ក្រឡាបញ្ជី គឺជាអ្នកបច្ចេកទេស ផ្នែកនីតិវិធី ដែលជួយសម្រួលដល់ចៅក្រមនិងព្រះរាជអាជ្ញានៅក្នុងសកម្មភាពសាលាជម្រះក្តីទៅតាមលក្ខខណ្ឌដែលមានកំណត់ក្នុងអត្ថបទច្បាប់ ឬបទបញ្ជាធរមាន។ ក្រឡាបញ្ជីត្រូវស្ថិតនៅក្រោមបង្គាប់ចៅក្រមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងសម្រាប់កិច្ចការផ្នែកយុត្ថាធិការដែលមានន័យជារួមគឺជាលេខាធិការផ្ទាល់របស់ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការជួយសម្រួលនូវការងារបច្ចេកទេសផ្នែកនីតិវិធីនៃរឿងក្តីដែលច្បាប់តម្រូវជាចាំបាច់ត្រូវតែមាន។
សម្រាប់ចំណុចសំខាន់ៗនៃវិជ្ជាជីវៈមួយនេះត្រូវបានបង្ហាញដោយ លោកមួន សៀងលី ដែលជាអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៣ ដូចខាងក្រោមនេះ៖
ក្រឡាបញ្ជីគឺជាវិជ្ជាជីវៈនៃយុត្ថាធិការស្ថិតក្នុងលក្ខន្តិកៈដោយឡែក ដែលបម្រើសេវាយុត្តិធម៌ហើយត្រូវអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងធានាផ្តល់សេវាយុត្តិធម៌ដោយសមភាពតម្លាភាព និងឆាប់រហ័ស។
ស្ថាប័នមានសមត្ថកិច្ចដឹកនាំ
-អង្គការតុលាការ និងអង្គការអយ្យការដែលមានចៅក្រម និងព្រះរាជអាជ្ញាដឹកនាំក្រឡាបញ្ជីផ្ទាល់នូវសកម្មភាពការងារបច្ចេកទេសនៅគ្រប់ដំណាក់កាលនីតិវិធីនៃរឿងក្តី។
-ការចាត់វិធានការចាំបាច់សម្រាប់ដំណើរការ នៃអង្គការតុលាការនិងអង្គការអយ្យការក្រឡាបញ្ជីត្រូវស្ថិតក្រោមអំណាចដឹកនាំដោយប្រធានអង្គការនោះ។
មុខងារនិងភារកិច្ចទូទៅរបស់ក្រឡាបញ្ជី
ក្រឡាបញ្ជីមានមុខងារជាលេខាធិការផ្ទាល់របស់ចៅក្រម និងព្រះរាជអាជ្ញាហើយមានភារកិច្ចទូទៅជាអាទ៍៖
កិច្ចការរដ្ឋបាលគ្រប់គ្រងសំណុំរឿងនិងឯកសារពាក់ព័ន្ធ
១. ទទួល និងចុះបញ្ជីនូវរាល់ពាក្យបណ្តឹងសំណុំរឿង និងឯកសារពាក់ព័ន្ធដែលបានដាក់ចូលឬចេញ
២. កាន់កាប់បញ្ជីស្ថិតិសៀវភៅចុះលេខសំណុំរឿង និងសៀវភៅពិសេសផ្សេងទៀត
៣. រក្សាទុកនូវសំណុំរឿងដើមនិងបង្ការទុកសំណៅឯកសារផ្សេងៗ នៅទីកន្លែងដែលមានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់
៤. ត្រួតពិនិត្យការថតចម្លងសំណុំរឿងឬឯកសារពាក់ព័ន្ធដោយមេធាវី។
៥. បង់លេខលិខិតតាមលំដាប់កាលប្បវត្តិនិងទុកដាក់យ៉ាងត្រឹមត្រូវដើម្បីធានាបាននូវសណ្តាប់ធ្នាប់និងរបៀបរៀបរយនៃសំណុំរឿង
៦. រៀបចំរបាយការណ៍ស្ថិតិការងារប្រចាំខែប្រចាំត្រីមាស និងប្រចាំឆ្នាំ
៧. កិច្ចការផ្សេងទៀតដែលកំណត់តាមរយៈការណែនាំរបស់ក្រសួងយុត្តិធម៌ឬតាមយន្តការសេចក្តីណែនាំផ្ទៃក្នុងនៃយុត្តាធិការការបញ្ជាក់ ឬការកែតម្រូវការអនុវត្តផ្សេងៗអាចជាផ្នែកមួយនៃការប្រតិបត្តិតួនាទីរបស់ក្រឡាបញ្ជី
សម្រាប់កិច្ចការបច្ចេកទេសផ្នែកនីតិវិធី ជាទូទៅមាន៖
១. រៀបចំតាក់តែងកត់ត្រាកំណត់ហេតុ របាយការណ៍ចេញបង្កាន់ដៃទទួលប្រាក់អាវុធ ឬឯកសារបញ្ជាក់អំពីអត្តសញ្ញាណរៀបចំបញ្ជីសារពើភ័ណ្ឌ ចុះនិទ្ទេសផ្សេងៗតាក់តែងសេចក្តីចម្លងលិខិតធ្វើលិខិតបញ្ជាក់ស្ថាពរ ផ្តល់រូបមន្តអនុវត្តលិខិតផ្ទុកផ្តាក់ រៀបចំតារាងបែងចែកចំណែកជាអាទិ៍។
២. រៀបចំតាក់តែងព្រាងលិខិតដីកា សាលក្រម សាលដីកាដីកាសម្រេច និងសេចក្តីសម្រេចផ្សេងទៀតសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា។
៣. ចុះទៅទីតាំងកន្លែងកើតហេតុនិងទីតាំងផ្សេងទៀតដែលជាគោលដៅត្រួតពិនិត្យស៊ើបអង្កេត ឬស៊ើបសួរអមជាមួយចៅក្រម ឬព្រះរាជអាជ្ញា។
៤. អានកំណត់ហេតុឬឯកសារផ្សេងទៀតរៀបចំការធ្វើសម្បថការជូនដំណឹង ការបញ្ជូន...។
៥. ពិនិត្យជាបឋមលើពាក្យបណ្តឹងពាក្យសុំ ឬលិខិតផ្សេងទៀត។
៦. ប្រមូលប្រាក់ប្រដាប់ក្តីនិងសោហ៊ុយផ្សេងៗ នៃនិតិវិធី និងកំណត់ជាស្ថាពរអំពីចំនួនប្រាក់ប្រដាប់ក្តីដែលត្រូវទទួលបន្ទុកបង់។
វិសមិតភាពលើមុខងារក្រឡាបញ្ជី(មិនអាចធ្វើហួសបានព្រោះផ្ទុយនឹងគន្លងច្បាប់)
១. ក្រឡាបញ្ជីមិនអាចបំពេញកិច្ចរបស់ចៅក្រម ឬព្រះរាជអាជ្ញាបានទេ។
២. ក្រឡាបញ្ជីមិនមានសិទ្ធិផ្តល់ប្រឹក្សាឬធ្វើជាតំណាងភាគីផ្សេងៗដែលជាសមត្ថកិច្ចរបស់មេធាវីនោះទេ។
៣. មុខងារក្រឡាបញ្ជីមានវិសមិតភាពជាមួយតួនាទីក្នុងប្រតិបត្តិការលក់ដេញថ្លៃជាសាធារណៈដែលតម្រូវឡើងដោយសេចក្តីសម្រេចតុលាការ។មុខងារអាជ្ញាសាលាក៏មានវិសមិតភាពជាមួយមុខងារក្រឡាបញ្ជីផងដែរ។
៤. ក្រឡាបញ្ជីមិនអាចធ្វើកោសលវិច័យ ឬកិច្ចផ្សេងទៀតរបស់អ្នកជំនាញនៅក្នុងសំណុំរឿងដែលខ្លួនទទួលបន្ទុកនិងមិនអាចធ្វើជាសាក្សីក្នុងការឆែកឆេរដែលខ្លួនចូលរួមប្រតិបត្តិបានឡើយ។
៥. ក្រឡាបញ្ជីអាចនឹងត្រូវបានប្តឹងដិតចិត្តដកហូត ឬដកខ្លួនដោយមូលហេតុមាត្រា២៧ និងមាត្រា២៨នៃក្រមនីតិវិធីរដ្ឋប្បវេណី។
៦. ការហាមឃាត់ផ្សេងទៀតដែលមានកំណត់នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលមាត្រា៣៥។
ការជ្រើសរើសនិងបណ្តុះបណ្តាលក្រឡាបញ្ជី
ក្រឡាបញ្ជីត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងផ្ទៃក្រៅក្នុងចំណោមនិស្សិត និងមន្ត្រីរាជការ។
បែបបទ លក្ខខណ្ឌនៃការប្រលង កាលបរិច្ឆេទ ចំនួនកន្លែងដែលត្រូវផ្តល់ឱ្យនាសម័យប្រឡងប្រជែងនីមួយៗ ត្រូវកំណត់ឡើងដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
បេក្ខជន នឹងក្លាយជាក្រឡាបញ្ជី បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងបានឆ្លងកាត់ការវាយតម្លៃដោយ សាលាភូមិន្ទក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអង្គតុលាការ ឬអយ្យការដែលខ្លួនបានចុះកម្មសិក្សាក្នុងក្របខណ្ឌក្រសួងយុត្តិធម៌។
អំពីការបណ្តុះបណ្តាល
បេក្ខជនដែលទទួលជោគជ័យក្នុងការប្រឡងប្រជែង ត្រូវទទួលឋានៈជាសិស្សក្រឡាបញ្ជី និងត្រូវទទួលបានការបណ្តុះបណ្តាលដំបូង រយៈពេល១ឆ្នាំ នៅសាលាភូមិន្ទ ក្រឡាបញ្ជីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖ សិក្សារយៈពេល០៦ខែ នៅសាលាភូមិន្ទក្រឡាបញ្ឌី និងធ្វើកម្មសិក្សារយៈពេល០៥ខែ ឬ០៦ខែ នៅតាមសាលាជម្រះក្តីនានា ក្នុងឋានៈជាសិស្សក្រឡាបញ្ជីកម្មសិក្សាការី។
ក្រោយពីបញ្ចប់កម្មសិក្សាខាងលើ សិស្សក្រឡាបញ្ជី ត្រូវការពាររបាយការណ៍កម្មសិក្សា និងប្រលងបញ្ចប់។
ពិន្ទុសរុបចុងក្រោយរបស់សិស្សក្រឡាបញ្ជីនីមួយៗ គឺជាកត្តាកំណត់អំពីទីតាំងបំពេញការងារជាក្រឡាបញ្ជីនៅតាមអង្គការតុលាការ ឬអយ្យការ។ ជាក់ស្តែង លំដាប់អាទិភាពនៃសិទ្ធិជ្រើសរើសទីតាំងបំពេញការងារ របស់សិស្សក្រឡាបញ្ជី គឺអាស្រ័យទៅតាមចំណាត់ថ្នាក់ពីខ្ពស់ទៅទាប៕