មនុស្សម្នាក់ៗ ទោះស្ថិតក្នុងកាលៈទេសៈ ស្ថានភាពឬអាជីពណាក៏ដោយ សុទ្ធតែត្រូវការភាពស្ងប់សុខ និងសុភមង្គលសម្រាប់ជីវិតរស់នៅ តែជាអកុសល មនុស្សជាច្រើនកាន់តែខំកាន់តែជួបទុក្ខ ហើយកាន់តែប្រឹងប្រែងកាន់តែក្តៅក្រហាយទៅវិញ។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
ពាក់ព័ន្ធនឹងបញ្ហានេះ លោក នឹម ឈុន្នី អ្នកជំនាញផ្នែកអប់រំផ្លូវចិត្ត (mindfulness) និងជានាយកក្រុមហ៊ុន Vipassa បានលើកឡើងថា មិនថាអ្នករកស៊ី អ្នកធ្វើការងារឬជីវិតក្រុមគ្រួសារនោះទេ គោលដៅចម្បងនៃការរស់នៅរបស់យើងគឺភាពស្ងប់ខុស។ ហេតុនេះទោះបីជាខំរកលុយ ក៏ខំដើម្បីសេចក្តីសុខ ហើយទោះខំប្រឹងប្រែងបង្កើតអ្វីថ្មីៗក៏ជាទូទៅ យើងធ្វើដើម្បីឱ្យយើងមានសេចក្តីស្ងប់សុខក្នុងចិត្តដែរ។ បច្ចុប្បន្ននេះដោយសារតែការប្រកួតប្រជែងលើគ្រប់ផ្នែកមានកាន់តែខ្លាំង ស្របពេលដែលសម្ភារៈនិយមក៏មានច្រើនថែមទៀតនោះ បានធ្វើឱ្យមនុស្សខ្លះវង្វេងគោលដៅសំខាន់នេះ ហើយខិតខំប្រឹងប្រែងទាំងមិនបានយកចិត្តទុកដាក់ លើសេចក្តីសុខផ្នែកផ្លូវចិត្តដែលធ្វើឱ្យពួកគេនឿយណាយ និងបាក់ទឹកចិត្ត។
លោក នឹម ឈុន្នី បាននិយាយថា៖ «ការយកចិត្តទុកដាក់ លើសេចក្តីសុខផ្នែកផ្លូវចិត្តជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះទោះបីជាធ្វើការក៏ដោយ ឬរកស៊ីក៏ដោយ ឱ្យតែអារម្មណ៍មិនស្ងប់ មួរម៉ៅច្រើន ហើយធ្វើអ្វីក៏មិនអាចទទួលបានលទ្ធផលដែរ។ បន្ថែមពីលើនេះបើមួយថ្ងៃៗ រវល់តែជាមួយនឹងភាពច្របូកច្របល់ ដោះស្រាយបញ្ហាដដែលៗមិនចេះចប់មិនចេះហើយ នោះជីវិតយើងនឹងក្រិន ហើយមិនអាចទទួលបានលទ្ធផលអ្វីទាំងអស់»។
អ្នកជំនាញផ្នែកអប់រំខាងលើបានលើកឡើងផងដែរថា ជាទូទៅមនុស្សយើងងូតទឹកមួយថ្ងៃពីរបីដង ហើយដុសធ្មេញក៏ពីរបីដងដែរ តែសម្រាប់ផ្លូវចិត្តរបស់យើង ពេលខ្លះយើងទុកវាជាច្រើនខែឆ្នាំដោយមិនបានសម្អាតវាសោះ។ សុខភាពផ្លូវចិត្ត មិនខុសពីសុខភាពផ្លូវកាយនោះទេ ប្រសិនបើយើងមិនសម្អាតវាឱ្យស្អាតនោះទេ វានឹងធ្វើឱ្យយើងមានជំងឺឬអាចធ្វើឱ្យជីវិតរបស់យើងមានបញ្ហា។ ហេតុនេះការថែរក្សាសុខភាពផ្លូវចិត្ត ចាំបាច់ត្រូវតែធ្វើជាប់ជាប្រចាំនិងសម្អាតវាជារឿយៗ។
លោកឈុន្នីថា ការអប់រំផ្នែកផ្លូវចិត្តអាចធ្វើឱ្យការងារ ឬការរកស៊ីរបស់យើងទទួលបានផលិតភាពខ្ពស់បាន ព្រោះកាលណាអារម្មណ៍ជ្រះស្រលះល្អ ហើយមើលឃើញច្បាស់ពីគោលដៅសំខាន់បំផុត សម្រាប់ធ្វើឱ្យជីវិតរស់នៅប្រកបដោយអត្ថន័យខ្ពស់ យើងនឹងអាចអនុវត្តបេសកកម្មប្រចាំថ្ងៃប្រកបដោយភាពរីករាយ។ បន្ថែមពីលើនេះឧបសគ្គខាងក្រៅដូចជាបញ្ហាសម្ភារៈនិយម ការចង់ចាញ់ចង់ឈ្នះ ឬក្តីខឹងក្រោធដែលកើតចេញពីអ្នកដទៃធ្វើមិនដូចចិត្តយើងក៏ត្រូវបានកាត់បន្ថយដែលធ្វើឱ្យជីវិតរបស់យើងរស់នៅប្រកបដោយអត្ថន័យខ្ពស់ជាមួយនឹងអ្វីដែលយើងធ្វើ។ពីមួយដំណាក់កាល ទៅមួយដំណាក់កាលនៃដំណើរជីវិតសុទ្ធតែជាលទ្ធផលនៃភាពវិជ្ជមានដែលកំដរជីវិតរបស់យើងឱ្យរស់ក្នុងភាពស្ងប់សុខហើយថែមទាំងបង្កើតប្រយោជន៍បានយ៉ាងច្រើនសម្រាប់ខ្លួនឯង និងសង្គមបានថែមទៀតផង៕