រាជធានីភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២៥ (25th AFMM), កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ានលើកទី ៧ (7th AFMGM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

នុងកិច្ចពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ២០២១។ 

បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ 

(១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច,

(២). ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង 

(៣). ការលើកកម្ពស់ភាពធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៥  (25th AFMM) និងកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៧ (7th AFMGM) នេះ អង្គប្រជុំ បានធ្វើការស្វាគមន៍ និងគាំទ្រដល់សមិទ្ធផលអាទិភាព (Priority Deliverables) សម្រាប់វិស័យហិរញ្ញវត្ថុ ចំនួន ៣ ដែលកំណត់ដោយប្រទេសព្រុយណេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ សំដៅពង្រឹងដល់ការធើ្វសេរីភាវូនីយកម្មសេវាហិរញ្ញវត្ថុតំបន់, លើកកម្ពស់កម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកប ដោយ ចរីភាព។ 

បន្ថែមពីនេះ អង្គប្រជុំ ក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ដូចជា៖ ការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងថ្មីៗ ក្រោមយន្តការហេដ្ឋារចនាសម្ព័ន្ធបៃតង និងបរិយាប័ន្ន (Green and Inclusive Infrastructure Window-GIIW) នៃយន្តការហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) (គួររំលេចគម្រោងរបស់កម្ពុជា៑ដែលក្នុងនោះក៏មានគម្រោងមួយរបស់កម្ពុជា ស្តីពី “ការលើកកម្ពស់ភាពប្រកួតប្រជែង និងសុវត្ថិភាពនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម” ដែលមានទឹកប្រាក់ចំនួន ៥ លានដុល្លារអាម៉េរិក ផងដែរ, ការអនុវត្តកម្មវិធី ធានា រ៉ាប់ រង លើ ហានិភ័យគ្រោះ មហន្តរាយអាស៊ាន (ADRFI) ដំណាក់ កាល  ទី២, ការអភិវឌ្ឍទីផ្សារមូលបត្រអាស៊ាន, កិច្ចសហប្រតិបត្តិការគយនិងពន្ធដារ, ជាពិសេស ជាការបញ្ចប់ការចរចាលើពិធីសារ ដើម្បី អនុវត្តកញ្ចប់ទីប្រាំបួន នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពី សេវា  (AFAS) ។

ជារួម នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចតំបន់ពីវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង បរិយាប័ន្ន បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានធ្វើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់លើវិស័យហិរញ្ញវត្តុឱ្យកាន់តែស៊ីជម្រៅ ជាពិសេស ផ្តោតលើការបង្កើតវត្តិករសាស្ត្រអាស៊ាន (ASEAN Taxonomy) ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការជំរុញឌីជីថលលូបនីយកម្មក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងបរិបទនៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល

ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC), និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល, ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល, ថាមពលបៃតង និងការផ្តល់ហិរប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ 

ក្នុងនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា  និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕