ក្រសួងធនធានទឹក និងឧតុនិយម គ្រោងអនុវត្តទំនើបកម្មប្រព័ន្ធប្រលាយជាង១០ លើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ និងពង្រីកទំនប់ដើម្បីស្តុកទឹកដើម្បីការពារការជន់លិចក្រុងបាត់ដំបង ពេលទឹកឡើង។

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WBMOWRAM និងក្រុមការងារ របស់ក្រសួងជាច្រើនរូប និងមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានធ្វើការចុះរៀបចំការដ្ឋានធ្វើទំនើបកម្មលើអនុគម្រោងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

លោកកំពុងតែជម្រុញដោយសកម្មយ៉ាងមម៉ាញឹក លើការអនុវត្តនីតិវិធីនិងអនុវត្តក្រឹត្យច្បាប់ជាធរមានក្នុងការរៀបចំសណ្តាប់ធ្នាប់ និងលុបបំបាត់បទល្មើសរំលោភយកដីចំណីប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយដើម្បីរៀបចំពិធីបើកការដ្ឋានខាងលើនេះនាពេលខាងមុខ។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ បានសហការយ៉ាងជិតស្និត នឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងADB នឹងអនុវត្តការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយដូចតទៅ៖

១- ប្រព័ន្ធប្រឡាយអូរដូនពៅទាំងអស់

២- ប្រព័ន្ធប្រឡាយមេចំនួន ៣ ខ្សែ

៣- ប្រព័ន្ធប្រឡាយរងទី២ ចំនួន ៨ ខ្សែ

៤- ប្រព័ន្ធប្រឡាយដោះទឹក ចំនួន ១ ខ្សែ

៥- ពង្រីក និងពង្រឹងតួទំនប់អាងកំពីងពួយដោយរៀបថ្មការពារនិងចាក់បេតុងការពាររលក ដើម្បីស្តុកទឹកឲ្យបានច្រើនជាអតិបរិមានិងធ្វើការការពារក្រុងបាត់ដំបង និងផ្លូវជាតិលេខ ៥ ក្នុងពេលដែលធាទឹកឡើងចាប់ពី ៣០០ដល់ ៥០០ មែត្រត្រីគុណ ក្នុង១វិនាទី

៦-ធ្វើការសាងសង់នូវសំណង់សិល្បកាគ្រប់ប្រភេទទាំងអស់ជាច្រើនរយកន្លែងបន្ថែមទៀត

ដៃម្ខាងទៀត ឯកឧត្តម រដ្ឋមន្ត្រី បានសហការយ៉ាងរលូននឹងក្រសួងMEFនិង EIB (Europen Investment Bank) ធ្វើការជួសជុលស្តារឡើងវិញក្នុងនិយាមធ្វើទំនើបកម្មលើប្រព័ន្ធព្រែកអូរតាគីក្នុងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយខាងលើឆ្លងទៅផ្លូវជាតិលេខ៥ចូលដល់តំបន់៣ ក្នុងខេត្តបាត់ដំបង។

ការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ គឺក្នុងបំណងអនុវត្តឲ្យខាងតែបានលើទស្សន:វិស័យចក្ខុវិស័យ និងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់ក្រសួងក្នុងវិស័យទឹកក្នុងរយ:ពេលយូរអង្វែងឲ្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយនេះមានចរិតលក្ខណ:ទប់ទល់ដ៏រឹងមាំនឹងបម្រែបម្រួលអាកាសធាតុទប់ទល់បានរឹងមាំនឹងបាតុភូតធម្មជាតិនានាធានាបានលើសុវត្ថិភាពទឹកសម្រាប់បម្រីឲ្យគ្រប់វិស័យទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់និងមាននិរន្តរភាព ៕