នៅអត្ថបទមុន ប្រិយ៍មិត្តបានស្វែងយល់ខ្លះមកហើយអំពីអ្វីទៅជា Teamwork? ក៏ដូចជាគុណសម្បត្តិនៃការប្រើប្រាស់ការសហការការងារជាក្រុមនេះ។ សម្រាប់អត្ថបទនេះ យើងអាចស្វែងយល់បន្ថែមពីគុណវិបត្តិខ្លះៗ ដែលអាចកើតឡើងទន្ទឹមនឹងគុណសម្បត្តិផងដែរដែលវាមានដូចជា៖

. ការចូលរួមមិនស្មើគ្នា

អ្នកអាចសង្កេតឃើញថា ការងារជាក្រុមខ្លះក៏មានសមាជិកខ្លះៗមិនសូវរវីរវល់ទេក្នុងការងាររួម ដោយពួកគេចាំតែសមាជិកដទៃទៀតជាអ្នកធ្វើទាំងអស់។ ដូចនេះអ្នកដឹកនាំពេលខ្លះអាចមើលរំលងនូវចំណុចជាបញ្ហានេះ ដោយពួកគេផ្តោតរង់ចាំមើលតែលទ្ធផលពេក។ ហើយការនេះ ក៏នឹងអាចនាំឱ្យមានការថ្នាំងថ្នាក់ចិត្ត ឬបំបាក់ទឹកចិត្តក្រុមជាដើម។ ដូច្នេះប្រសិទ្ធិភាពការងារក៏នឹងអាចអន់ថយទៅតាមនោះផងដែរ។

Image

. បញ្ហាផ្ទាល់ខ្លួន

បញ្ហាផ្ទាល់របស់សមាជិកនីមួយៗក៏អាចបង្កជាភាពល្អក់កករនៅក្នុងក្រុមការងារដែលមានប្រសិទ្ធិភាពមួយផងដែរ។ករណីនេះអាចកើតឡើងពីបញ្ហាទំនាក់ទំនង ផ្នែកការងារមិនស្មើភាពគ្នា(មើលបំណាំគ្នា) ឬអាចជាករណីដែលសមាជិកផ្ទាល់មានចរិតប្រកួតប្រជែងនឹងគ្នា។ ដូចនេះ បញ្ហាផ្ទៃក្នុងអាចបង្កឱ្យក្រុមមានបញ្ហា ប៉ះពាល់ដល់ប្រសិទ្ធិភាពការងារបង្កការអាក់អន់ចិត្ត ទំនាក់ទំនងផ្ទៃក្នុងចុះខ្សោយ រហូតពេលខ្លះអាចឈានដល់ការបែកបាក់ក្រុមទៀតផង។

. បញ្ហានៃការរៀបចំគ្រប់គ្រង

ចំណុចនេះសម្តៅទៅលើបញ្ហាក្នុងការរៀបចំក្រុមដែលមានទំហំធំឬមួយជាការណែនាំនរណាម្នាក់ឱ្យចូលរួមជាមួយក្រុមថ្មីណាមួយ។ ចំណុចទាំងនេះសុទ្ធសឹងនឹងអាចជួបឧបសគ្គខ្លះដែលនឹងកើតមាន។ ដូច្នេះ ករណីនេះអ្នកដឹកនាំនឹងជួបបញ្ហាដូចជាការត្រូវការពេលច្រើនដើម្បីរៀបចំគ្រប់គ្រងក្រុមការងារដែលមានទំហំធំ ឬមួយត្រូវពន្យារពេលដោយសារការត្រូវបណ្តុះបណ្តាលទៅដល់សមាជិកថ្មីរបស់ក្រុមជាដើម។

. ទំនួលខុសត្រូវ

ចំណុចនេះគេច្រើនសម្គាល់ឃើញជាបញ្ហាសំខាន់នៅក្នុងការងារជាក្រុម។ ករណីដែលមានកំហុស ឬភាពរអាក់រអួលណាមួយ សមាជិកក្នុងក្រុមបែរជាបន្ទោសគ្នាទៅវិញទៅមក។ វាជាការពិបាក ដែលកំណត់ថាតើនរណាជាអ្នកទទួលខុសត្រូវនៅពេលមានបញ្ហានៅក្នុងការងាររួមនោះ។ ចំណុចនេះហើយដែលបណ្តាលឱ្យមានការអាក់អន់ចិត្ត ក៏ដូចជាពន្យារពេលការងារ​ក៏ដូចជាប្រសិទ្ធិភាពការងារផងដែរ ដែលអ្នកគ្រប់គ្រងមិនគួរធ្វេសប្រហែស៕

ប្រភព៖ weje, octanner