទដែល​ទទួល​បានការគាំទ្រ និងចូលចិត្តបំផុតនោះគឺការពិភាក្សាអំពី មនុស្សស្រលាញ់ភេទដូចគ្នា។

ផ្ទុយពីកញ្ញាកែវ គូនីឡា សម្រាប់​លោក យ៉ន សេរីបុត្រ ​​ដែលជាម្ចាស់ប្លុក ឈ្មោះថា  ysereyboth.blogspot.com បានបង្ហើបថាលោកទទួលបានចំណូលច្រើគួរសម ពីការបង្កើតប្លុកនេះ។ អ្នកសរសេរប្លុក ដែល​មានវ័យ​២៣ឆ្នាំ​រូប​នេះ បានបង្ហាញគន្លឹះ ពីការរកស៊ីតាមរយៈប្លុកថា គឺទីមួយ គេត្រូវដាក់គោលដៅ ថា​តើ​ចង់សរសេរពីអ្វី ? ហើយក្នុងករណី ដែលអ្នកសរសេរ មិនមានជំនាញឬចំណេះ​ដឹង​ លើ​ប្រ​ធាន​បទមួយចំនួននោះ គឺគេ​អាចជួលអ្នកដ៏ទៃ ដែល​មានសមត្ថភាព ឲ្យ​សរសេរនូវ​ប្រធាន​បទ​ទាំងនោះបាន។

លោកសេរីបុត្រ បន្ថែមថា “ ក្នុងនាមយើងជាBlogger យើងត្រូវដឹង​ថា ​អ្នក​អាន ចូលចិត្តអត្ថបទបែបណា​ ថាតើប្រភេទអត្ថបទបែបណា​ ដែលអាចឲ្យអ្នក​អាន ​មើល​ហើយចង់ធ្វើការចែករំលែកជាបន្ត។ ហើយចុងក្រោយ អត្ថបទ​អាចរកប្រាក់​ចំណូល បាន​តាមរយៈការផ្សព្វផ្សាយ ពាណិជ្ជកម្ម ពីសេវាកម្មមួយរបស់ក្រុមហ៊ុនGoogle ពោលគឺ Google AdSense ដែលទាមទារឲ្យមានការសុំចុះឈ្មោះជាមុនសិន មុននឹងទទួលបានការ​ផ្សព្វផ្សាយ​នានា»។

ការរកចំណូលបន្ថែម តាមរយៈប្លុក វាគឺជារឿងដ៏ពេញនិយម​សម្រាប់​យុវវ័យខ្លះ នៅក្នុង​សម័យអ៊ីនធើណេតនេះ។ ក៏ប៉ុន្តែ ក្រៅពីអត្ថប្រយោជន៍ជាទឹកប្រាក់នេះ អ្នកសរសេរប្លុកសុទ្ធ​តែគូសបញ្ជាក់ដូចគ្នាថា ការសរសេរប្លុក គឺវាបានផ្តល់អត្ថប្រយោជន៍​ជាច្រើនផ្សេង​ទៀត​ដែរ​ដូចជា ពង្រឹងជំនាញសរសេរ និង ការគិតឲ្យបានកាន់តែស៊ីជម្រៅ។

កញ្ញា Catherine V Harry អ្នកសរសេរប្លុកដ៏ល្បីល្បាញមួយរូបទៀត បានលើកឡើងថា Blog បានផ្តល់អារម្មណ៍ ដ៏រីករាយដល់នាង​នៅពេលដែលអ្នកអាន អាចរៀន និង ពេញចិត្ត​ចំពោះ ចំណេះដឹងថ្មីៗដែលពួកគេទទួលបានតាមរយៈការអាន អត្ថបទរបស់នាង។ កញ្ញា Catherine V Harry គឺជាម្ចាស់ប្លុកA Dose of Cath ហើយនាងបានសរសេរ អត្ថបទ​ប្រមាណជា៤០រួចមកហើយ នៅក្នុងប្លុកនេះ ដែលភាគច្រើនទាក់ទងទៅនឹង បញ្ហាសុខភាព​បន្តពូជ និងសិទ្ធិស្មើគ្នាចំពោះផ្លូវភេទ ។​

ម្ចាស់​គេហទំព័រ ADose of Cath ដែលមាន​រាង​តូច​ស្តើង បាននិយាយ ​ទាំងទឹកមុខ​ញញឹម​តិចៗថា ​ប្លុកបានផ្តល់កំរៃដល់នាង​ពីព្រោះ​ក្នុងប្លុក មានពាណិជ្ជកម្មជាច្រើនត្រូវ​បានចុះ​ផ្សាយ​ចាប់តាំងពីបាន ​ចុះឈ្មោះក្នុង​សេវាមួយ ​របស់ក្រុមហ៊ុន Google ។ បើមា​នអ្នកចុច​ទស្ស​នា ​​ប្លុកកាន់តែច្រើននោះ មានន័យថា នាងអាចទទួលបាននូវ​ប្រាក់ចំណូលកាន់​តែ​ច្រើន​ផង​ដែរ។

កញ្ញា Catherine V Harry បញ្ជាក់ថា«អ្នកណាក៏អាចបង្កើត blogបានដែរហើយគ្រប់គ្នាគួរតែមានវា វាជាវេទិកាផ្តល់​ឱកាស ដល់យើងជាយុវជនបញ្ចេញមតិនិង អ្វីដែលយើងជឿជាក់ថា​ ត្រឹមត្រូវដើម្បី​ចែករំ​លែក​ដល់យុវជនផ្សេងទៀត»។

ទោះបីប្លុក ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បែបនេះក៏ដោយ ប៉ុន្តែយុវវ័យខ្មែរខ្លះ​ហាក់មិន​ទាន់​បានយល់ពី ​គុណសម្បត្តិរបស់វានៅឡើយនោះទេ ខណៈដែលយុវវ័យមួយចំនួនក៏បាន​ចាប់ផ្តើមបង្កើតប្លុកនេះ។

យុវជន ផេង ដាវីដ ​គឺយុវជនម្នាក់ដែលបានបង្កើតប្លុកមួយ ឈ្មោះ​ថា​sparkthefireandash.blogspot.com ។ប្លុកនេះ ទើបបានបង្កើតឡើងតែជិត ២សប្តាហ៍ប៉ុណ្ណោះ តែមានអត្ថបទ ប្រមាណជា៩អត្ថបទ ត្រូវបានបង្ហោះរួមមកហើយ ដែលភាគច្រើន ពាក់ព័ន្ធនឹងជីវិតប្រចំាថ្ងៃបរិស្ថាន និង​អត្ថបទលើកទឹកចិត្តមួយ

ចំនួនទៀត។ លោកផេង​ ដាវីដ ​ដែលទើបតែបញ្ចប់​ ការ​សិក្សា​នៅវិទ្យាស្ថានភាសាបរទេស ជឿជាក់ថា “ប្លុកជាកន្លែងដែល​អាចចែករំលែក នូវអ្វី​ដែល​​យើងចូលចិត្ត ចែករំលែកគំនិត និង ភាពច្នៃប្រឌិតរបស់យើងទៅកាន់ពិភពលោក»។ 

ជាសារចុងក្រោយ កញ្ញា គូនីឡា បានបង្ហើប ពីគន្លឹះធ្វើយ៉ាងណា ដើម្បីសរសេរប្លុក(Blog)អោយទទួលបានប្រជាប្រិយភាពច្រើននោះ គឺយុវជន គួរសរសេរនូវអ្វី ដែលខ្លួនឯងស្រលាញ់ចូលចិត្ត ជាមុនសិន ពីព្រោះប្លុក គឺជាកម្មសិទ្ធរបស់យើង។ ផ្ទុយមកវិញ បើអ្នកគិតថា ការសរសេរប្លុកគឺជាការងាររកប្រាក់ចំណេញនោះ អ្នកត្រូវធ្វើការស្រាវជ្រាវផ្នែកទីផ្សារ ឲ្យបានល្អិតល្អន់ជាមុនសិនថាតើអត្ថបទអ្វីដែលអ្នកអានចូលចិត្ត និងកុំភ្លេចដាក់ការស្រលាញ់ ទៅលើអ្វីដែលអ្នកកំពុងធ្វើផងដែរ៕