ក្នុងការគ្រប់គ្រងក្រុមហ៊ុន ឬស្ថាប័ននានាមានរឿងជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញផែនការសកម្មភាពឱ្យដំណើរការទៅបានដោយរលូននិងទទួលបានភាពជោគជ័យ។ ក្នុងចំណោមចំណុចគន្លឹះទាំងអស់ ការគ្រប់គ្រងធនធានមនុស្សជាចំណុចសំខាន់មួយផងដែរដែលអ្នកគ្រប់គ្រងស្ថាប័នចាំបាច់ត្រូវយកចិត្តទុកដាក់។
លោក អួង បូរិន អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្ស បានលើកឡើងថា ធនធានមនុស្សគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ព្រោះផ្នែកនេះជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យគ្រប់ដំណើរការទាំងអស់អាចអនុវត្តបានដោយរលូន។ ប្រសិនបើធនធានមនុស្សមានបញ្ហា នោះចង្វាក់ផលិតកម្ម ឬសេវាកម្មក៏មានបញ្ហាដែរ។ហេតុនេះហើយទើបគ្រប់ស្ថាប័នទាំងអស់យកចិត្តទុកដាក់ និងប្រុតប្រយ័ត្នលើផ្នែកមួយនេះ។
តែទោះជាយ៉ាងនេះក្តី លោកមើលឃើញថាស្ថាប័នមួយចំនួនហាក់បារម្ភច្រើនជាមួយនឹងចំនួនមនុស្ស មិនមែនបារម្ភជាមួយនឹងធនធានមនុស្សនោះទេ។ លោកថាតាមពិតទៅ ការមើលទៅលើចំនួនមនុស្សនិងធនធានមនុស្សជាចំណុចខុសគ្នា។ ប្រសិនបើចង់បានចំនួនមនុស្សដើម្បីចូលមកប្រើការងារក្នុងក្រុមហ៊ុនមិនខ្វះនោះទេ តែអ្វីដែលលំបាកគឺធនធានមនុស្ស។
លោក អួង បូរិន បាននិយាយថា ៖«បើចង់បានចំនួនមនុស្ស យើងអាចទៅផ្សារដើមគរ នឹងឃើញសុទ្ធតែមនុស្ស។យើងអាចអញ្ជើញពួកគេឱ្យចូលធ្វើការងារថ្ងៃណាក៏បានដែរ តែប្រសិនបើយើងចង់បានធនធានមនុស្សទើបយើងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន»។
អ្នកជំនាញធនធានមនុស្សខាងលើបានលើកឡើងផងដែរថា គ្រប់ស្ថាប័នទាំងអស់មិនមែនត្រូវការត្រឹមតែចំនួនមនុស្សនោះទេតែគេត្រូវការសមត្ថភាពពិតប្រាកដ ក្នុងការបំពេញការងាររបស់មនុស្សទាំងអស់នោះ។ ហេតុនេះពេលខ្លះក្នុងក្រុមហ៊ុន មិនអាចរកមនុស្សដែលមានធនធានច្រើនចូលមកធ្វើការងារភ្លាមៗនោះទេ តែត្រូវមានកម្មវិធីច្បាស់លាស់ដើម្បីបណ្តុះបណ្តាលពួកគេ ឱ្យមានធនធានកាន់តែច្រើន។ នៅពេលសមាជិកម្នាក់ៗក្នុងក្រុមហ៊ុន មានសមត្ថភាពកាន់តែខ្លាំង នោះចង្វាក់ផលិតកម្មនិងសកម្មភាពរបស់ក្រុមហ៊ុនកាន់តែមានថាមពល និងសក្តានុពលទៅតាមនោះដែរ៕