លោក Bill Gates ដែលគេស្គាល់ជាទូទៅថា ជាបិតានៃក្រុមហ៊ុនយក្ស ផ្នែកផលិតកម្មវិធី កុំព្យូទ័រ Window និងជាស្ថាបនិកអង្គការ សប្បុរសធម៌ Bill & Malinda Gates ។

មហាសេដ្ឋី លោក ហ្គេត( Bill Gates) កើតនៅថ្ងៃទី 28 ខែតុលាឆ្នាំ 1955 នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ លោក ជាបុគ្គលដែលមានគំនិត ប្រឌិតផ្នែកបច្ចេកវិទ្យាដ៏មានប្រជាប្រិយបំផុតរបស់ពិភពលោក ដែលគេស្គាល់ជាទូទៅថា ជាអតីតប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft។ លោកមានភរិយាឈ្មោះ ម៉ាលីនដា (Melinda )នឹងមានកូន ៣នាក់។​ លោកមិនបានរៀនចប់ សកលវិទ្យាល័យនោះទេ ដោយបានបោះបង់ការសិក្សានៅ សាលា Harvard។

គាត់បានចូលរៀននៅសាលា Lakeside នៅស្រុកកំណើតរបស់គាត់ ដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធកុំព្យូទ័រ ហើយបានចាប់ផ្តើមចំណាយពេលវេលាយ៉ាងច្រើន ក្នុងការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា BASIC។

លោកត្រូវបានអ្នកគ្រប់គ្រងសាលារៀនហាមឃាត់មិនឱ្យប្រើប្រាស់កុំព្យួទ័រ រួមជាមួយសិស្សជាច្រើនដែលក្រោយមក ក៏ក្លាយជាមិត្តរួមការងារនៅ Microsoft ។ ការហាមឃាត់នេះ មិនបានបញ្ឈប់លោក Bill Gates មិនឲ្យខ្វាយខ្វល់ពីកុំព្យូទ័រឡើយ ហើយក្នុងរយៈពេលមួយឆ្នាំ គាត់បានបង្កើតកម្មវិធីកុំព្យូទ័រដ៏ធំមួយ ដោយខ្លួនឯង។

លោក Bill Gates ធ្លាប់បានបម្រើការជា ជំនួយការ ឱ្យសភាតំណាងរាស្ដ្រអាមេរិច ហើយបានចាប់ផ្ដើមសិក្សានៅសកលវិទ្យាល័យហាវឺត។ ដោយមិនមានការចូលចិត្ត លើមុខវិជ្ជានៅមហាវិទ្យាល័យ ធ្វើឲ្យគាត់បានសម្រេចចិត្ត ចាកចេញពីសាកលវិទ្យាល័យ ដើម្បីចាប់ផ្តើមធ្វើការលើផ្នែកកម្មវិធីកុំព្យូទ័រ ដោយការសរសេរកូដសម្រាប់ប្រព័ន្ធកុំព្យូទ័រ MITS Altair ។

ការផ្តោតលើការបង្កើតកម្មវិធីនេះនាំឱ្យ លោក Bill Gates បង្កើតក្រុមហ៊ុន Microsoft ដែលផលិតប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នា សម្រាប់ក្រុមហ៊ុនផលិតកុំព្យូទ័រក្នុងឆ្នាំ ១៩៨០ ហើយបង្កើតបានភាពជាដៃគូជាមួយក្រុមហ៊ុនផលិត Hardware ឈានមុខគេឈ្មោះ IBM ។ ក្រោយមកបានប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple Computer នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ក្នុងនោះក្រុមហ៊ុន Microsoft បានផ្តល់ឱ្យក្រុមហ៊ុន Apple នូវកម្មវិធី Office របស់ខ្លួន។

ដោយការដាក់ចេញប្រព័ន្ធប្រតិបត្តិការ Windo​ws 3.1 និង Windows 95 បានធ្វើឲ្យក្រុមហ៊ុន Microsoft បានឈានដល់កម្រិតកំពូលនៃភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដោយគ្របដណ្ដប់ការប្រើប្រាស់សម្រាប់ក្រុមហ៊ុនអាជីវកម្មនិងអ្នកប្រើប្រាស់កុំព្យូទ័រតាមផ្ទះ។

នៅចុងឆ្នាំ ២០១៦ លោក Bill Gates បានប្រកាស អំពីការដាក់ឱ្យដំណើរការ មូលនិធិវិនិយោគទុនផ្នែកថាមពលដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារ រួមជាមួយមនុស្សប្រហែល ២០ នាក់ផ្សេងទៀត។ 

នៅឆ្នាំ ២០១៨នេះ លោក Bill Gates កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft តែជាង 1%ប៉ុណ្ណោះ ដោយភាគហ៊ុនជាច្រើន គឺបោះផ្សាយជាសាធារណៈសម្រាប់វិនិយោគិន។ តែគាត់ នៅតែជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនកម្មវិធី OS ដែលគាត់បានបង្កើតឡើងជាមួយលោក Paul Allen នៅក្នុងឆ្នាំ១៩៧៥ ។

លោក Bill Gates ជាប្រធានមូលនិធិ Bill & Melinda Gates ដែលជាអង្គការសប្បុរសធម៌ធំបំផុតក្នុងពិភពលោក។ មូលនិធិនេះធ្វើការដើម្បីសង្រ្គោះជីវិត និងកែលម្អសុខភាពសកលលោក ហើយកំពុងធ្វើការជាមួយអង្គការ Rotary International ដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង។

លោក Bill Gates មានចិត្តសប្បុរស ដោយបរិច្ចាកទ្រព្យទ្រព្យសម្បត្តិ និងចែករំលែកភាពជោគជ័យ។លោក Gates បានវិនិយោគទ្រព្យមួយចំនែកធំ ដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងសម្រាប់ជនក្រីក្រ។ គាត់បានជួយសង្គ្រោះជីវិតមនុស្សជាង 5 លាននាក់តាមរយៈការនាំថាក់ថ្នាំបង្ការ និងបង្កើនការថែរក្សាសុខភាពកុមារពេញមួយជីវិតរបស់គាត់។ គាត់បានគាំទ្រដល់ផ្នែកសុខាភិបាល ផ្នែកសង្គមនិងផ្នែកអប់រំជាច្រើន។

គាត់ក៏ជាអ្នកវិនិយោគលើភាគហ៊ុន និងអចលនទ្រព្យជាច្រើនទៀតដែរ។ ដែលត្រឹមថ្ងៃ ១៥ ខែសីហា ២០១៨នេះ លោកមានទ្រព្យសរុប ៩៥ពាន់លានដុល្លារ ៕