មានមនុស្សមួយចំនួនបានលើកឡើងថា ក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ គ្មានអ្នកណាម្នាក់ចង់ជួបរឿងបែបនេះហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្ថានការណ៍នេះបានដែរ។ ហេតុនេះប្រសិនបើយើងមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទៅហើយ យើងគួរតែផ្លាស់ប្តូរការគិតរបស់យើងវិញ ដើម្បីឱ្យយើងនៅតែអាចរស់បានប្រកបដោយគុណតម្លៃនិងធ្វើឱ្យស្ថានភាពផ្លូវចិត្តនៅតែនឹងនរ។
ស្ថិតក្នុងស្ថានភាពនេះ លោក ម៉ៅ វិបុល ម្ចាស់ហាងកាហ្វេ Brewhouse បានបញ្ជាក់ថាក្នុងដំណាក់កាលបិទខ្ទប់ (lockdown) ប្រមាណ ២០ថ្ងៃមកនេះ លោកបានប្រើប្រាស់ពេលវេលាដើម្បីរៀនសូត្ររឿងថ្មីៗជាច្រើន ជំនួសឱ្យភាពស្មុគស្មាញ។ទី១ លោកប្រើប្រាស់ពេលវេលាដើម្បីជ្រើការងារជាមេផ្ទះ និងចំណាយពេលវេលាជាមួយកូនៗ។ បន្ថែមពីលើនេះ លោកក៏បានប្រើប្រាស់ពេលវេលានេះដើម្បីធ្វើសកម្មភាពចែករំលែកធនធាន និងអ្វីដែលអាចធ្វើទៅបានជាមួយនឹងមនុស្សដែលលំបាកជាងខ្លួនក្នុងគ្រាដែលលំបាកនេះ។
បន្ថែមពីលើនេះសហគ្រិនខាងលើ ក៏បានឆ្លៀតពេលផងដែរដើម្បីរៀនសូត្រពីមនុស្សនិងស្ថានការណ៍។ លោកក៏បានបញ្ជាក់ផងដែរថា លោកក៏បានរៀនសូត្រផងដែរពីសារៈសំខាន់នៃការជ្រើសរើសសហគមន៍រស់នៅដែលអាចផ្តល់ភាពកក់ក្តៅ និងមានឥទ្ធិពលយ៉ាងវិជ្ជមានដល់ក្រុមគ្រួសារ។ ដំណាក់កាលនេះក៏បានបង្រៀនមនុស្សផងដែរពី ភាពអំណត់ ការពង្រឹងខ្លួនឱ្យខ្លាំងជាងមុនចេះបត់បែន រកដំណោះស្រាយនានា និងថ្មីៗជានិច្ចដើម្បីរៀនរស់ជាមួយស្ថានការណ៍។ក្នុងកាលៈទេសៈលំបាកនេះ លោកក៏បានរកឃើញក្រុមការងារដែលតស៊ូ ប្រឹងប្រែងបានល្អនិងបានគិតគូរពីស្ថានប័នពិតប្រាដកផងដែរ។
ហេតុនេះ មានរឿងជាច្រើនដែលអាចធ្វើបានក្នុងដំណាក់កាលនេះ ព្រោះទោះបីជាយើងរស់នៅក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងមានរឿងល្អៗជាច្រើនសម្រាប់រៀនសូត្រនិងពង្រឹងខ្លួនឯង។ អ្វីៗទាំងអស់គឺស្ថិតលើខ្លួនយើងប្រសិនបើយើងព្យាយាមប្រើប្រាស់ពេលវេលាដើម្បីភាពស្មុគស្មាញ នោះជីវិតរបស់យើងនឹងជួបតែភាពស្មុគស្មាញ តែប្រសិនបើយើងប្រើប្រាស់ពេលវេលារាល់ថ្ងៃដើម្បីរស់នៅជាមួយនឹងរឿងល្អៗ តាមលទ្ធភាពដែលយើងអាចធ្វើទៅបាននោះជីវិតយើងក៏អាចនឹងប្រសើរឡើងទៅតាមនោះដែរ៕