ចំណេះដឹង៖  ទិន្នន័យដើមឆ្នាំ ២០២២ អតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 40 ឆ្នាំគឺក្នុងខែមករា ជាមួយនឹងតម្លៃកើនឡើង 7.5% ធៀបនឹងឆ្នាំមុន។ បើតាមសេចក្ដីរាយការណ៍ពីការិយាល័យស្ថិតិរបស់អាមេរិក។ 

តើអតិផរណា មានន័យយ៉ាងដូចម្ដេច?

អតិផរណា គឺជារង្វាស់នៃអត្រាកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចមួយ។ ប្រសិនបើអតិផរណាកើតឡើង នោះនឹងនាំឱ្យតម្លៃកាន់តែខ្ពស់ សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជន ដូចជាតម្លៃប្រេង ថ្លៃអាហារ វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់សង្គម។ ក្នុងន័យខ្លី វាមានការពាក់ព័ន្ធជាមួយនៃ តម្រូវការនិងការផ្គត់ផ្គង់

ការកើតឡើងនៃអតិផរណា

អតិផរណាកាន់តែខ្ពស់អាចក្លាយជាកង្វល់មួយ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះវាធ្វើឱ្យប្រាក់សន្សំរបស់ពលរដ្ឋថ្ងៃនេះ មានតម្លៃតិចជាងថ្ងៃស្អែក។ អតិផរណា អាចបំផ្លាញអំណាចទិញរបស់អ្នកប្រើប្រាស់ ឬក្នុងន័យសាមញ្ញ គឺវាធ្វើឲ្យ លុយចុះថ្លៃ។ ឧទាហរណ៍ ប្រសិនបើវិនិយោគិនរំពឹងទទួលបាន ១០% ពីការវិនិយោគលើអាជីវកម្ម ឬភាគហ៊ុន ឬមូលបត្របំណុល ប៉ុន្តែអត្រាអតិផរណាកើតមានគឺ ៧% នោះ វិនិយោគិនរកបានត្រឹមតែ ៣% ប៉ុណ្ណោះ។

ជាទូទៅធនាគារកណ្តាលរបស់អាមេរិក ឬប្រទេសផ្សេងៗ មានការកំណត់គោលដៅនៃអតិផរណាប្រចាំឆ្នាំប្រហែល ២% ទៅ ៣% ឬអាចដល់ ៥% និងមានផែនការនៃការកែសម្រួលគោលនយោបាយរូបិយវត្ថុ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ប្រសិនបើតម្លៃកើនឡើងខ្លាំងពេក ឬលឿនពេក

ខាងក្រោមនេះ យើងសូមលើកយកហេតុផលមួយចំនួនដែលបណ្ដាលឲ្យមាន អតិផរណា៖

ជាទូទៅ អតិផរណា អាចកើតមានឡើងនៅពេលដែល តម្លៃកើនឡើង ដោយសារតែការកើនឡើងនៃថ្លៃដើមផលិតកម្ម ដូចជាវត្ថុធាតុដើម និងប្រាក់ឈ្នួលជាដើម។ មានន័យថា បើកាលណាតម្រូវការ​ទំនិញ​មិន​ប្រែប្រួល​ទេ តែ​ការផ្គត់ផ្គង់​ទំនិញ​ធ្លាក់ចុះ​ ដោយសារ​តម្លៃ​ផលិតកម្ម​កាន់តែ​ខ្ពស់ នោះនឹងបង្កឲ្យមានអតិផរណា​។ 

ហេតុផលមួយទៀត នោះគឺការកើនឡើងនៃតម្រូវការផលិតផល និងសេវាកម្ម អាចបណ្តាលឱ្យមានអតិផរណា ដោយសារអ្នកប្រើប្រាស់ មានឆន្ទៈក្នុងការចំណាយកាន់តែច្រើនសម្រាប់ផលិតផល។ នៅពេលដែលទំនិញមានតិច នោះអ្នកប្រើប្រាស់មានឆន្ទៈក្នុងការចំណាយកាន់តែច្រើនដើម្បីទទួលបានទំនិញ ដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍សេដ្ឋកិច្ចនៃការផ្គត់ផ្គង់ និងតម្រូវការ( Supply -Demand)។

ឧទាហរណ៍ វិបត្តិនៅប្រទេសរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យការផ្គត់ផ្គង់ប្រេង ឧស្ម័ន ត្រូវបានផ្អាកឬបិទការនាំចេញទាំងស្រុក នោះនឹងនាំឲ្យប្រេង ឧស្ម័នដែលត្រូវប្រើក្នុងប្រទេសពឹងលើការនាំចូលពីរុស្ស៊ី ត្រូវខ្វះការផ្គត់ផ្គង់។ ក្នុងរយៈពេលខ្លី វានឹងធ្វើឲ្យតម្លៃប្រេង ឧស្ម័នឡើងកប់ពពក។

ក្រៅពីនេះ គោលនយោបាយសារពើពន្ធ ដូចជា នៅពេលរដ្ឋាភិបាលកាត់ភាគរយពន្ធដារ បង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ឬការកាត់បន្ថយអាត្រាការប្រាក់ជាដើម ដែលនឹងនាំឲ្យមានបម្រែបម្រួលលើ ការផ្គត់ផ្គង់ និងតម្រូវការ៕