អ្នកជំនាញបានណែនាំដល់អ្នកដែលមានបំណង វិនិយោគលើវិស័យអចលនទ្រព្យ ជាមួយនឹងការផ្តល់នូវចំណេះដឹងជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុត និងមានប្រសិទ្ធភាពជាងថវិកានោះ ដែលជាដើមទុនដំបូងនោះគឺការស្វែងរកដៃសហការក្នុងការវិនិយោគ ដើម្បីទុកចំណេញនៅថ្ងៃក្រោយ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ក្រៅតែវិនិយោគអចលនទ្រព្យម្នាក់ឯង អ្នកគួរតែចូលរួមវិនិយោគជាក្រុម ទើបទទួលបានជោគជ័យ  ជាពិសេសអ្នកដែលមានធនធានមិនគ្រប់គ្រាន់ និងទើបតែចាប់ផ្ដើមលើកដំបូងត្រូវតែស្វែងរកដៃគូ។

លោក ច្រឹក សុខនីម ថ្លែងថា « ការសេពគប់មនុស្សគឺជារៀងសំខាន់ណាស់ ហើយបើសេពគប់ត្រូវ វានឹងជួយយើងឱ្យទទួលបានជោគជ័យ មិនថាតែវិស័យអចលនទ្រព្យ»។

លោក ច្រឹក សុខនីម លើកជាឧទាហរណ៍ថា យើងមានចំណូល  ៥០០ ដុល្លារក្នុងមួយខែ  ប៉ុន្តែវាមិនគ្រប់សំរាប់ធ្វើការវិនិយោគអចលនទ្រព្យ ដោយការបង់រំលោះនោះទេ។ យើងត្រូវរកមិត្តភក្តិ ឬ សាច់ញាតិណាដែលទុកចិត្ត មានចំណូល ៥០០ដុល្លារដូចគ្នាដែរ ក្នុងការវិនិយោគរួមគ្នា ដោយទិញដីមួយកន្លែងទុក ដែលមាតម្លៃសមរម្យ នោះវានឹងទទួលបានផលចំណេញខ្ពស់ ព្រោះវិនិយោគដីធ្លីនេះគឺទទួលបានផលខ្ពស់ក្នុងពេលណាមួយ។

លោក ច្រឹក សុខនីម បញ្ជាក់ថា «អ្នកវិនិយោគដែលមានធនធានមិនសូវគ្រប់គ្រាន់ គួរតែចាប់ផ្តើមពីចំណុច អចលនទ្រព្យដែលមានតម្លៃធូរថ្លៃ ឬតម្លៃសមរម្យ ដោយសហការគ្នាចាប់ពី ២ ឬ៤ នាក់ឡើងទៅ នោះអ្វីៗនឹងល្អប្រសើរ»។

ទោះជាយ៉ាងណា លោក ច្រឹក សុខនីម ក៏បានព្រមានផងដែរ ចំពោះការចាប់ដៃគូរសហការក្នុងការវិនិយោគនេះ ព្រោះអ្នកខ្លះ ក៏អាចធ្វើការជាក្រុមបាន និងអ្នកខ្លះទៀត គឺមិនបាននោះទេ ។ បើយើងចាប់ដៃគូរជាមួយមនុស្សដែលមិនអាចធ្វើការជាក្រុមបានវានឹងធ្វើឱ្យយើងកាន់តែលំបាក និងវេទនាថែមមួយកម្រិតទៀត។ លោកថា នៅពេលយើងចាប់ដៃគូ ឬធ្វើការជាក្រុម ប្រៀបប្រដូចទៅនឹងការដឹកនាំក្រុមហ៊ុនមួយដែរ ព្រោះនៅពេលដែលមានបញ្ហា យើងចេះចាប់ផ្តើមពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យវាទទួលបានជោគជ័យ៕