រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំគណរដ្ឋមន្រ្តីកាលពីថ្ងៃទី១៦ ធ្នូ ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏នឹងបង្កើតខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕