ការតុបតែងលម្អផ្ទះដោយប្រើផ្កាស្រស់គឺជាការផ្ដល់ហុងស៊ុយមួយដល់ផ្ទះ ព្រមទាំងទទួលបានក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ផ្កាទាំងអស់សុទ្ធតែមានអត្ថន័យនិងតំណាងសម្រាប់ហុងស៊ុយខុសៗពីគ្នា ដែលអ្នកគួរដឹងមុនសម្រេចចិត្តជ្រើសរើសផ្កាប្រភេទណា ដែលគួរយកមកដាក់តាំងក្នុងផ្ទះដើម្បីនាំសំណាងល្អផ្ដល់ថាមពលវិជ្ជមានដូចផ្កាទាំង៦ប្រភេទខាងក្រោម។
១. ផ្កាអរគីដេ
បើតាមក្បួនហុងស៊ុយបុរាណផ្កាអរគីដេតំណាងឱ្យផ្លែផ្កា ជីវជាតិ ចម្រុងចម្រើន។ផ្កានេះក៏មានអត្ថន័យសំដៅលើថាមពលបរិសុទ្ធ ភាពឥតខ្ចោះ និងសម្រស់ដ៏ស្រស់ត្រកាល។ដោយសារផ្កាអរគីដេមានច្រើនពណ៌ ហើយពណ៌នីមួយក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។ ដូច្នេះមុននឹងសម្រេចជ្រើសរើសពណ៌ណាមួយមកតាំងលម្អផ្ទះ អ្នកគួរយល់ដឹងពីអត្ថន័យរបស់វាជាមុនសិន។
ផ្កាពណ៌ផ្កាឈូកឬទឹកក្រូច នឹងនាំមកនូវថាមពលនៃភាពពុះកញ្ច្រោល និងភាពច្នៃប្រឌិតដូច្នេះវាស័ក្ដិសមសម្រាប់តាំងក្នុងបន្ទប់គេងដែលជាកន្លែងនៃក្ដីស្រលាញ់និងអាពាហ៍ពិពាហ៍។ ចំណែកពណ៌សតំណាងឱ្យអារម្មណ៍ច្បាស់លាស់ ភាពស្ងប់ស្ងាត់ ភាពឥតខ្ចោះនិងសន្តិភាព ដែលវាល្អសម្រាប់តាំងនៅកន្លែងគោរពបូជា កន្លែងទទួលភ្ញៀវនិងកន្លែងធ្វើការងារផងដែរ។

២.ផ្កាឈូក
ផ្កាឈូកតំណាងឱ្យភាពឥតខ្ចោះបរិសុទ្ធ ហើយពេញនិយមខ្លាំងណាស់ចំពោះជំនឿហុងស៊ុយ។ផ្កាប្រភេទនេះក៏ត្រូវបានសន្មត់ថាជាតំណាងឱ្យព្រះពុទ្ធ ហើយច្រើនតែត្រូវបានគេយកទៅតាំងឬបង្ហាញនៅទី ឬសំណង់បែបព្រះពុទ្ធសាសនា។ ផ្កាឈូកក៏ត្រូវបានប្រើជាអាសនៈឬកន្លែងគង់សម្រាប់ព្រះពុទ្ធផងដែរ។ ដូច្នេះហើយផ្កាប្រភេទនេះមិនមែនស័ក្ដិសមត្រឹមតែដើម្បីយកមកតាំងក្នុងផ្ទះឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ការដាក់នៅកន្លែងដុតធូប ឬអាសនៈដូនតា ឬព្រះជាដើម

៣.ផ្កាកូលាប
ផ្កាកូលាបត្រូវបានគេចាត់ទុកថាជារាជិនីនៃផ្កាទាំងពួង ព្រោះវារីកស្ទើរតែគ្រប់រដូវ អាចដាំបាននៅគ្រប់ទីកន្លែង និងមានពណ៌ចម្រុះក្លិនក៏ក្រអូបគួរឱ្យទាក់ចិត្ត។ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ វាក៏ស័ក្ដិសមសម្រាប់ការយកមកតាំងលម្អក្នុងផ្ទះដែលនឹងនាំមកនូវអារម្មណ៍ស្រស់ស្រាយភាពរស់រវើក និងសុភមង្គលជានិរន្ត។

៤.ផ្កា Peony
ផ្កាPeonyគឺជានិម្មិតរូបនៃភាពផ្អែមល្ហែម និងក្ដីស្រលាញ់។ ផ្កានេះក៏ត្រូវបានគេចាត់ទុកថាជាតំណាងឱ្យសម្រស់របស់មនុស្សស្រីផងដែរ។ បើនិយាយតាមបែបហុងស៊ុយ ម្ចាស់ផ្ទះអាចតាំងលម្អផ្កាប្រភេទនេះក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែមិនគួរតាំងរូបភាពដែលមានរូបផ្កា Peonyនេះ ក្នុងបន្ទប់គេងឡើយ ព្រោះវាអាចបង្ករឿងមិនល្អពាក់ព័ន្ធនឹងរឿងផិតក្បត់។

៥.ផ្កា Gerbera
តាមក្បួនហុងស៊ុយផ្កា Gerbera តំណាងឱ្យលុយកាក់។ផ្កានេះអាចនាំមកនូវភាពចម្រុងចម្រើន និងសំណាងល្អ។ អ្នកគួរតាំងផ្កាប្រភេទនេះនៅបន្ទប់ទទួលភ្ញៀវ ដោយសារផ្កា Gerbera មានពណ៌ស្រស់បំព្រង ភ្លឺវាអាចជួយបន្ថែមសម្រស់បន្ទប់ទទួលភ្ញៀវរបស់អ្នកឱ្យកាន់តែគួរឱ្យចង់រស់នៅបន្ថែមទៀត៕
