អត្ថបទសប្តាហ៍មុនបានបង្ហាញ ប្រិយមិត្តរៀនអំពីគំនិតទ្រឹស្តីភាពជាអ្នកដឹកនាំរបស់លោក John Maxwell ចំនួនពីរកម្រិតរួចមកហើយគឺ កម្រិតទី១ Position_Level1 និង Permission_Level2។ សម្រាប់អត្ថបទនេះ ក្រមាសូមបង្ហាញជូនសង្ខេបបន្តទ្រឹស្តីលោក Maxwell សម្រាប់ការអភិវឌ្ឍខ្លួនឯងនូវភាពជាអ្នកដឹកនាំនេះ៖

កម្រិតទី៣៖ ការសាងស្នាដៃ ( Production Level 3)

កម្រិតទីបី គឺជាការបញ្ចេញថ្វីដៃ រួមទាំងធ្វើឱ្យក្រុមការងារសាងសមិទ្ធិផលរបស់ខ្លួន។អ្នកដឹកនាំនៅកម្រិតនេះ គឺបង្កើតនូវលទ្ធផល និងសមិទ្ធិផលសំខាន់នៅក្នុងស្ថាប័នឬអង្គភាពដែលខ្លួនបំពេញការងារ។ ពួកគេអាចឱ្យជាដំបូន្មានល្អ ជួយដោះស្រាយបញ្ហានានាក៏ដូចជាលើក និងជម្រុញចិត្តក្រុមការងារ។ ដោយហេតុថាអ្នកដឹកនាំក្នុងកម្រិតនេះឱ្យតម្លៃទៅលើទំនាក់ទំនងល្អជាមួយក្រុមការងារ ឬអ្នកក្រោមបង្គាប់ ដូចនេះពួកគេអាចនាំក្រុមការងារធ្វើការសំខាន់ផ្សេងៗបានសម្រេចនិងមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ អ្នកដឹកនាំក្នុងកម្រិតនេះអាចបន្តបន្ថែមអភិវឌ្ឍខ្លួនឯងដោយ៖

  • ស្វែងយល់បន្ថែមពីរបៀបផ្សារភ្ជាប់ទំនាក់ទំនងដែលបុគ្គលិកត្រូវការដែលសម្តៅលើការចូលរួម និងជម្រុញទឹកចិត្ត។
  • ស្តាប់ និងផ្តល់ជាការណែនាំ។
  • ស្វាគមន៍មតិយោបល់ផ្សេងៗរបស់ក្រុមការងារឬបុគ្គលិក។
  • រៀនសូត្រនិងសម្របទៅតាមបរិបទបច្ចេកវិទ្យាថ្មីៗ ដែលមានក្នុងវិស័យការងារ។
  • ធានាថារាល់បុគ្គលិកទទួលបានការបណ្តុះបណ្តាលបានល្អ។
  • មានការលើកសរសើរពីបុគ្គលិកលក្ខណៈចំណុចពិសេសៗ ក៏ដូចជាជំនាញបច្ចេកទេសរបស់ពួកគេ (បុគ្កលិក ក្រុមការងារ អ្នកក្រោមឱវាទ)។

កម្រិតទី៤៖ ការអភិវឌ្ឍធនធានមនុស្ស (People Development Level 4)

ចំណុចនេះគឺ ការប្រឹងប្រែងអភិវឌ្ឍអ្នកដទៃឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាពខ្ពស់។អ្នកដឹកនាំដែលបំពេញស្នាដៃបានល្អប្រសើរ ពុំមែនដោយសារអំណាចរបស់គេនោះទេ តែដោយ សមត្ថភាពក្នុងការផ្តល់អំណាចឱ្យអ្នកដទៃ នេះជាចំណុចសំខាន់នៃកម្រិតទី៤។ អ្នកដឹកនាំក្នុងកម្រិតនេះនឹងដឹកនាំមុខតំណែងសម្ព័ន្ធភាព និងសមត្ថភាពក្នុងការសាងស្នាដៃ ទៅឧទ្ទិសជួយដល់ក្រុមការងារនិងអភិវឌ្ឍឱ្យពួកគេទាំងនោះក្លាយជាអ្នកដឹកនាំដោយសមត្ថភាពពួកគេផ្ទាល់។ អ្នកដឹកនាំក្នុងកម្រិតទី៤ គឺវិនិយោគថាមពល ពេលវេលា និងថវិកា ក្នុងការបង្កើនភាពជាអ្នកដឹកនាំទៅលើបុគ្គលិកនិងក្រុមការងារក្រោមឱវាទ ហើយអ្នកដែលជាអ្នកដឹកនាំប្រភេទនេះ គឺមានលក្ខណៈ៖

  • អំណត់ ស្មោះត្រង់ ចូលរួមនិងបើកទូលាយក្នុងការសន្ទនាពិភាក្សាបញ្ហាផ្សេងៗ។
  • ជាអ្នកព្យាយាមនឹងការងារនិងដឹកនាំដោយបង្ហាញជាឧទាហរណ៍។
  • ជំនាញទំនាក់ទំនងល្អ។
  • ការសម្រេចចិត្តដោយការពិចារណានិងថ្លឹងថ្លែងបានល្អ។
  • បង្ហាត់បង្រៀនបុគ្គលិកកូនក្រុម…។
  • អាចសម្រេចឡើងតំណែងឱ្យបុគ្គលិកណាមួយដែលស័ក្តិសម។

កម្រិតទី៥៖ កម្រិតខ្ពស់បំផុត (Pinnacle Level 5)

គឺសម្តៅលើភាពជាអ្នកដឹកនាំពេញលក្ខណៈ។ ទន្ទឹមនឹងការបង្ហាត់បង្វឹកដល់បុគ្គលិកអ្នកដឹកនាំកម្រិតទី៥ ឬកម្រិតខ្ពស់បំផុតគឺមានជំនាញគ្រប់គ្រាន់ដែលជួយឱ្យបុគ្គលិកទៅដល់ដំណាក់កាលអភិវឌ្ឍជាធនធានមនុស្សហើយបុគ្គលិកនឹងក្លាយជាអ្នកដឹកនាំដ៏លេចធ្លោតាមទេពកោសល្យរបស់ពួកគេ។ អ្នកដឹកនាំកម្រិតទី៥គឺលើកកិត្តិយសមុខមាត់ស្ថាប័នរបស់ពួកគេ ជម្រុញទឹកចិត្តដល់អ្នកមានដុង ទេពកោសល្យច្នៃប្រឌិតដែលធ្វើការនៅទីនោះ។ អ្នកដឹកនាំប្រភេទនេះមានលក្ខណៈ៖

  • បង្កើនផលិតភាព និងធ្វើឱ្យគ្រប់ផ្នែកការងារក្រុមជោគជ័យ សម្រេចសមិទ្ធិផល។
  • បង្កើតបរិយាកាសដែលគ្រប់គ្នាអាចរួមចំណែកនូវភាពជោគជ័យរបស់ពួកគេ។
  • មានឥទ្ធិពលទាំងនៅក្រៅស្ថាប័នឬវិស័យដែលពួកគេធ្វើការ។
  • គោរពឱ្យតម្លៃមនុស្សគ្រប់គ្នា។
  • សីលធម៌ ទំនាក់ទំនងនិងស្មោះត្រង់។
  • ផ្តល់នូវសិទ្ធិសម្រេចដោយឯករាជ្យដល់បុគ្គលិកនៅពេលមួយដែលស័ក្តិសម។
  • តែងនៅជាមួយអ្នកមានទេពកោសល្យឆ្លាតវៀងវៃ និងអ្នកដែលចង់បង្ហាញសមត្ថភាពរបស់ពួកគេ។
  • មានគំនិតច្នៃប្រឌិត និងទំនាក់ទំនងល្អចំពោះមនុស្សរាល់គ្នា៕

បន្ទាប់ពីអត្ថបទនេះ ប្រិយមិត្តក៏អាចស្វែងយល់នូវអត្ថបទមេរៀននៃភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ទៀត..

ប្រភព៖ Indeed, Johnmaxwell