ខ្លីៗ៖ ថ្មីៗនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា បានព្រមព្រៀងគ្នាក្នុងការបង្កើនទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធផ្ញើសារ SWIFT ។ ហើយក្នុងឆ្នាំ 2012 សហភាពអឺរ៉ុប ក៏ធា្លប់បានអនុម័តទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ដែលបានបង្ខំឱ្យ SWIFT ដើម្បីផ្តាច់ទំនាក់ទំនងជាមួយធនាគារអ៊ីរ៉ង់ផងដែរ។
អ្វីទៅជាប្រព័ន្ធ SWIFT?
SWIFT គឺជាបណ្តាញផ្ញើសារដ៏ធំដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ដើម្បីផ្ញើ និងទទួលព័ត៌មានយ៉ាងរហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព ដូចជាការណែនាំអំពីការផ្ទេរប្រាក់ជាដើម។ មានន័យខ្លី គឺជាប្រព័ន្ធផ្ញើសារ ដែលដើរតួរជាអ្នកសម្របសម្រួល នៃទំនាក់ទំនងក្នុងបណ្ដាញហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នសមាជិក។
SWIFT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1973 ជាមួយនឹងធនាគារចំនួន 239 ក្នុង 15 ប្រទេស។ នៅឆ្នាំ 1977 វាបានពង្រីកដល់ 518 ស្ថាប័នក្នុង 22 ប្រទេស។ នៅឆ្នាំ 2022 មានសមាជិកស្ថាប័នច្រើនជាង 11,000 មកពីប្រទេស និងដែនដីជាង 200 ។ ដូច្នេះហើយទើបប្រព័ន្ធនេះ មានភាពគ្របដណ្ដប់ធំលើវិស័យហិរញ្ញវត្ថុ ក្នុងពិភពលោក។
សព្វថ្ងៃនេះ ប្រសិនបើអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេស គឺមានងាយស្រួល ដោយគ្រាន់តែដើរចូលធនាគារ និងផ្ទេរប្រាក់គ្រប់ទីកន្លែងជុំវិញពិភពលោក ប៉ុន្តែតើវាកើតឡើងយ៉ាងដូចម្តេច? នៅពីក្រោយការផ្ទេរប្រាក់ និងសុវត្ថិភាពអន្តរជាតិភាគច្រើនគឺបានភ្ជាប់ជាមួយប្រព័ន្ធ SWIFT - Society for Worldwide Interbank Financial Telecommunications។
ស្ថាប័នដែលជាសមាជិក SWIFT នៅទូទាំងពិភពលោកមានជាង 11,000 ស្ថាប័ន ដោយបានផ្ញើសារជាមធ្យម 42 លានក្នុងមួយថ្ងៃ តាមរយៈបណ្តាញក្នុងឆ្នាំ 2021។ SWIFT កំណត់ឱ្យស្ថាប័នហិរញ្ញវត្ថុនីមួយៗនូវលេខកូដតែមួយគត់ដែលមានប្រាំបីតួអក្សរ ឬ 11 តួអក្សរ។
លើកជាឧទាហរណ៍ថា៖ មិត្តរបស់អ្នក ជាប្រើសេវាធនាគារ A ចង់ផ្ញើប្រាក់ទៅអ្នកដែលប្រើសេវាធនាគារ B នៅក្នុងប្រទេសមួយផ្សេងគ្នា។ មិត្តរបស់អ្នក គ្រាន់តែទៅធនាគារ A ដោយផ្ញើទៅគណនីរបស់អ្នក ភ្ជាប់ជាមួយលេខកូដ SWIFT តែមួយគត់របស់ធនាគារ B នោះជាការស្រេច។
ធនាគារ A នឹងផ្ញើសារជា SWIFT ផ្ទេរប្រាក់ទៅកាន់សាខា ធនាគារ B លើបណ្តាញ SWIFT ដូចគ្នា។ នៅពេលដែល ធនាគារ B ទទួលបានសារ SWIFT អំពីការផ្ញើប្រាក់ចូលនេះ វានឹងបញ្ចូលប្រាក់ទៅក្នុងគណនីរបស់អ្នក នៅក្នុងធនាគារ B។ នោះអ្នកនឹងអាចដកប្រាក់ផ្ញើនោះបាន៕