ព្រះសីហនុ ៖ ក្រោមការចូលរួមវិនិយោគពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានលទ្ធភាពខ្ពស់ ក្នុងការផលិតថាមពលអគ្គិសនីបានសរុបរហូតដល់ប្រមាណ ១០០០មេហ្គាវាត់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅទូទាំងខេត្ត និងចែកចាយបន្តទៅតាមបណ្តាខេត្តផ្សេងៗ។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ និងខ្សែបណ្តាញបញ្ជូនអាកាសតង់ស្យុងខ្ពស់នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ តែខេត្តផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់។ 

ឯកឧត្តមបន្តថា "ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា "។

រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេសគឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍជំុរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតអគ្គិសនីក៍បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។ ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកវិនិយោគ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថាប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវកានៅពេលខាងមុខ ៕