ប្រទេសវៀតណាម៖  លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Group ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំ ពាក់ព័ន្ធនឹងការចេញនិងជួញដូរមូលបត្របំណុល ដែលមានតម្លៃរាប់ទ្រីលានដុង (1 ទី្រលានដុង = 41.87 លានដុល្លារ)។

ឧត្តមសេនីយ៍ឯក To An Xo ប្រធានបុគ្គលិក និងជាអ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ បានបញ្ជាក់ពីការចាប់ខ្លួននេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅព្រឹកថ្ងៃសៅរ៍ ។

អ្នកដែលត្រូវបានចាប់ខ្លួន ជាមួយគ្នាផងដែរគឺមានលោកស្រី Truong Hue Van អាយុ 34 ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Windsor Property Management, លោក Nguyen Phuong Hong អាយុ 38 ឆ្នាំជាជំនួយការនៅ Van Thinh Phat និង Ho Buu Phuong អាយុ 50 ឆ្នាំ អតីតប្រធានក្រុមហ៊ុន Tan Viet Securities និងជាអតីតនាយករងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Van Thinh Phat ខាងលើ។

លោកស្រី Lan អាយុ 66 ឆ្នាំគឺជាសហគ្រិនជនជាតិចិន-វៀតណាមដែលប្តីរបស់គាត់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម និងជាអ្នកអភិវឌ្ឍអចលនទ្រព្យនៅហុងកុង។ លោកស្រីបានបង្កើតក្រុមហ៊ុន Van Thinh Phat ក្នុងឆ្នាំ 1992 ដោយផ្ដើមពីការបើកភោជនីយដ្ឋាន និងសណ្ឋាគារ ប៉ុន្តែបន្ទាប់មកបានផ្លាស់ប្តូរទៅជាការអភិវឌ្ឍន៍អចលនទ្រព្យ៕