ភ្នំពេញ៖ ធនាគារហត្ថា បានបោះទុនវិនិយោគ១៥លានដុល្លារអាមេរិក លើសញ្ញាប័ណ្ណ នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ ខេត្កកណ្ដាល ក្នុងអត្រាការប្រាក់ ៥.៥ភាគរយ សម្រាប់រយៈពេល ៣ឆ្នាំ។
ពិធីចុះលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia AirportInvestment Co.,Ltd (CAIC) តំណាងដោយ លោក Charles Vann ជាអគ្គនាយករង និងធនាគារហត្ថា តំណាងដោយលោក ហួត អៀងតុង ជាប្រធានអគ្គនាយក ដោយមានវត្តមាន អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC ផងដែរ។
លោក Charles Vann មានប្រសាសន៍ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២ភាគរយ ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាម៉េរិក (ដោយមិនរាប់ បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។
អត្រាការប្រាក់របស់សញ្ញាប័ណ្ណនេះគឺ 5.5ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបាន ធានាដោយក្រុមហ៊ុន OCIC ។
លោកបន្ដទៀតថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។
សូមជម្រាបជូនដែរថា ធនាគារហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបាន អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។ ធនាគារហត្ថា បានកែលម្អ និងបានធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) ផងដែរ៕