អ្នកធ្លាប់សួរខ្លួនឯងដែរឬទេថា ហេតុអ្វីបានជាអ្នកមិនទិញទំនិញ ឬប្រើសេវាកម្មណាមួយនោះ? តើអ្នកមានគំនិតយ៉ាងណាបានជាមិនទិញទំនិញឬប្រើសេវាកម្មនោះៗ?

ពិតណាស់អ្នកតែង តែមានហេតុផលជាច្រើនប្រការក្នុងការដែលប្រាប់ថាហេតុអ្វីបានជាមិនទិញទំនិញ ឬប្រើ សេវាកម្មនោះៗ។ យ៉ាងណាមិញការសម្រេចចិត្តមិនទិញទំនិញរបស់អតិថិជនម្នាក់ៗរមែង មានភាពខុសប្លែកគ្នាផងដែរ។ ហេតុនេះសូមកុំគិតថា មុខទំនិញតែមួយមុខដូចគ្នាអាចប្រើវិធីសាស្រ្ត ក្នុងការបដិសេធមិនទិញដូចគ្នាឲ្យសោះ។

១.មិនឃើញខុសប្លែក

ប្រសិនបើអ្នកលក់ទំនិញ ដូចដែលមានគេលក់ទូទៅហើយនោះវាពិបាកនឹងធ្វើឲ្យអតិថិជន ទិញដោយងាយណាស់ព្រោះអតិថិជនមើលមិនឃើញមានភាពខុសប្លែកសោះក្នុងទំនិញរបស់អ្នក។ អ្វីក៏ដោយមានភាពខុសប្លែករមែងតែងតែមានការចាប់អារម្មណ៍បានច្រើនជាងអ្វី ដែលគ្មានភាពខុសប្លែកចំណែកទំនិញដែលមានភាពប្លែកពីទំនិញដទៃអាចបង្កឲ្យមានភាពលេចធ្លោបានដោយខ្លួនឯងវាផ្ទាល់តែម្តង។

២.មិនបង្កឲ្យមានការចរចារសុំបន្ធូរបន្ថយ ឬតថ្លៃច្រើនដង

បើអ្នកលក់ទំនិញហើយមានអតិថិជនមកសុំតថ្លៃជាមួយអ្នក តើអ្នកព្រមបញ្ចុះតម្លៃ ឬព្រមឲ្យ មានការចរចារសុំបន្ធូរបន្ថយដែរឬទេ? បើអ្នកមិនព្រមបញ្ចុះតម្លៃ មិនព្រមឲ្យមានការតវ៉ាខ្លះ ស្រាប់តែ អតិថិជនមិនទិញទំនិញពីអ្នកសូមអ្នកទទួលដឹងផងចុះថា ព្រោះពុំមានការតវ៉ាបន្ធូរបន្ថយពេញចិត្តក្នុងការចរចារ ដើម្បីឲ្យបានតម្លៃដែលទាបជាងតម្លៃធម្មតាទូទៅ។

៣.មិនចូលចិត្តសាកល្បងរបស់ថ្មី

បើអ្នកទៅលក់ទំនិញឲ្យមនុស្សដែលមិនចូលចិត្តការប្រែប្រួលគេប្រើសម្លៀកបំពាក់ម៉ូតដដែលៗ ប្រើថ្នាំដុសធ្មេញយីហោដដែលហូបអាហារនៅអាហារដ្ឋានដដែលៗ ប្រើគ្រឿងយន្តម៉ាកដដែលៗមិនព្រមប្រែប្រួលអ្វីជាមួយខ្លួនឯងសោះ សូមទទួលដឹងថា ការដែលមិនព្រមទិញទំនិញពីយើងព្រោះ តែពួកគាត់មិនចូលចិត្តសាកល្បងរបស់ថ្មីទេ។

៤.មិនជឿជាក់លើទំនិញ

បើអ្នកឆ្លើយនឹងសំណួរអតិថិជនមិនបាននិយាយឲ្យអតិថិជនជឿជាក់មិនបាន បង្ហាញឲ្យអតិថិជន កើតមានទំនុកចិត្តលើទំនិញមិនបានធ្វើឲ្យអតិថិជនខ្វះជឿជាក់លើទំនិញ។ ទាំងនេះជាមូលហេតុដែល ធ្វើឲ្យអតិថិជនមិនទិញទំនិញពីអ្នក។

៥. មិនចូលចិត្តនឹងអ្នកលក់ 

បើអ្នកមានទំនិញដែលល្អតម្លៃសមរម្យ សេវាកម្មគួរឲ្យពេញចិត្ត ប៉ុន្តែអតិថិជននៅមិនព្រម ទិញទំនិញឬប្រើសេវាកម្មទៀតនោះអាចបណ្តាលមកពីមិនចូលចិត្តអ្នកលក់។ ចុះហេតុអ្វីបានជា អតិថិជនមានអារម្មណ៍បែបទៅវិញ?គឺអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា បុគ្គលិកលក្ខណៈមិនគួរឲ្យជឿជាក់មិនញញឹមស្រស់ស្រាយ និយាយស្តីមិនពិរោះ មិនសូវ ជាយកចិត្តទុកដាក់និងស្លៀកពាក់មិនត្រឹមត្រូវជាដើម។

៦.មិនចូលចិត្តសម្រេចចិត្ត

ចំពោះទំនិញដែលមានតម្លៃមិនថ្លៃតម្លៃដែលមិនខ្ពស់ហួសពេក ការសម្រេចចិត្តរបស់អតិថិជន ប្រហែលជាពុំមានអ្វីស្មុគស្មាញប៉ុន្មាននោះទេ។ បើពេលណាក៏ដោយដែលទំនិញមានតម្លៃហាក់ ដូចជាខ្ពស់មិនថាជារថយន្ត ផ្ទះ ការសម្រេចចិត្តដើម្បីនឹងទិញមុខជាធ្វើឡើងយ៉ាងល្អិតល្អន់ មិនសម្រេចចិត្តភ្លាមៗនោះទេ។ មួយវិញទៀតមានអតិថិជនខ្លះមិនចូលចិត្តសម្រេចចិត្តក្នុងជាច្រើន រឿងហើយអ្នកដែលមានគូគ្រងក៏ប្រឹក្សាជាមួយគូជីវិត អ្នកដែលមានមិត្តក៏ប្រឹក្សាជាមួយមិត្ត។ 

ចំណែកអ្នកដែលមានសាច់ញាតិ បងប្អូន ក៏ប្រឹក្សានឹងសាច់ញាតិបងប្អូនក្នុងគ្រប់រឿងដែលត្រូវមានការ សម្រេចចិត្ត។ដូច្នេះការដែលទំនិញល្អ តម្លៃសមរម្យ អ្នកលក់និយាយស្តីល្អប៉ុន្តែអតិថិជននៅតែមិនទិញ អាចបណ្តាលមកពីអតិថិជនមិនចូលចិត្តធ្វើការសម្រេចចិត្តក៏ថាបានដែរ។

៧.មិនមានលទ្ធភាពទិញ

បើអតិថិជនមានចំណាប់អារម្មណ៍លើទំនិញឬផលិតផលយ៉ាងខ្លាំង ហើយមានសេចក្តី ត្រូវការចង់បានមុខទំនិញនោះយ៉ាងច្បាស់។ ប៉ុន្តែនៅពុំទាន់សម្រេចចិត្តទិញ ឬប្រើសេវាកម្ម នោះៗអាចបណ្តាលមកពីអតិថិជនពុំមានលទ្ធភាពទិញពោលគឺខ្វះសមត្ថភាពក្នុងការរកប្រាក់ ចំណូលឲ្យបានដើម្បីនឹងចាយវាយដោះដូរជាមួយទំនិញ ឬសេវាកម្មដែលគេត្រូវការ។ អ្នកលក់ ត្រូវយល់ពីហេតុផលដែលមិនអាចធ្វើឲ្យលក់ដាច់បានគឺពុំមែនមកពីទំនិញមិនល្អ អ្នកលក់មិន ពូកែនោះទេប៉ុន្តែអតិថិជនមិនមានលទ្ធភាពទិញទៅវិញទេ។

៨. មិនប្រកាន់យកហេតុផលណាសោះ

ប្រសិនបើអ្នករកហេតុផលណាពុំបានថាហេតុអ្វីបានជាអតិថិជនមិនទិញទំនិញរបស់អ្នក? អាចជាហេតុផលចុងក្រោយគឺមកពីអតិថិជនមិនប្រកាន់យកហេតុផលណាសោះ។  

សរុបរួមមកវិញហេតុផលទាំង៨ ប្រការដែលបានលើកយកមកបង្ហាញជូននេះ គឺគ្រាន់តែប្រាប់ថា ការបដិសេធមិនទិញជារឿងធម្មតានោះទេក្នុងការលក់ដូរ។ យ៉ាងណាមិញបណ្តាអ្នកលក់ទាំងឡាយចូរធ្វើចិត្តព្រមទទួលយកហើយពុះពារទៅមុខក្នុងការបំពេញតួនាទីជាអ្នកលក់បន្តទៀត ព្រោះការទិញនិងការមិនទិញ ជាអ្វីដែលមិនអាចញែកចេញពីជីវិតជាអ្នកលក់បានឡើយ៕