ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រាងផែនការហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតាមរាជធានីក្រុងសំខាន់ៗរួចទៅហើយ ដែលនេះ គឺដើម្បីអាចធានាដល់ការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាព។ 

ប្លង់គោល ឬប្លង់គោលប្រើប្រាស់ដី ( Master Plan) : គឺជាផែនកំណត់អំពីចង្ខុវិស័យ និងយុទ្ធសាស្ត្ររួមសម្រាប់ការអភិវឌ្ឍរូបវ័ន្ត និងកំណត់អំពីប្រភេទ ប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់ទីក្រុង បណ្តាញហេដ្ឋារចនាសម្ព័ទ្ធទីក្រុង គមនាគមន៍សំខាន់ៗនៃទីក្រុង និងការធ្វើសមាហរណកម្ម។ 

ប្លង់គោលត្រូវភ្ជាប់មកជាមួយនូវគម្រោងអភិវឌ្ឍន៍ទីក្រុង តាមលំដាប់អាទិភាពសម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ប្លង់ប្រើប្រាស់ដីធ្លី ( Land Use Plan): ជាផែនការលម្អិតចេញពីប្លង់គោល កំណត់អំពីប្រភេទដី និងតំបន់នៃការប្រើប្រាស់ដីនីមួយៗ កំណត់អំពីបទប្បញ្ញត្តិនៃការប្រើប្រាស់ដី ការអភិវឌ្ឍ ការអភិរក្ស និងបទប្បញ្ញតិ្តសាងសង់ក្នុងតំបន់នីមួយៗព្រមទាំងកំណត់អំពីបណ្តាញគមនាគមន៍ និងការធ្វើសមហរណកម្ម។ 

យោងតាមអនុក្រឹត្យស្តីពី ការដាក់អោយអនុវត្តប្លង់គោលប្រើប្រាស់ដីរបស់រដ្ឋាភិបាល ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ក្នុងគោលបំណងដើម្បី៖ 

• តម្រង់ទិសដៅប្រើប្រាស់ដីធ្លី និងធានាតម្លៃសក្តានុពល ដែលមានក្នុងទីក្រុងប្រកបដោយប្រសិទ្ធិភាព ចិរភាព និងសមធម៌ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការធានាសន្តិសុខស្បៀងសោភណភាព និងគុណភាពបរិស្ថាន។ 

• តម្រង់ទិសនៃការអភិវឌ្ឍដោយតុល្យភាព សមភាព និងភាពស៊ីចង្វាក់គ្នា រវាងរាជធានី ទីក្រុងតូចបន្ទាប់ ខេត្តរបស់ប្រទេស និងទីក្រុងប្រទេសនានា។ 

• ធានាការលើកស្ទួយអត្តសញ្ញាណរាជធានីខេត្ត ដើម្បីសមាហរណកម្មទៅក្នុងតំបន់ និងប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់ សម្រាប់ការអភិវឌ្ឍក្នុងបរិបទដែលផ្តល់នូវលទ្ធភាពធំជាងមុន ទាំងលើផ្នែកបច្ចេកទេស និងផ្នែកហរិញ្ញវត្ថុ៕