ខេត្ត​ឧត្តរមានជ័យ៖ រោងចក្រ​នេះ ​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​កម្លាំង ២៦៥ មេហ្គាវ៉ាត់ នឹង​ចាប់​ផ្តើម​ដំណើរការ​​នៅ​ចុង​ឆ្នាំ ២០២១ ឬ​ដើម​ឆ្នាំ ២០២២ ដោយ​ប្រើ​រ៉ែ​ធ្យូង​ថ្ម ដែល​មាន​នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។

រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​កម្លាំង ២៦៥ មេហ្គាវ៉ាត់ នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ក្នុង​តម្លៃ ២៩៤,៣ លាន​ដុល្លារ។

អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក ឌី រ៉ាដូ បាន​ប្រាប់សារព័ត៌មានថា ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​កម្លាំង ២៦៥ មេហ្គាវ៉ាត់ ក្នុង​ខេត្ត​ឧត្តរមានជ័យ​កំពុង​មាន​ដំណើរការ​ទៅ​មុខ​ជា​ប្រចាំ ដោយការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជិត​បញ្ចប់​អស់​ហើយ ដោយ​នៅ​រង់ចាំ​តែ​ការ​យក​ម៉ាស៊ីន​មក​ដំឡើង​ប៉ុណ្ណោះ។

លោក​បន្ត​ថា បើ​តាម​ទិដ្ឋភាព​ការងារ គឺ​រោងចក្រ​នេះ​នឹង​អាច​ចាប់​ដំណើរការ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល ដោយ​នៅ​ចុង​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ធ្វើ​តេស្ត​សាកល្បង​ម៉ាស៊ីន និង​នៅ​ដើម​ឆ្នាំ ២០២២ ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវ​ការ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ពី ៧០ ទៅ ៨០ ភាគរយ​នៃ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​សរុប ខណៈ​សល់​ពី​នោះ​បាន​មក​ពី​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង៕ និងបើយោងតាមរបាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ ២០២០ ថាមពល​អគ្គិសនី​ដែល​ផលិត​ក្នុង​ស្រុក​បាន​ពី​រោងចក្រ​ដុត​ធ្យូង​ថ្ម មាន​ចំនួន ២៣,១៥ ភាគរយ រោងចក្រ​ប្រេង​ខ្មៅ ២២,០៨ ភាគរយ ប្រភព​វារីអគ្គិសនី ៤៥,៦០ ភាគរយ ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ៨,១២ ភាគរយ និង​ពីជីវ​ម៉ាស់ មាន​ចំនួន ១,០៥ ភាគរយ៕