សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍

អ្នកដឹកនាំដែលមានការគោរពច្រើនក៏ដូចជាមានអ្នកក្រោមបង្គាប់ ចាត់ទុកជានិម្មិតរូប ចង់ធ្វើតាម ដើរតាមលំអានច្រើនមានចំណុចលេចធ្លោជាច្រើន។ ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Northeastern សហរដ្ឋអាមេរិក ពីចំណុចវិជ្ជមានលេចធ្លោក្នុងភាពជាអ្នកដឹកនាំ ក្នុងនោះមាន៥ចំណុចដែលគេច្រើនសម្គាល់ឃើញ ហើយក្រមាក៏សូមសង្ខេបបង្ហាញជូនដូចខាងក្រោមនេះ៖

. ស្គាល់ខ្លួនឯងច្បាស់និងឱ្យតម្លៃការអភិវឌ្ឍខ្លួនជានិច្ច

អ្នកដឹកនាំដែលមានឥទ្ធិពល និងធ្វើឱ្យអ្នកក្រោមបង្គាប់មានទឹកចិត្តគោរពយកលំនាំតាម ច្រើនជាអ្នកអភិវឌ្ឍខ្លួនជាប្រចាំ រៀនសូត្រអ្វីថ្មីជានិច្ចនិងយល់ច្បាស់ពីអ្វីដែលជាចំណុចខ្លាំងពូកែរបស់គាត់(អ្នកដឹកនាំ)។ គេអាចឃើញគុណភាពរបស់គាត់តាមរយៈការស្វះស្វែងរៀនសូត្រអ្វីថ្មីបន្ថែម ជាការដុសខាត់នូវជំនាញដែលពួកគេមាន ដោយមានភាពវៃឆ្លាតក្នុងការរៀនសូត្រ ក៏ដូចជាការសម្របសម្រួលខ្លួនក្នុងបរិយាកាសរៀនសូត្រ ការទទួលមតិផ្សេងៗពីមជ្ឈដ្ឋានជាច្រើនដែលមានបទពិសោធ។ សម្រាប់ការនេះហើយ ដែលគាត់ធ្វើសម្រាប់ខ្លួនឯងជាគំរូផង និងសម្រាប់ក្រុមការងារឬបុគ្គលិកក្រោមឱវាទ យកជាឧទាហរណ៍ ហើយអនុវត្តតាម។

ការដៅចេញនៅគោលដៅច្បាស់លាស់ឱ្យអាទិភាពគោលដៅទៅមុន ទំនួលខុសត្រូវ និងចៀសឆ្ងាយពីអ្វីដែលច្រើនរំខានពួកគេ(អ្នកដឹកនាំ) ដើម្បីសម្រេចគោលដៅធំ ជាចំនុចវិជ្ជមានមួយរបស់អ្នកដឹកនាំ ដែលអ្នកក្រោមបង្គាប់គោរពកោតខ្លាចផងដែរ។

. ផ្តោតលើការជួយអភិវឌ្ឍសមត្ថភាពកូនក្រុម

នេះជាចំណុចវិជ្ជមាន និងជាចំណុចពិសេសមួយផងដែរដែលទាក់ទាញ និងជម្រុញចិត្តកូនក្រុមក្នុងការសហការរួមគ្នាសម្រេចគោលដៅរួម។ ផ្តោតលើការជួយអភិវឌ្ឍសមត្ថភាពកូនក្រុមក្នុងន័យនេះសម្តៅទៅលើការចេះស្វែងរកចំណេះជំនាញរបស់កូនក្រុមដែលមានស្រាប់ សម្រាប់ប្រើប្រាស់ឱ្យត្រូវនឹងវិជ្ជាដែលពួកគេ(កូនក្រុម)ពូកែនោះបន្ថែមដោយការជួយណែនាំបង្ហាញផ្លូវ ការជម្រុញទឹកចិត្តក្នុងការធ្វើការងាររួមដោយឆន្ទៈដែលនឹងនាំឱ្យសម្រេចបាននូវគោលដៅជាក់លាក់។

ការជួយអភិវឌ្ឍដល់កូនក្រុម នឹងបង្កើនឱ្យពួកគេមានទំនុកចិត្តលើសមត្ថភាពខ្លួនក្នុងការសហការជាក្រុមដើម្បីសម្រេចគោលដៅរួម។

ចុចអាន៖  សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

. ជម្រុញការគិតដោយយុទ្ធសាស្រ្តភាពច្នៃប្រឌិត និងសកម្មភាព

“ជាអ្នកដឹកនាំ អ្នកត្រូវសម្លឹងទៅមុខ អ្នកត្រូវដឹងពីទិសដៅដែលស្ថាប័នឬអាជីវកម្មអ្នកត្រូវទៅ។” នេះជាការលើកឡើងរបស់លោកស្រី Teresa Goode បណ្ឌិតសាស្រ្តាចារ្យដែលដឹកនាំការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យNortheastern ខាងលើ។ ចំណុចនេះនិយាយពីភាពឈ្លាសវៃរបស់អ្នកដឹកនាំដែលត្រូវតែមានសម្រាប់ការកាន់ចង្កូតស្ថាប័ន ក៏ដូចជាអាជីវកម្ម។ ដូចនេះអ្នកដឹកនាំត្រូវសិក្សាឱ្យច្បាស់ពីផ្លូវដែលត្រូវ អ្វីដែលជាតម្រូវការសម្រាប់ទៅកាន់គោលដៅក៏ដូចជាបច្ចុប្បន្នភាព ក្នុងបរិបទដែលខ្លួនរស់នៅប្រចាំថ្ងៃផងដែរ។

ការចេះបត់បែន សម្របខ្លួនតាមកាលៈទេសៈ និងហ៊ានណែនាំប្រើគំនិតថ្មីៗជាចំណុចលេចធ្លោមួយរបស់អ្នកដឹកនាំ។

. ការសម្រេចដោយគោរពសីលធម៌និងទំនួលខុសត្រូវ

អ្នកដឹកនាំដែលមានឥទ្ធិពល តែងមានការគោរពទៅដល់សីលធម៌និងព្យាករថ្លឹងថ្លែងទៅដល់ចំណុចអវិជ្ជមានដែលនឹងកើតមានឡើង ពោលគឺគុណសម្បត្តិនិងគុណវិបត្តិសម្រាប់ប្រយោជន៍រួមគ្រប់គ្នា នៅរាល់ពេលមុនការសម្រេចចិត្ត។ ហើយលទ្ធផលនៃការសម្រេចនោះទៀតសោតក៏តែភ្ជាប់និងទំនួលខុសត្រូវខ្ពស់ជាប់ជានិច្ច។

ការគោរពក្រមសីលធម៌ ក៏ដូចជាប្រយោជន៍ជារួមច្រើនទទួលបានការគោរពស្មោះស្ម័គ្រ និងឆន្ទៈពីកូនក្រុម ក៏ដូចជាមជ្ឈដ្ឋានទូទៅ…។

. ចេះប្រើភាសាទំនាក់ទំនងនិងច្បាស់លាស់

មេដឹកនាំដែលគួរឱ្យគោរព ភាគច្រើនគេសម្គាល់ឃើញពីការចេះប្រើភាសាទំនាក់ទំនងរបស់ពួកគាត់។ភាសាទំនាក់ទំនងនេះគឹសម្តៅទៅដល់ ការចេះផ្តល់ព័ត៌មាន និងចក្ខុវិស័យច្បាស់លាស់ដល់អ្នកក្រោមឱវាទខ្លួនដែលមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា។ ដូច្នេះ ការមានភាពវៃឆ្លាត ក្នុងការស្វែងយល់ក៏ដូចជាអត្តចរិកផ្សេងៗគ្នារបស់កូនក្រុមជាចំណុចពិសេសមួយ។

សិល្បវិធីក្នុងការនិយាយពន្យល់តាមរបៀបផ្សេងៗសម្របដល់កូនក្រុមពន្យល់ពីគោលដៅស្ថាប័ន/អាជីវកម្មបានដោយជាក់លាក់ត្រូវជំនាញក្រុមការងារ ច្បាស់លាស់ និងងាយយល់ ហើយគ្រប់គ្នា(ក្រុមការងារ) យល់ពីទិសដៅដែលអ្នកនិងក្រុមការងារទាំងអស់ត្រូវធ្វើដំណើរឆ្ពោះទៅ នោះអ្នកជាមេដឹកនាំគួរឱ្យគោរពនិងមានឥទ្ធិពលម្នាក់៕

ប្រភព៖ North Eastern