ក្នុងវិស័យបច្ចេកវិទ្យា Googleគឺជាក្រុមហ៊ុនយក្ខមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក។ ក្រុមហ៊ុននេះបានឈ្នះសង្គ្រាម SearchEngine ក្ដោបក្ដាប់គ្រប់ជ្រុងនៃអ៊ីនធឺណិត និងបានពង្រីកខ្លួនទៅក្នុងវិស័យគ្រឿងម៉ាស៊ីន(Gadget) និងផ្នែករឹង (Hardware)។ អ្នកណាៗក៏ធ្លាប់ស្គាល់និងឮពីឈ្មោះក្រុមហ៊ុនដ៏ល្បីមួយនេះដែរ ហើយក៏មានអ្នកស្រមៃថានឹងបានការងារមួយក្នុងក្រុមហ៊ុននេះ។ ខាងក្រោមនេះគឺជាមុខតំណែងធំៗដែលទទួលបានប្រាក់ខែខ្ពស់កប់ពពកនៅក្រុមហ៊ុន Google ដែលមានមនុស្សតិចនាក់ណាស់បានដឹង។
៦. នាយកជាន់ខ្ពស់ផ្នែកគ្រប់គ្រងទេពកោសល្យ (Senior Director, Talent Management)
ប្រាក់ខែ៖ $282,000–$305,000
តួនាទីនេះគឺជាសរសៃឈាមរបស់Google។ ក្នុងនាមជានាយកជាន់ខ្ពស់ផ្នែកគ្រប់គ្រងទេពកោសល្យគឺមានកម្មវិធីជាច្រើនដែលត្រូវបញ្ចេញឱ្យដំណើរការមានថ្នាក់ Managerជាច្រើននាក់ដែលត្រូវគ្រប់គ្រង មានគ្រោងការ គោលដៅ និងគោលនយោបាយណែនាំជាច្រើនរាប់មិនអស់ដែលត្រូវដាក់ឱ្យអនុវត្ត។ និយាយរួម អនាគតនៃយីហោមួយនេះគឺស្ថិតក្នុងកណ្ដាប់ដៃរបស់តួនាទីមួយនេះ។
៥. នាយកផ្នែកដៃគូសហការជាសាកល (Director, Global Partnership)
ប្រាក់ខែ៖ $286,000–$314,000
តួនាទីនេះមានទំនួលខុសត្រូវគឺការស្វែងរកឱកាសថ្មីៗសម្រាប់ដៃគូសហការរបស់ Google។ ក្រុមការងារផ្នែកដៃគូសហការនេះត្រូវជួយគាំទ្រទៅដល់ក្រុមផលិតរបស់ Google ក្នុងការងារជួយសម្រួលដល់បទពិសោធន៍អ្នកប្រើប្រាស់របស់ Google ក្នុងការផ្សាយពាណិជ្ជកម្ម ការ Search ផែនទី ការទិញអីវ៉ាន់ និងអ្វីៗជាច្រើនទៀត។
៤. នាយកជាន់ខ្ពស់ផ្នែកគ្រប់គ្រងផលិតផល (Senior Director, Product Management)
ប្រាក់ខែ៖ $296,000-$323,000
តំណែងមួយនេះត្រូវការការតាមដានកំណត់ត្រានៃការបង្កើត និងដឹកនាំក្រុមការងារផលិតផល។ អ្នកកាន់ការងារនេះត្រូវមានជំនាញវិភាគបានជ្រៅជ្រះ ជំនាញខាង Data និងទំនាក់ទំនងជាមួយអតិថិជនដើម្បីធ្វើការសម្រេចចិត្តលើផលិតផលណាមួយ។
៣. នាយកផ្នែកវិស្វកម្ម (Director of Engineering)
ប្រាក់ខែ៖ $300,000
នាយកផ្នែកវិស្វកម្មនៅ Google ត្រូវមានជំនាញដឹកនាំផ្នែកបច្ចេកទេសសម្រាប់គ្រោងការធំៗហើយក៏ត្រូវគ្រប់គ្រងក្រុមការងារវិស្វករផងដែរ។ បុគ្គលនេះត្រូវមានសមត្ថភាពក្នុងការសម្រួលកូដនិងត្រូវប្រាកដថាក្រុមវិស្វករអាចសម្រួលកូដបានដូចគ្នា។ ក្រៅពីនេះ បុគ្គលរូបនេះត្រូវគ្រប់គ្រងគោលដៅគ្រោងការនានាចូលរួមក្នុងការងារកំណត់យុទ្ធសាស្ត្រផលិតផល និងគ្រប់គ្រងក្រុមការងារដែលពាក់ព័ន្ធ។
២. នាយកផ្នែកប្រតិបត្តិការ (Director of Operation)
ប្រាក់ខែ៖ $304,000-$330,000
នាយកផ្នែកប្រតិបត្តិការនឹងត្រូវធ្វើការងារជាមួយថ្នាក់ប្រធានក្រុម (Supervisor) ក្នុងការធ្វើការសម្រេចចិត្តនានាចំពោះប្រតិបត្តិការនិងសកម្មភាពរបស់ក្រុមហ៊ុន ក៏ដូចជាកំណត់ចេញជាគោលដៅយុទ្ធសាស្ត្រផងដែរ។ បុគ្គលរូបនេះត្រូវតែអាចធ្វើផែនការ និងត្រួតពិនិត្យមើលការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរបស់ខ្លួន រួមបញ្ចូលទាំងការគ្រប់គ្រងបុគ្គលិកមកពីនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត និងផ្ដល់ជាមតិយោបល់ក្នុងន័យស្ថាបនា។
១. អនុប្រធានក្រុមហ៊ុនជាន់ខ្ពស់ (Senior Vice President)
ប្រាក់ខែ៖ $661,000-$710,000
ការងារជាអនុប្រធានក្រុមហ៊ុនជាន់ខ្ពស់នៅGoogle មានទំនួលខុសត្រូវរួមបញ្ចូលទាំងការប្រមើលមើលការបង្កើតប្រាក់ចំណូល ធ្វើជាប្រមុខក្នុងការដឹកនាំប្រតិបត្តិការ វិភាគលើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវប្រាកដថាគ្រប់គោលនយោបាយរបស់ក្រុមហ៊ុនត្រូវបានអនុវត្តបានគ្រប់ជ្រុងជ្រោយ និងកំណត់អត្តសញ្ញាណ ក៏ដូចជាការបង្កើតឱកាសអាជីវកម្មថ្មីៗរបស់ក្រុមហ៊ុន៕