១. Freelancer
ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ Freelancer បច្ចុប្បន្នគឺជាទីផ្សារការងារអនឡាញដ៏ធំសម្បើមរបស់អ្នកធ្វើការបែបFreelance ដោយមានភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងអ្នកធ្វើការឯករាជ្យប្រមាណជាង៤៥លាននាក់ពី២៤៧ប្រទេស។ ការបង្កើតគណនីនៅ Freelancer គឺមិនមានគិតថ្លៃសេវាអ្វីឡើយហើយអ្នកអាចបង្ហាញសមត្ថភាពនិងបទពិសោធន៍ការងាររបស់អ្នកដោយឥតគិតថ្លៃសម្រាប់ការស្វែងរកការងារដែលស័ក្ដិសមជាមួយអ្នក។
នៅលើវិបសាយនេះ អ្នកអាចស្វែងរកការងារបានទាំងក្នុងស្រុក និងក្រៅស្រុកក្នុងវិស័យចម្រុះផ្សេងៗគ្នាដូចជាគណនេយ្យ ស្ថាបត្យកម្ម ឌីហ្សាញ ធនធានមនុស្ស ផ្នែកសរសេរមាតិកា ទីផ្សារបណ្ដាញសង្គម ផ្នែកលក់ អ្នកអភិវឌ្ឍសូហ្វវែរជាដើម។ ប៉ុន្តែទោះបីជានៅលើ Freelancer គឺមិនគិតថ្លៃពីដំបូងក៏ដោយ វិបសាយនេះនឹងរកចំណូលបាននៅពេលដែលអ្នកទទួលបានការងារពីអតិថិជនរបស់អ្នកដែលអ្នកអាចស្វែងយល់បន្ថែម នៅពេលចូលទៅកាន់វិបសាយនេះ។
២.Upwork
Upwork ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ដែលមានឈ្មោះដំបូងគឺ Elance ហើយគិតមកដល់ពេលនេះ វាគឺជាវេទិការដ៏ធំមួយដែរដែលមានគណនីអ្នកធ្វើការឯករាជ្យជាង១៦លាននាក់និងអតិថិជនប្រមាណជាង៥លាននាក់។ ការបង្កើតគណនីនៅលើ Upwork ក៏មិនមានការគិតថ្លៃអ្វីដែរដោយគ្រាន់តែបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន គំរូការងារ ប្រវត្តិរូបសង្ខេប និងPersonal Statement ជាដើម។ មិនដូច Freelancer ឡើយ Upwork ត្រូវតែយល់ព្រមចំពោះគណនីរបស់អ្នកជាមុនសិន ទើបអ្នកអាចចូលរួមក្នុងវេទិកាមួយនេះដើម្បីស្វែងរកការងារបាន។ ចំណែកវិស័យដែលអ្នកអាចរកបាននៅលើ Upworkក៏មានចម្រុះដូចគ្នាទៅនឹង Freelancer ខាងលើដែរ។
ប្រសិនបើUpwork កំណត់ឃើញថាជំនាញរបស់អ្នកមិនទាន់ត្រូវទៅនឹងស្តង់ការ ឬទីផ្សារដែលពួកគេត្រូវការទេនោះពាក្យស្នើសុំចូលរួមលើវេទិការនេះនឹងត្រូវបានបដិសេធ តែប្រសិនបើគណនីរបស់អ្នកត្រូវបានយល់ព្រមអ្នកអាចស្វែងរកការងារ និងដេញថ្លៃជាមួយអ្នកផ្សេងបាន។ ដូចគ្នាដែរ Upwork គិតថ្លៃសេវាការងាររបស់អ្នកជា% នៅពេលអ្នកទទួលបានការងារពីអតិថិជននីមួយៗដោយជោគជ័យ។
៣.Fiverr
ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ពេលនេះ Fiverr ទទួលបានកិត្តិនាមថាជាវេទិការការងារដ៏ពេញនិយមមួយសម្រាប់អ្នកធ្វើការឯករាជ្យជាពិសេសសម្រាប់អ្នកដែលទើបប្រឡូកចូលក្នុងអាជីពនេះដំបូងៗ។
Fiverrច្រើនផ្ដោតលើអតិថិជនដែលត្រូវការសេវាកម្មធ្ងន់ៗដូចជាវិស័យ Creative ឬ ឌីហ្សាញជាដើម ប៉ុន្តែក៏មានកន្លែងសម្រាប់អ្នកដែលត្រូវការការងារលើវិស័យដូចជាការគ្រប់គ្រងគ្រោងការណ៍ ផ្នែកច្បាប់ ការប្រឹក្សាយោបល់ផ្នែកអាជីព សេវាកម្មIT និងវិស័យមួយចំនួនទៀត។ ដើម្បីក្លាយជាអ្នកលក់នៅលើ Fiverr អ្នកត្រូវបង្កើតគណនីមួយ ដែលមិនមានការគិតថ្លៃអ្វីឡើយហើយត្រូវបង្ហាញអំពីជំនាញ និងបទពិសោធន៍ដែលអ្នកអាចផ្ដល់ឱ្យអតិថិជនរបស់អ្នក។
Fiverr ត្រូវកាត់ថ្លៃជើងសារ ២០% សម្រាប់ការលក់បានសេវាកម្មនីមួយៗនិងបង្កកប្រាក់ដែលអ្នកនឹងទទួលបានចំនួន១៤ថ្ងៃ ក្រោយពីការងាររបស់អ្នកបានបញ្ចប់។ នេះក៏ព្រោះតែពួកគេទុកពេល១៤ថ្ងៃនេះដើម្បីបង់សងត្រឡប់ទៅអតិថិជនវិញ ក្នុងករណីមានកំហុសឆ្គងឬបញ្ហាណាមួយ។ ដូច្នេះប្រសិនបើផុតពី១៤ថ្ងៃនេះ គ្មានអតិថិជនមកតវាអ្នកលក់នឹងអាចទទួលបានប្រាក់ដែលពួកគេរកបាននោះចូលទៅក្នុងគណនីធនាគាររបស់ពួកគេ ឬគណនីPayPal៕