ជាអ្នកគ្រប់គ្រងអាជីវកម្មជាគ្រូបង្វឹកបាល់ទាត់ ជាគ្រូបង្រៀន ជាអ្នកសម្របសម្រួលកម្មវិធី ជាឪពុកម្តាយគេ ទាំងនេះគឺអ្វីដែលសុទ្ធតែមានភាពជាអ្នកដឹកនាំក្នុងខ្លួន។ ប៉ុន្តែនៅក្នុងដំណើរជាតួនាទីដែលជាដឹកនាំមួយរូប ថាតើនឹងត្រូវទៅកម្រិតបន្ទាប់ទៀត និងដោយរបៀបណា?

ការអភិវឌ្ឍភាពជាអ្នកដឹកនាំអាចជួយអ្នកបង្កើននូវគុណភាពការងារ បង្កើតទំនាក់ទំនងសំខាន់នានា បង្កើនឱកាសចំណូល ក៏ដូចជាក្លាយជាអ្នកមានឥទ្ធិពលមួយផងដែរ។ មានគំនិត និងទ្រឹស្តីជាច្រើនទៅលើ ចំណុចនៃភាពជាអ្នកដឹកនាំនេះ ដែលក្នុងនោះរួមមានទ្រឹស្តីពីអ្នកនិពន្ធអាមេរិកដ៏ល្បីនិងជាអ្នកនិយាយលើកទឹកចិត្តដ៏មានឥទ្ធិពល គឺលោក John Calvin Maxwell ដែលលោកបានឱ្យជាទ្រឹស្ត្រី “៥កម្រិតនៃភាពជាអ្នកដឹកនាំ” ។ ៥កម្រិតដែល លោកបានឱ្យជាទស្សនទានមានដូចជា 

  • មុខតំណែង (Position Level1) 
  • ការទទួលស្គាល់ (Permission Level2) 
  • ការសាងស្នាដៃ (Production Level3) 
  • ការអភិវឌ្ឍមនុស្ស (People Development Level4) 
  • និងកម្រិតខ្ពស់បំផុត (Pinnacle Level 5)។

ការស្វែងយល់ពីកម្រិតទាំង៥នេះអាចជួយអ្នកឱ្យយល់អំពីរបៀបក្លាយជាអ្នកដឹកនាំដ៏ប្រសើរមួយរូបនៅទីកន្លែងការងាររបស់អ្នក។ ទ្រឹស្តី “៥កម្រិតនៃភាពជាអ្នកដឹកនាំ” អាចជួយឱ្យទំនាក់ទំនង និងសមាជិកក្រុមធ្វើការអ្នកដំណើរការយ៉ាងប្រសើរនិងជួយអ្នកអភិវឌ្ឍនូវជំនាញសំខាន់ៗផ្សេងទៀត។

នៅអត្ថបទនេះ ក្រមានឹងលើកយក២កម្រិតនៃទ្រឹស្តីខាងលើជាសង្ខេបនិងវិធីសម្រេចបាននូវកម្រិតនីមួយៗ៖ 

កម្រិតទី១៖ មុខតំណែង (Position Level 1)

កម្រិតទី១ ឬកម្រិតដំបូងនេះគឺជាចំណុចចាប់ផ្តើមនៃភាពជាអ្នកដឹកនាំ និងដែលត្រូវអភិវឌ្ឍ។ គឺនិយាយសម្តៅអំពីការប្រើភាពដឹកនាំតាមរយៈតួនាទី ឬមុខតំណែងដែលប្រគល់ឱ្យ។ ប៉ុន្តែការប្រើមុខតំណែងសម្រាប់ដឹកនាំមានឬពុំមានប្រសិទ្ធិភាព គឺជារឿងសំខាន់។ ពុំមែនសុទ្ធតែការប្រើមុខតំណែងទៅដឹកនាំគេសុទ្ធតែមានប្រសិទ្ធភាពនោះឡើយដោយហេតុថាការប្រើមុខតំណែងគឺជាសិទ្ធិអំណាច ហើយមនុស្សព្រមធ្វើទៅតាមដោយភាពចាំបាច់ប៉ុណ្ណោះដូចនេះគឺតម្រូវឱ្យមានភាពឆ្លាតវៃ ចេះច្នៃបន្ថែមនូវភាពជាអ្នកដឹកនាំនៅក្នុងការដឹកនាំក្នុងកម្រិតទីមួយ។ គេអាចសម្គាល់មើលថាគឺនៅមាន អ្នកដឹកនាំ នៅមុខតំណែងជាអ្នកគ្រង់គ្រង ឬអ្នកចាត់ការនៅតែជាមុខតំណែងនេះរហូតពេញមួយជីវិត ដោយមិនបានអភិវឌ្ឍអាជីពទៅមុខបានប្រសើរជាងមុន។

សម្រាប់ចំណុចនេះ អ្នកអាចបង្កើនភាពជាអ្នកដឹកនាំដោយមានប្រសិទ្ធិភាពតាមរយៈការយល់ដឹងពីរបៀបគ្រប់គ្រងភាពងាយស្រួលទាក់ទងរបស់អ្នក និងតិចនិកសម្របសម្រួលសហការជាមួយសមាជិកក្រុមការងារ។ ការបើកចិត្តទូលាយនិងទទួលយកឥរិយាបថផ្សេងៗ នឹងបង្កើនទំនុកចិត្តក្រុមការងារ ហើយក៏ធ្វើឱ្យផលិតភាពកន្លែងធ្វើការបានល្អប្រសើរ។

កម្រិតទីមួយ នៃភាពជាអ្នកដឹកនាំ អ្នកគួរផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា៖

  • ការយល់ចិត្តបុគ្គលិកឬក្រុមការងារ និងបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងពួកគេពិតប្រាកដ។
  • លើកសរសើរអំពីកិច្ចការល្អៗជាការបង្កើនការលើកទឹកចិត្តក្នុងក្រុមការងារ។
  • លើកបង្ហាញនិងទទួលការរិះគន់ក្នុងន័យស្ថាបនា ដើម្បីអនុវត្តឱ្យបានប្រសើរជាងមុន។
  • ទំនាក់ទំនងជាមួយក្រុមការងារដើម្បីធានាថាពួកគេទទួលបាននូវព័ត៌មានសំខាន់ៗ និងបំពេញកិច្ចការបានប្រសើរទាំងអស់គ្នា។ 

កម្រិតទី២៖ ការទទួលស្គាល់ (Permission Level 2)

នៅកម្រិតទីពីរ គឺជាការបង្កើតសម្ព័ន្ធភាពរវាងក្រុមការងារ ដើម្បីឱ្យមានការទទួលស្គាល់។ នៅចំណុចនេះគឺមានន័យថាអ្នកដឹកនាំអាចធ្វើឱ្យ អ្នកក្រោមឱវាទធ្វើតាម ហើយក៏ព្រោះតែពួកគេមានចិត្តចង់ធ្វើផងដែរ។ នៅពេលដែលអ្នក សុំឱ្យបុគ្គលិក ឬអ្នកក្រោមបង្គាប់ធ្វើកិច្ចការណាមួយ ពួកគេនឹងធ្វើដោយពេញចិត្តយកចិត្តទុកដាក់ និងអស់ពីចិត្តពីថ្លើម។ ពួកគេនឹងជួយអ្នកដោយសារពួកគេពាល់អារម្មណ៍ថាទទួលបាននូវការលើកទឹកចិត្តរួមទាំងទំនុកចិត្ត ការយកចិត្តទុកដាក់ ការសម្រេចចិត្ត និងការឱ្យតម្លៃ។ ដូច្នេះអ្នកដឹកនាំដែលអាចធ្វើរឿងនេះបានគឺគប្បីមានចំណុចសំខាន់ទាំងនេះដូចជា៖

  • ពិនិត្យមើលថាតើការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់មនុស្សជុំវិញខ្លួនកម្រិតណា។
  • ការប្រព្រឹត្តទៅកាន់បុគ្គលិកស្មើៗគ្នា(មិនបក្សពួក មិនលំអៀងតែម្ខាង)។
  • តែងតែគាំទ្រសមាជិកក្រុមការងារ។
  • ធានាថាអ្នកក្រោមបង្គាប់អ្នកអាចធ្វើការបានល្អជាមួយក្រុមដទៃការងារដទៃទៀត។
  • ការឱ្យតម្លៃលើទំនួលខុសត្រូវ។
  • ទំនាក់ទំនងល្អជាមួយសមាជិកក្រុមការងារទាំងអស់។
  • ទទួលបានសមិទ្ធិផលឬលើសគោលដៅដែលរំពឹងទុក។
  • ទទួលយកនូវទស្សនៈជាវិជ្ជមានពីក្រុមការងារ ថ្នាក់លើ និងមជ្ឈដ្ឋានផ្សេងទៀត ក្នុងការអភិវឌ្ឍ។

កម្រិតនេះផងដែរអ្នកគួររៀនពីអ្នកក្រោមបង្គាប់ឬបុគ្គលិកអ្នក ជាការបង្កើនសម្ព័ន្ធភាពមួយ ទោះបីក្រុមបុគ្គលិកពីផ្នែកផ្សេងៗ។សកម្មភាពនេះនឹងធ្វើឱ្យគ្រប់គ្នាមានទំនុកចិត្ត ក្នុងការប្រាស្រ័យទាក់ទងអ្នកក៏ដូចជាមានឆន្ទៈក្នុងការធ្វើកិច្ចការឱ្យអស់ពីសមត្ថភាពពួកគេនិងសម្រេចបានសមិទ្ធិផលល្អៗនានាផងដែរ។

សូមរង់ចាំអាន៣កម្រិតនៃភាពជាអ្នកដឹកនាំបន្ថែមនៅអត្ថបទបន្ទាប់

ប្រភព៖ Indeed, Johnmaxwell