រាជធានីភ្នំពេញ៖ ផ្លូវល្បឿនលឿន នឹងត្រូវដាក់ឲ្យដំណើរការបាននៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ និងមិនគិតថ្លៃធ្វើដំណើររយៈពេលមួយខែ។ បន្ទាប់ពីនេះ នឹងត្រូវបង់ថ្លៃតាមប្រភេទរថយន្ត ដោយរថយន្តគ្រួសារ នឹងត្រូវបង់ ២៤ដុល្លារ (ចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក) ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។
អ្នកធ្វើដំណើរកអាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់៕