ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ដើម្បីអាចធ្វើអាជីវកម្មមួយបានដើមទុនពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្ម។ ដោយសារតែការធ្វើអាជីវកម្មនីមួយៗគឺសុទ្ធសឹងតែត្រូវការដើមទុនច្រើនសម្រាប់ការចាប់ផ្តើមរកសុីឲ្យលេចចេញជារូបរាងពេញលក្ខណៈ។
យ៉ាងណាមិញខាងក្រោមនេះជាប្រភេទអាជីវកម្មមួយចំនួន ដែលអាចឲ្យអ្នកមានដើមទុនចន្លោះពី ១០០$ ទៅ២០០០$ ហើយអាជីវកម្មទាំងប៉ុន្មាននេះ គឺត្រូវការដើមទុនមិនច្រើនដូចអាជីវកម្មធំៗមួយចំនួនឡើយ។
១.អាជីវកម្មលក់អីវ៉ាន់តាមអនឡាញ
ម្ចាស់អាជីវកម្មដែលលក់ទំនិញតាមអនឡាញ មួយចំនួនបានប្រើប្រាស់វិធីសាស្រ្ដ បញ្ជាទិញជាមុន (Order) ដោយមានការកក់ប្រាក់ខ្លះៗ មុនទំនិញដឹកដល់ដៃអតិថិជននិងត្រូវបង់បន្ថែម។ ក្រោយមក ទំនិញទាំងនេះ នឹងត្រូវបាន បញ្ជាទិញបន្ត ទៅឃ្លាំងឬកន្លែងផលិតផ្ទាល់ដើម្បី ក្នុងរយៈពេលកំណត់មួយ និងមានបរិមាណច្រើនដើម្បីចំណេញថ្លៃដឹក។ នេះគឺ លោកអ្នកអាចចំណាយទុនខ្លះដើម្បីទិញទំនិញមកបង្ហាញអតិថិជនប៉ុណ្ណោះ។ ការធ្វើបែបនេះបាន លោកអ្នកត្រូវដឹងពីប្រភពនៃទំនិញជាមុន។
ដោយឡែក ផលិតផលខ្លះ លោកអ្នកក៏អាចចរចារដើម្បីយកលក់ជាមុន និងបង់ថ្លៃទំនិញក្នុងកន្លះខែឬ១ខែក្រោយ លក់ដាច់។ អាជីវកម្មប្រភេទនេះកំពុងមានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ម៉្យាងវិញទៀតអាជីវកម្មនេះគឺមិនតម្រូវឲ្យលោកអ្នកធ្វើការចោះដើមទុនច្រើនទៅលើវានោះទេ។ ក្នុងនោះផងដែរអ្នកទាំងអស់គ្នាដែលមានដើមទុនចន្លោះពី ១០០$ទៅ ១០០០$ ក៏អាចរកសុីបានយ៉ាងងាយស្រួល។

២ អាជីវកម្មបើកហាងកាហ្វេ
អាជីវកម្មកាហ្វេឆុងដោយម៉ាស៊ីន មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការពេញនិយមគ្រប់កន្លែង ដែលកំពុងតែរីករាលដាលដល់ជនបទ។ ដូច្នេះចំពោះអ្នកដែលមានបំណងប្រាថ្នា ចង់បើកហាងកាហ្វេលក្ខណៈទ្រង់ទ្រាយតូចអ្នកអាចរៀបចំផែនការជាមួយនឹងអាជីវកម្មខាងលើបានណា។
រកកាហ្វេឯណា? សាករសជាតិកាហ្វពីហាងដែលគេនិយម នោះលោកអ្នកអាចឲ្យក្រុមហ៊ុនជំនាញ ផ្សំគ្រាប់កាហ្វេដើម្បីបានរសជាតិប្រហាក់ប្រហែលនេះបាន។ ចំពោះអ្នកដែលមានទីតាំងស្រាប់ គឺគ្រាន់តែចំណាយដើមទុនចន្លោះពី ទៅ ១០០០$ ទៅ ២០០០$ ក៏អាចចាប់ផ្តើមជាមួយអាជីវកម្មនេះបានយ៉ាងងាយស្រួលក្នុងការកើបលុយកាក់។
រីឯការធ្វើបែបនេះបាន លោកអ្នកត្រូវបញ្ជាទិញទំនិញមួយចំនួន ដោយមានការបង់រំលោះ ពីអ្នកផ្គត់ផ្គង់ ដែលអ្នកអាចបង់ប្រចាំខែប្រមាណជា ៦០០ដុល្លារប៉ុណ្ណោះ ដោយមានការបង្រៀនឆុងកាហ្វេទៀតផល រួមជាមួយនឹងសម្ភារៈប្រើប្រាស់ តុ កៅអី ជាដើម អាចរកនៅកន្លែងលក់ Second Hand តែថ្មីបាន រីឯកែវជ័រ មានលក់បរិមាណតិច នៅទីផ្សារ។ មានទីតាំងខ្លះ បានទិញនូវកាហ្វេដែលកិនស្រាប់ រួមហើយឆុងដោយដៃតាមក្រោយ នេះរិតតែមិនចំណាយច្រើន៕

៣. អាជីវកម្មបើកហាងបាយលក្ខណៈគ្រួសារ
ប្រជាជនខ្មែរដែលជាស្រ្ដីៗ ច្រើនតែចេះធ្វើម្ហូបអាហារសម្រាប់គ្រួសារ។ ការប្រើជំនាញនេះដើម្បីរកលុយបន្ថែមគឺ មិនមានការប្រើទុនច្រើនោះទេ។ យើងខ្ញុំសូមណែនាំពីពេលវេលា ដែលសមស្របសម្រាប់អាជីវកម្មនេះ ដោយប្រើទុនតិច ហើយបានផល។
សាច់ជ្រូកអាំង ពងទាចៀន ពងទាខ ជាអាហារពេលព្រឹកដ៏ពេញនិយមរបស់ប្រជាជនខ្មែរមុនចេញទៅធ្វើការ។ ម្ចាស់អាជីវកម្មខ្នាតតូចនេះ អាចចំណាយទុនដើម្បីទិញសម្ភារៈ តុ កៅអី ចង្រ្គានអាំងសាច់ ជាដើម្បីដែលសរុបគឺមិនលើសពី ១០០០ដុល្លារនោះទេ។ លោកអ្នកនឹងទាក់ទាញអតិថិជនបាន បើរៀបចំការលក់បាន ដោយមានអនាម័យខ្ពស់ ហើយតម្លៃសមរមសម្រាប់អ្នកធ្វើការ។
អាជីវកម្មបែបនេះ លោកអ្នកអាចបើកលក់អ្វីផ្សេង នៅពេលល្ងាច ដែលមានលក្ខណៈជា អាំង ចៀន ដោយប្រើសម្ភារៈអាហារ ដែលអាចប្រើបាននៅពេលព្រឹក ដើម្បីជៀសវាងការប្រើទុនដើម្បីទិញបន្ថែម។
មានដើមទុនត្រឹម ១០០០$ចុះក្រោម ក៏អាចបើកហាងអាហារបានត្រឹមតែក្នុងរយៈពេលខ្លី ជាលក្ខណៈគ្រួសារបានយ៉ាងរលូន ហើយអាចរកប្រាក់ចំណូលមិនក្រោមខ្ទង់រយដុល្លារជារៀងរាល់ថ្ងៃ៕

៤. អាជីវកម្មជា ជាងថតរូប និងវីដេអូ
ដោយបច្ចុប្បន្នជាងថតរូប គឺពិតជាមានទីផ្សារយ៉ាងច្រើន ដោយគ្រួសារនីមួយៗច្រើនតែមានកម្មវិធី សប្បាយ រីករាយ និងកើតទុក្ខ។ ប្រសិនបើសង្កេតទៅមើលថា ជាការការថតរូបលក្ខណៈ Pre-wedding វិញឃើញថា អតិថិជនងាកមកចាប់អារម្មណ៍ច្រើនគួរសម។
លោកអ្នកដែលស្រឡាញ់អាជីពមួយនេះ គឺគ្រាន់តែត្រូវការជួលទីតាំងថត ស្ទូឌីយោតូចមួយ (មិនលើស ៣០ដុល្លារក្នុង១ថ្ងៃ) ឬរីឯសម្ភារៈថតវិញ ក៏អាចជួលជាប្រចាំថ្ងៃ បានពីកន្លែងលក់បានផងដែរ។ បន្ថែមពីនេះ លោកអ្នកអាចបង្កើនជំនាញក្នុងការរកលុយតាមបណ្ដាញសង្គមពីការថតរូប និងដាក់រូបភាពដើម្បើលក់អនឡាញក៏បាន៕

៥. អាជីវកម្មបើកកន្លែងបោកអ៊ុត
ប្រជាជនកាន់តែមានការមមាញឹក ម្នាក់ៗច្រើនទៅបំពេញការងារដល់យប់ជ្រៅ ឬចូលកម្មវិធីផ្លូវការច្រើន ពេលខ្លះការគិតគូរពីបញ្ហាបោកគក់ ក៏រកអ្វីដែលលឿនផងដែរ តែនេះជាឱកាសសម្រាប់អ្នកដែលមិនចង់ទំនេរ និងមិនដឹងធ្វើអ្វីនៅផ្ទះ។
អាជីវកម្មបោកគក់ គឺទទួលបានផ្លែផ្កាយ៉ាងឆាប់រហ័ស ជាមួយនឹងសេវាកម្មបោកអ៊ុតសម្លៀកបំពាក់ ថែមបោកស្ងួតដោយចំណាយទិញសម្ភារៈតែម្ដង នោះនឹងទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃតែម្តង ហើយការងារនេះមិនថាស្ថិតក្នុងវ័យណានោះទេក៏អាចធ្វើបានផងដែរ និងអាចបំពេញការងារជាមេផ្ទះបានទៀតផង។
ដូចខាងលើដែរ ពេលបច្ចុប្បន្ននេះ ការទិញសម្ភារៈ ដោយមិនមានលុយពេញដៃ គឺលោកអ្នកគួររកទីតាំងលក់ណា ដែលអាចទទួលនូវការបង់រំលោះបាន៕
