សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ដោយ​ផ្អែក​​ទៅ​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល និង​ប្រកាស​​របស់​ក្រសួង​មហាផ្ទៃ​ស្តី​ពី​ការ​បង្កើត​ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយ អត្ថន័យ​នៃ​ការិយាល័យ​នេះ​គឺ​ជា​កន្លែងដែល​ផ្តល់​សេវា​កម្ម​​រដ្ឋបាល​ដែល​ប្រជាពល​រដ្ឋ​ត្រូវ​ការ​ចាំ​បាច់​ឱ្យ​បាន​ទាន់​ពេល​វេលាមាន​តម្លាភាព និង​តាម​នីតិ​វិធី​សាមញ្ញ។

ការិយា​ល័យ​ច្រក​​ចេញ​ចូល​តែ​មួយ ក៏​ជា​កន្លែង​ប្រមូល​ផ្តុំ​សេវា​កម្ម និង​នីតិ​វិធី​រដ្ឋ​បាល​មួយ​ចំនួន​នៅ​កន្លែង​តែ​មួយហើយ​ជា​កន្លែង​ដែល​អតិថិជន​មក​ទទួល​ទម្រង់​បែប​បទ និង​ទទួល​​ព័ត៌មាន​គ្រប់​គ្រាន់​ច្បាស់​លាស់ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ និង​ការ​បង់​កម្រៃ​សេវា​កម្ម​ ឬ​អាករ​ផ្សេង​ៗ​។

ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយត្រូវ​បាន​បង្កើត​​នៅ​តាម​បណ្តា​ក្រុង ​ស្រុក​ ខណ្ឌ ហើយ​​ដោយ​ភ្ជាប់​នឹង​គោល​បំណង​សំខាន់​ៗដូច​ជា​៖

១.លើក​កំពស់​គោល​ការណ៍​អភិបាល​កិច្ច​ល្អការ​កែ​ទម្រង់​ប្រព័ន្ធ​រដ្ឋ​បាលដោយ​ពង្រីក​វិសាល​​ភាព​សេវាកម្ម​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ ឱ្យ​​បាន​ទូលំ​ទូ​លាយ​តាម​រយៈ​​ការ​ប្រមូល​ផ្តុំ​​សេវាកម្ម​ទាំង​អស់​ក្នុង​ក្រប​ខណ្ឌ​សមត្ថកិច្ច​របស់​ក្រុង​ស្រុក​ ខណ្ឌ​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន​នៅ​​កន្លែង​តែ​មួយ​។

-កែ​លម្អ​ការ​ផ្តល់​សេវា​សាធារណៈកាត់​បន្ថយ​អំពើ​ពុក​រលួយ និង​បង្កើន​ការ​ជឿ​ទុក​ចិត្ត​​ពី​ប្រជាពល​រដ្ឋ​លើ​ប្រព័ន្ធ​រដ្ឋបាល​។

-លើក​កំពស់​​ការ​ចូល​​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​មតិ​យោបល់ និង​ការ​រិះ​គន់​ស្ថាបនាដើម្បី​កែ​លម្អ​​ការ​អនុវត្ត​ប្រព័ន្ធ​រដ្ឋ​បាល​។

-បង្កើត​​រដ្ឋ​បាល​ឱ្យ​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋបង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័សប្រកប​ដោយ​ប្រសិទ្ធិភាពគុណភាព​ តម្លា​ភាពឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។​

Image

រចនា​សម្ព័ន្ធ​ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយ​មាន​ដូច​ជា​៖

ផ្នែក​ជួរ​មុខ​៖មាន​៣​ក្រុម

ក្រុម​ទី​១៖ ក្រុម​ទទួល​ពាក្យ ប្រគល់​​ឯកសារ និង​ផ្តល់​ព័ត៌មាន

ក្រុម​ទទួល​ប្រគល់​ឯកសារ និង​ផ្តល់​ព័ត៌មាន​មាន​ភារកិច្ច​ដូច​ខាង​ក្រោម​៖

-បម្រើ​ការ​ជួរ​មុខ​ទទួល​បន្ទុក​ទទួល​ឯកសារប្រគល់​​ឯកសារ និង​ផ្តល់​ព័ត៌មាន​

-ត្រួត​ពិនិត្យ​​រាល់​ពាក្យ​ស្នើ​សុំ និង​​ឯកសារ​ភ្ជាប់​ផ្សេង​ៗ​

-ចេញ​បង្កាន់​ដៃ​ទទួល​ពាក្យ(ករណី​សំណុំ​បែប​បទ​គ្រប់​គ្រាន់​)

-ធ្វើ​របាយ​ការណ៍​​ប្រចាំ​សប្តាហ៍ប្រចាំ​ខែ ប្រចាំ​ត្រី​មាសប្រចាំ​ឆមាស និង​​ប្រចាំ​ឆ្នាំ​

-ឆ្លើយ​​តប​រាល់​ព័ត៌មាន ​និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​

-បែង​ចែក​លិខិត​ចូល​ទៅ​ជួរ​ក្រោយតាម​វិស័យ​នី​មួយ​ៗ

-ផ្សព្វ​ផ្សាយ​លិខិត​ជូន​ដំណឹង និង​លិខិត​បទ​ដ្ឋាន​ផ្សេង​ៗ​ដល់​អតិថិជន​

-បំពេញ​ភារកិច្ច​​ផ្សេង​ទៀត​តាម​ការ​ប្រគល់​ភារកិច្ច​របស់​ប្រធាន​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​។

ក្រុម​ទី​២៖ក្រុម​ទទួល​បន្ទុក​ការងារ​នីត្យា​នុកូល​កម្ម

ក្រុម​ទទួល​បន្ទុក​ការងារ​នី​ត្យា​នុកូល​កម្មមាន​ភារកិច្ច​ដូច​ខាង​ក្រោម​៖

-បម្រើ​ការ​ជួរ​មុខទទួល​បន្ទុក​ការងារ​នីត្យា​នុ​កូល​កម្ម​​ឯកសារ​

-ពិនិត្យ​លើ​សំណុំ​​ឯកសារ​នានា​ដែល​ស្នើ​សុំ​​ធ្វើ​សេចក្តី​​បញ្ជាក់​ពី​រដ្ឋបាល​លើ​ឯកសារ​ថត​ចម្លង​នានាតាម​គោល​ការណ៍​កំណត់​

-លើក​យោបល់​ជូន​ប្រធាន​ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយអំពី​កិច្ច​ការ​​នានា​ដែល​ពាក់​ព័ន្ធ​នឹង​ការងារ​នីត្យា​នុកូល​កម្ម​

-ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​មន្ទីរអង្គភាព​ពាក់​ព័ន្ធ​នានាដើម្បី​ស្វែង​រក​ឯកសារ​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​​ពាក់​ព័ន្ធ​​នឹង​កិច្ច​ការ​នីត្យា​នុកូល​កម្ម​

-ទំនាក់​ទំនង​ជា​មួយ​ប្រជាពលរដ្ឋ​ជម្រាប​ជូន​អំពី​ព័ត៌មាន​នានានិង​ឆ្លើយ​តប​ទៅ​នឹង​សំណើសំណូម​ពរ​របស់​ប្រជាពលរដ្ឋ​អំពី​កិច្ច​ការ​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​

-រក្សា​ទុក​នូវ​​ឯកសារ​​នានាដែល​បាន​ធ្វើ​សេចក្តី​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​

-ធ្វើ​របាយការណ៍​ប្រចាំ​សប្តាហ៍ប្រចាំ​ខែ ប្រចាំ​ត្រី​មាសប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំបំពេញ​ភារកិច្ច​ផ្សេង​​​ទៀត​តាម​ការប្រគល់​ភារកិច្ច​របស់​ប្រធាន​​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​។

ក្រុម​ទី​៣៖ក្រុម​ទទួល​បន្ទុក​ការងារ​បេឡា

ក្រុម​ទទួល​បន្ទុក​ការងារ​បេឡាមាន​ភារកិច្ច​ដូច​ខាង​ក្រោម​៖

-ទទួល​កម្រៃ​សេវាកម្ម​រដ្ឋបាល​ពី​អតិថិជនតាម​គោល​ការណ៍​កំណត់ថែ​រក្សា​​បញ្ជី​ប្រមូល​ថ្លៃ​សេវា​ទាំង​អស់​និង​​ឯកសារ​ពាក់​ព័ន្ធ​

-ចេញ​បង្កាន់​ដៃ​បង់​ប្រាក់​ជូន​អតិថិជន​

-ធ្វើ​​របាយការណ៍​ប្រចាំ​ថ្ងៃ​អំពី​ស្ថាន​ភាព​ថវិកាសរុប​របាយការណ៍​ប្រចាំ​​សប្តាហ៍ប្រចាំ​ខែ ប្រចាំ​ត្រី​មាសប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​

-បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ប្រគល់​ភារកិច្ច​របស់​ប្រធាន​ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយ​។

**ផ្នែក​ជួរ​មុខ​អាច​បញ្ជូន​អតិថិជន​ទៅ​ផ្នែក​ជួរ​ក្រោយ​បានតែ​ក្នុង​ករណី​ចាំ​បាច់​​ដើម្បី​ឱ្យ​អតិថិជន​នោះធ្វើ​ការ​ការពារ​ជា​ពិសេស​នូវ​ទិន្នន័យ​ឯកជន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ផ្នែក​ជួរ​មុខ​មិន​ត្រូវ​បញ្ជូន​អតិថិជន​ទៅ​ការិយាល័យ​ជួរ​ក្រោយ​ឡើយប្រសិន​បើ​អតិថិជន​នោះមិន​បាន​ទាម​ទារ​ធ្វើ​ការ​ការ​ពារ​ជា​ពិសេស​នូវ​ទិន្នន័យ​​​​ឯក​ជន​​របស់​ខ្លួន​។

-បន្ទាប់​ពី​ទទួល​ពាក្យ​ស្នើ​សុំ​រួច​ហើយក្រុម​ទទួល​ប្រគល់​​ឯកសារ​នៃ​ផ្នែក​ជួរ​មុខត្រូវ​បញ្ជូន​​ឯកសារ​​ទៅ​មន្ត្រី​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​​​មិន​ឱ្យ​លើស​ពី​៤​ម៉ោង​។ បុគ្គលិក​ដែល​ទទួល​ការងារ​នីមួយ​ៗ ​ត្រូវ​តែ​ធានា​ឱ្យ​សេវាកម្ម​ទាំង​អស់​បាន​អនុវត្ត​​នៅ​ក្នុង​កម្រិត​ខ្ពស់​ជា​និច្ច​។

ផ្នែក​ជួរ​ក្រោយ​

ផ្នែក​ជួរ​ក្រោយជា​ផ្នែក​ដែល​ទទួល​រ៉ាប់​រង​សេវា​ដែល​មាន​នីតិ​វិធី​រដ្ឋបាលស្មុគ​ស្មាញ និង​សាំ​ញ៉ាំ ឬ​នីតិ​វិធី​រដ្ឋបាល​ដែល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពិនិត្យ​​បច្ចេក​ទេសនិង​ត្រូវ​សម្រេច​បញ្ចប់​ដោយ​​ផ្នែក​ជួរ​ក្រោយ ឬ​តម្រូវ​ឱ្យ​សេវា​នោះ​ត្រូវ​សម្រេចឬ​បញ្ចប់​ដោយ​សហការ​រវាង​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយជា​មួយ​អង្គ​ភាពការិយាល័យ​​ជំនាញ​នានា​នៃ​រដ្ឋបាល​ស្រុកក្នុង​រយៈ​ពេល​មួយ​កំណត់​ ហើយ​ការិយាល័យ​ជំនាញ​នានានឹង​ត្រូវ​បំពេញ​មុខ​ងារ​ជា​អង្គភាព​ជួរ​ក្រោយ​៕ 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ