១. Walen Thai App
កម្មវិធី Walen Thaiត្រូវបានបង្កើតឡើងដើម្បីជួយអ្នករៀនពាក្យសំខាន់ៗប្រចាំថ្ងៃរបស់ភាសាថៃ។ អ្នកអាចរៀននូវជំហានសំខាន់ៗក្នុងការស្គាល់ពាក្យនិងលេខរបស់ថៃ និងអាចទន្ទេញពាក្យទាំងនោះបានងាយស្រួល។ ក្រៅពីនេះ អ្នកអាចរៀនចំណាំសូរព្យញ្ជនៈ និងស្រៈ ដោយបង្រៀនតាមវិធីបែបសាមញ្ញបំផុត។ កម្មវិធីនេះមិនតម្រូវទាល់តែមានអ៊ីនធឺណិតទើបអាចបើកបាននោះទេ គ្រាន់តែដោនឡូតយកមកគឺអាចប្រើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយមិនតម្រូវឱ្យបង់ប្រាក់ប្រចាំខែឡើយ។
២. Speak Thai by Tourism Authority ofThailand
កម្មវិធីនេះជួយឱ្យចេះបកប្រែពាក្យថៃបានដល់ទៅជាង ២៥០០ពាក្យនិងរៀនវាដោយខ្លួនឯងបាន។ អ្នកអាចប្រាស្រ័យទាក់ទងជាមួយជនជាតិថៃបានដោយគ្រាន់តែចុចប៊ូតុងនៅលើ App នោះ និងអាចស្ដាប់សំឡេងបានដើម្បីចំណាំសូរនៅពេលក្រោយ។ កម្មវិធីនេះមានបែងចែកជាផ្នែកៗរាប់ចាប់ពី សណ្ឋាគារ និងកន្លែងញ៉ាំអាហារ រហូតដល់កន្លែងទិញអីវ៉ាន់ហើយនិងសង្គ្រោះបន្ទាន់។ ជាមួយកម្មវិធី Speak Thai អ្នកក៏អាចប្រើបានដោយមិនគិតថ្លៃ ឬតម្រូវបង់ថ្លៃប្រចាំខែឡើយ។
៣. Nemo Thai
កម្មវិធី Nemo Thai អាចជួយឱ្យអ្នកចេះនិយាយឃ្លា និងពាក្យសំខាន់ៗក្នុងវាក្យស័ព្ទរបស់ភាសាថៃ ហើយពាក្យនីមួយៗសុទ្ធតែមានសំឡេងជនជាតិថៃនិយាយតែម្ដង។ មុខងារ Speech Studio ដែលមានក្នុងកម្មវិធីនេះ អ្នកអាចបញ្ចេញសំនៀងបានត្រឹមត្រូវដូចបានរៀនជាមួយគ្រូផ្ទាល់ដូច្នោះដែរ។ សំឡេងទាំងនោះសុទ្ធតែអាចដោនឡូតដាក់ក្នុងទូរសព្ទរបស់អ្នកហើយអាចបើកស្ដាប់ ទោះក្នុងពេលកំពុងបើកមុខងារ Airplane Modeក៏ដោយ៕