រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ដែលមានលោក រ៉ាជីវ ប្រាដាត (Rajiv Pradhan) នាយកប្រចាំប្រទេសរបស់អង្គការ Swisscontact ក្នុងការអនុវត្តគម្រោងថ្មីមួយឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។ 

គោលបំណងសំខាន់របស់គម្រោងនេះ គឺ(១) រួមចំណែកក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើឲ្យប្រសើរឡើងបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុនរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្ម និង (២) ពង្រឹងបរិយាកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច មីក្រូ និងមធ្យម (MSMEs) ដោយបង្កើតថ្នាលអេឡិចត្រូនិកសម្រាប់ការដឹកជញ្ជូនកញ្ចប់តូច ដើម្បីជួយ MSMEs កម្ពុជាអាចទាញយកប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាអតិបរិមា។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ Swisscontact ដែលបានរៀបចំគម្រោងមួយនេះឡើង ដើម្បី ផ្តល់ជាប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា និងឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម។ 

លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ដើម្បីអនុវត្តន៍គម្រោងនេះមានប្រសិទ្ធភាព និងជោគជ័យ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact នឹងបង្កើតគណៈកម្មការតម្រង់ទិសអនុវត្តន៍គម្រោងនេះឱ្យស្របតាមគោលបំណង និងផែនការការងាររបស់គម្រោង។ ក្នុងនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានរំលេចពីគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តន៍យ៉ាងសកម្ម ដែលទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការបង្កើតផ្សារខេមបូឌាត្រេដ (Cambodiatrade.com) សម្រាប់ជួយគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាក្នុងការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស។

ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្ស និងគាំទ្រសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម និងអង្គការ Swisscontact សម្រាប់ការអនុវត្តគម្រោងថ្មីនេះជាមួយក្រសួងពាណិជ្ជកម្ម និងរំពឹងថាការអនុវត្តគម្រោងនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក។