រាជធានីភ្នំពេញៈ ក្រុមហ៊ុន​ HLH Agriculture (Cambodia) Limited ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat Group Limited របស់​ប្រទេស​សិង្ហបុរី​ បានប្រកាស​បើកសម្ពោធ​ មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-​សិង្ហបុរី (CSAH - Cambodia-Singapore Agricultural Hub) ដោយមាន​ការចូលរួម​ពី​អ្នកវិនិយោគ​ធំៗ​ជាច្រើន ពិសេស​មកពី​ប្រទេស​សិង្ហបុរី​ កាលពី​រាត្រី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ។ 

CSAH មានទីតាំង ស្ថិតនៅក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន​ផ្ទៃដី​ប្រមាណ ១០ ០០០ ​ហិកតា ។ គម្រោង​នេះ​ត្រូវបាន​រចនា​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដ៏ល្បី​នៅ​ប្រទេស​សិង្ហបុរី Swan & Maclaren ដោយ បាន​បែងចែក​ដី​ជា ១៦ ​តំបន់​ផ្សេងៗ​គ្នា​រួមមាន​ដូចជា តំបន់​សម្រាប់​ការធ្វើ​កសិកម្ម​ ចិញ្ចឹមសត្វ​  ផលិត​ចំណី​សត្វ​  ដី​សម្រាប់​ឯកជន​ កន្លែង​ស្នាក់នៅ​រួម​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ រុករក​រ៉ែ ឧស្សាហកម្ម​ ថាមពល​អគ្គិសនី​ និង​ផលិត​គ្រឿងសំណង់​ជាដើម​។

ក្នុងថ្ងៃជាមួយគ្នា ក្រុមហ៊ុន ក៏បាន ចុះ​អនុស្សរណៈ​ជាមួយ​សហព័ន្ធ​ផលិតកម្ម​សិង្ហបុរី Singapore Manufacturing Federation (SMF) តាមបណ្ដាញ Zoom ដើម្បី​ជួយ​ជំរុញ​ទាក់ទាញ​វិនិយោគិន​នៅក្រៅ​ប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​ទីនោះ​ផងដែរ​។

លោក លេង ឃាង បាន​និយាយថា បន្ទាប់ពី​ទទួលបាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​បានធ្វើការ ឈូសឆាយដី និង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ទឹក ព្រមទាំង​បាន​ដាំ​ដំឡូងមី និង បង្កើតជា​រោងចក្រ​សម្រាប់​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន​មួយចំនួន​រួចហើយ​។ គិត​មកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ថវិកា​អស់​ជាង ៣០ ​លាន​ដុល្លារ​ហើយ​លើ​ការសិក្សា និង​ការរៀបចំ​ផ្សេងៗ​លើ​ទីតាំង​នេះ​៕