អ្នកនឹងត្រូវទទួលខុសត្រូវ ចំពោះការកំណត់ទិសដៅ និងរៀបចំផែនការសំខាន់ៗដែលនឹងអាចអភិវឌ្ឍខ្លួន ឲ្យមានភាពកាន់តែស្ទាត់ជំនាញក្នុងការសម្រេចចិត្ត។
ការសម្រេចចិត្តជាលើកដំបូងដោយគ្មានបទពិសោធន៍ លទ្ធផលនឹងមិនបានល្អប្រសើរ ប៉ុន្តែប្រសិនបើ អ្នកអាចកាត់បន្ថយទម្លាប់អាក្រក់បន្តិចម្តងៗ និងជំនួសដោយការអនុវត្តជាវិជ្ជមានវិញនោះ អ្នកនឹងទទួលបានជោគជ័យកាន់តែខ្លាំង។ ខាងក្រោមជាទម្លាប់អាក្រក់មួយចំនួនដែលអ្នកគួរតែទប់ស្កាត់
១.មិនធ្វើការស្រាវជ្រាវ
ការស្រាវជ្រាវអាច និងគួរតែអនុវត្តនៅរាល់ការសម្រេចចិត្តទាំងអស់ដែលអ្នកធ្វើដោយចាប់តាំងពីការកំណត់អតិថិជនគោលដៅ រហូតដល់ ការជួលអ្នកឯកទេសផ្នែកផ្តល់សេវាអតិថិជន។ ពេលវេលានិងកម្លាំងដែលអ្នកបានចំណាយទៅលើការស្រាវជ្រាវ គួរតែមានសមាមាត្រដោយផ្ទាល់ ទៅនឹងទំហំនៃការសម្រេចចិត្ត។ជាក់ស្តែង ការកែប្រែការសម្រេចចិត្តគួរតែ ធ្វើការសិក្សាអោយបានច្បាស់លាស់ មុននឹងសម្រេចថាត្រូវដឹកនាំក្រុមហ៊ុនតាមច្រកណាមួយ។ នៅពេលដែលអ្នកមានទិន្នន័យនៅចំពោះមុខអ្នក អ្នកនឹងងាយស្រូលក្នុងការសម្រេចចិត្ត។
២. ការប្រើប្រាស់សភាវគតិ
អ្នកខ្លះក្លាយជាសហគ្រិនដោយសារពួកគេគ្រាន់តែមានអារម្មណ៍ថា ពួកគេចូលចិត្តធ្វើវា ហើយបានចូលប្រឡូកក្នុងមុខតំណែងនេះពីព្រោះវាជារឿងល្អមួយដែលពួកគេចង់ធ្វើ។
ជាទូទៅ សហគ្រិនប្រភេទនេះមានស្មារតីរឹងមាំ ប៉ុន្តែពួកគេមិនអាចបំពេញមុខងារបានយូរនោះទេ ពីព្រោះពួកគេខ្វះខាតមូលដ្ឋានគ្រឹះ។សូម្បីតែសហគ្រិនដែលមានជំនាញ និងមានភាពជាក់ស្តែង ពេលខ្លះក៏រងគ្រោះដោយសារបញ្ហា“សភាវគតិ” ដែរ។ ទោះបីជានៅក្នុងករណីមួយចំនួន សភាវគតិអាចជួយអ្នកក្នុងការសម្រេចចិត្ត រវាងជម្រើសពីរដែលអាចប្រៀបធៀបគ្នាបានប៉ុន្តែសម្រាប់ដំណើរការនៅក្នុងរយៈពេលវែង ការពឹងផ្អែកលើដំបូន្មាន ដែលមានភាពជាក់ស្តែងនិងមានហេតុផល គឺជាយុទ្ធសាស្រ្តមួយដែលល្អប្រសើរជាង។
៣. ការរង់ចាំយូរពេក
សហគ្រិនខ្លះ ប្រឈមនឹងការសម្រេចចិត្ដដ៏ពិបាក ដោយសារគាត់ពន្យារពេលក្នុងការសម្រេចចិត្តយូរ។ឧទាហរណ៍៖ ប្រសិនបើសហគ្រិន កំពុងពិចារណាអំពីការបណ្តេញបុគ្គលិក គាត់អាចពន្យារពេលធ្វើការសម្រេចចិត្តនោះពីព្រោះវាគឺជាការសម្រេចចិត្តដ៏ពិបាកមួយ ហើយឆ្លងកាត់ពេលវេលាយូរៗទៅ និងអាចទទួលបានព័ត៌មានកាន់តែច្រើនដែលអាចធ្វើឲ្យការសម្រេចចិត្ត មានភាពងាយស្រួលជាងមុន។ ប៉ុន្តែនិយោជិតដែលអាចបង្កការខូចខាតដល់ក្រុមហ៊ុនដែលនឹងត្រូវបណ្តេញចេញក្នុងរយៈពេលបីខែខាងមុខ អាចនឹងបង្កឲ្យមានការខូចខាតដល់ក្រុមហ៊ុនអ្នករយៈពេលបីខែបន្ថែមទៀត ប្រសិនបើអ្នកមិនបណ្តេញគេចេញនៅថ្ងៃនេះទេនោះ។
អ្នកមិនត្រូវបានផ្តល់ដំបូន្មាន ឲ្យធ្វើការសម្រេចចិត្តភ្លាមៗនោះទេប៉ុន្តែវានឹងកាន់តែអាក្រក់ថែមទៀតក្នុងការពន្យារពេលធ្វើការសម្រេចចិត្តលើអ្វីមួយ ដែលអ្នកត្រូវសម្រេចចិត្តឲ្យបានលឿន។ក្នុងករណីភាគច្រើន សេចក្តីសម្រេចចិត្តដែលមិនល្អឥតខ្ចោះគឺប្រសើរការមិនសម្រេចចិត្តអ្វីទាំងអស់។
៤. ការពឹងផ្អែកលើអ្នកដទៃ
ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មអ្នកគួរបើកចំហរសម្រាប់ការទទួលបាននូវមតិនានា។ អ្នកគួរស្តាប់ដៃគូររបស់អ្នក អ្នកវិនិយោគរបស់អ្នកអ្នកផ្តល់ដំបូន្មានរបស់អ្នក និយោជិតរបស់អ្នក និងសូម្បីតែមិត្តនិងក្រុមគ្រួសាររបស់អ្នក នៅពេលដែលអ្នកធ្វើការថ្លឹងថ្លែង ចំពោះជម្រើសសម្រាប់ការសម្រេចចិត្តសំខាន់ៗ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរពឹងផ្អែកលើមតិរបស់អ្នកដទៃ ដើម្បីធ្វើការសម្រេចចិត្តនោះទេ។
ប្រសិនបើអ្នកយល់ឃើញថាអ្នកអាចធ្វើការសម្រេចចិត្តបានភ្លាមៗ បន្ទាប់ពីអ្នកបានសាកសួរអំពីមតិរបស់អ្នកណាម្នាក់ហើយនោះវាអាចបង្ហាញថា អ្នកពឹងផ្អែកលើដំបូន្មានរបស់អ្នកខាងក្រៅខ្លាំងពេក។នេះគឺជាអាជីវកម្មរបស់អ្នក អ្នកត្រូវធ្វើការសម្រេចចិត្តដោយខ្លួនអ្នកផ្ទាល់។
៥. ការជៀសវាង ទទួលយកការឈឺចាប់
មានការសម្រេចចិត្តដ៏ឈឺចាប់ជាច្រើន ដែលអ្នកនឹងត្រូវធ្វើក្នុងនាមជាសហគ្រិនម្នាក់។អ្នកនឹងត្រូវបណ្តេញបុគ្គលិកចេញ។ អ្នកនឹងត្រូវចាកចេញពីដៃគូ។អ្នកនឹងត្រូវបោះបង់ផលិតផល។ អ្នកនឹងត្រូវកាត់ចំណាយសំខាន់ៗ។ ការបញ្ចៀសការឈឺចាប់នៅក្នុងរយៈពេលខ្លីមិនមែនជាគំនិតល្អនោះទេ។ នៅក្នុងករណីជាច្រើនអ្នកត្រូវតែប្រឈមនឹងការឈឺចាប់រយៈពេលខ្លី ដើម្បីធានាចំពោះលទ្ធផលនៅក្នុងរយៈពេលវែង។
ការសម្រេចចិត្ត “ល្អ” និង “អាក្រក់” មិនអាចត្រូវបានកំណត់ដោយផ្អែកលើលទ្ធផលចុងក្រោយនោះទេ។ ផ្ទុយមកវិញ គុណភាពនៃការសម្រេចចិត្តមួយ គួរត្រូវបានកំណត់ដោយចំនួននិងប្រភេទនៃការខិតខំប្រឹងប្រែងដែលយើងបានធ្វើការសម្រេចចិត្តនោះ។ ផ្អែកតាមនិយមន័យទាំងនោះ វាបានទៅរួចទាំងស្រុងដែលការសម្រេចចិត្ត “អាក្រក់” អាចទទួលបានលទ្ធផលល្អ ហើយការសម្រេចចិត្ត “ល្អ”អាចទទួលបានលទ្ធផលអាក្រក់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែង ការសម្រេចចិត្ត “ល្អ”នឹងតែងតែល្អជាង ការសម្រេចចិត្ត “អាក្រក់” ជានិច្ច៕