Image

ក្នុងបរិបទការងារ មនុស្សអាចធ្វើការរួមគ្នា បង្កើតជាក្រុមការងារមួយទៅសម្រេចបានសមិទ្ធិផលនានាជាច្រើន។ ទន្ទឹមនឹងនោះ ការបង្កើតឱ្យក្រុមការងារមានស្មារតីជាក្រុម Teamwork ខ្លាំងមួយដើម្បីសម្រេចការងារធំៗបាន ហើយប្រកបដោយប្រសិទ្ធិភាព គឺជាបំណងប្រាថ្នារបស់អ្នកដឹកនាំគ្រប់រូប។ សម្រាប់ករណីនេះ ចំណុចមួយចំនួនជាបទពិសោធរួមខ្លះៗក្នុងការដឹកនាំក្រុមបានជោគជ័យត្រូវបានចែករំលែកដូចខាងក្រោម៖

. ជ្រើសរើសមនុស្សស័ក្តិសមជាមេក្រុម

ក្រុមការងារមួយ នឹងគ្មានទិសដៅពិតប្រាកដ ប្រសិនបើគ្មានអ្នកដឹកនាំគ្រប់គ្រងបានត្រឹមត្រូវ។ ដូច្នេះ បើមានមេដឹកនាំក្រុមមួយខ្លាំង មានសមត្ថភាពនឹងអាចណែនាំផ្តល់កិច្ចការត្រឹមត្រូវទៅនឹងសមត្ថភាពសមាជិកក្រុមនីមួយៗបាន។ ម្យ៉ាងទៀតមេក្រុមនោះច្រើនផ្តល់អាទិភាពគោលដៅក្រុម ជាងគោលដៅផ្ទាល់ខ្លួនរបស់បុគ្គលដោយធានាថាពួកគេដាក់ចិត្តចំពោះគោលដៅការងារឱ្យបានសម្រេច។ ពិសេសទៅទៀតនោះ មេក្រុមអាចជម្រុញចិត្តក្រុមការងារបង្ហាញគោលដៅ និងទិសដៅច្បាស់លាស់ទៅដល់ពួកគេ។

. សមាជិកដឹងពីទំនួលខុសត្រូវច្បាស់លាស់

ក្រោយពេលក្រុមត្រូវបានបង្កើតឡើងហើយការផ្តោតទៅលើតួនាទី និងទំនួលខុសត្រូវរបស់សមាជិកនីមួយៗ គឺជារឿងដែលត្រូវយកចិត្តទុកដាក់។ប្រសិនបើ ទំនួលខុសត្រូវក្នុងផ្នែកនីមួយៗត្រូវបានកំណត់ច្បាស់លាស់ពីដើមទី នោះភាពច្របូកច្របល់ក្នុងការងារក្រុមក៏ពុំមានកើតឡើងផងដែរ។ ហើយជាពិសេស ការដឹងនូវទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់សមាជិកក្រុម គឺជាដំណាក់កាលសំខាន់មុននឹងឈានទៅដល់ដំណើរការបំពេញសម្រេចគោលដៅ ហេតុនេះដែលតម្រូវឱ្យគ្រប់គ្នាច្បាស់ពីតួនាទីនិងអ្វីដែលជាគោលដៅរួមគ្នា។

. គោលដៅរួម

ក្រុមការងារនីមួយៗ តែងមានសមាជិកដែលមានជំនាញបទពិសោធ សមត្ថភាពផ្សេងៗគ្នា។ ដូច្នេះ វាជារឿងសំខាន់ដែលត្រូវកំណត់គោលដៅរួមរបស់ក្រុម ថាតើមានអ្វីខ្លះ? ដើម្បីឱ្យក្រុមការងារចូលរួមសហការប្រើចំណេះជំនាញរបស់ពួកគេរួមគ្នានិងផ្តោតធ្វើវាឡើងឱ្យចេញជាលទ្ធផល។ សម្រាប់សមាជិកក្រុមដែលបានយល់ច្បាស់នូវអ្វីដែលជាគោលដៅរួមរបស់ក្រុមហើយអ្វីជាគោលដៅផ្ទាល់ខ្លួន ហើយពួកគេអាចបែងចែកវាមិនឱ្យលូកឡំគ្នា នោះដំណើរការក្រុមនឹងមានប្រសិទ្ធិភាពទៅតាមនោះផងដែរ។

. បរិយាកាសបើកចិត្តទូលាយក្នុងទំនាក់ទំនងការងារ

ការបង្កើតឱ្យមានបរិយាកាសល្អ ជម្រុញចិត្តសមាជិកក្រុមឱ្យហ៊ានចែករំលែកគំនិតរបស់ពួកគេរួមគ្នាគឺជារឿងសំខាន់សម្រាប់ភាពជោគជ័យរបស់ក្រុម។ នៅពេលសមាជិកក្រុមមានអារម្មណ៍កក់ក្តៅក្នុងការចែករំលែកគំនិតពួកគេ ភាពច្នៃប្រឌិតនិងការបង្កើតថ្មីៗ របស់ក្រុមនឹងកាន់តែមានច្រើនទៅតាមនោះដែរ។ ក្នុងនោះការបង្កើតឱ្យមានការចែករំលែកគំនិតព័ត៌មាន រវាងសមាជិកក្នុងក្រុម ក៏ដូចជាសមាជិកនិង អ្នកដឹកនាំក្រុម ដើម្បីធានាថារាល់ព័ត៌មានគំនិត ត្រូវបានចែករំលែកបានដល់គ្រប់គ្នា ដែលនាំក្រុមបំពេញការងារកាន់តែមានប្រសិទ្ធិភាព។

. សមាជិកបង្កើតទម្លាប់ចេះជួយគ្នា

ក្នុងគោលដៅរួមរបស់ក្រុម​ ទោះបីសមាជិកនីមួយៗមានតួនាទី និងទទួលបន្ទុកបំពេញកិច្ចការតាមផ្នែករៀងខ្លួនៗ ប៉ុន្តែក្នុងស្ថានការណ៍ខ្លះ ក៏នឹងត្រូវការជំនួយ ការចូលរួមសហការជួយគ្នាទើបអាចសម្រេចបានគោលដៅពេញលេញ។ ដូច្នេះ ចំណុចនេះ មានន័យថាសកម្មភាពចេះជួយគ្នានៅក្នុងរង្វង់ក្រុមពេលមានបញ្ហា គឺជាសកម្មភាពវិជ្ជមានដែលសមាជិកគ្រប់រូបគួរមានទម្លាប់នេះ ទើបឈានទៅដល់ការសម្រេចបានគោលដៅ ដែលនេះបានបង្ហាញពីភាពខ្លាំងនៅក្នុង Teamworkនោះ៕

ប្រភព៖ Australian Institute of Business EDU