នៅលើពិភពលោកយើងនេះប ណ្តាប្រទេសជាច្រើនហាក់យកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ប្រជាជនជប៉ុន ដែលពួកគេមានទម្លាប់ល្អ មានអាជីវកម្មយូរអង្វែង រហូតដល់រាប់រយឆ្នាំ និងមានទម្លាប់ល្អក្នុងការបង្កើនផលិតភាពការងារជាដើម។
មូលហេតុសំខាន់ដែលប្រជាជនជប៉ុនភាគច្រើន មានទម្លាប់ល្អ និងមានផលិតភាពការងារខ្ពស់ ដោយសារតែពួកគេមានវប្បធម៌ និងផ្នត់គំនិតសំខាន់ៗមួយចំនួន ដែលត្រូវបានគេបញ្ចូលក្នុងជីវិតរស់នៅតាំងពីតូចដល់ធំ។ នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមបង្ហាញពីគោលគំនិត 5S (ស៥) របស់ជប៉ុន ដើម្បីជាគំនិតសម្រាប់ពិចារណា ឬជាគន្លឹះសម្រាប់អនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
១. សម្រិតសម្រាំង
គ្រប់គ្នាសុទ្ធតែល្បីថា ផលិតផលផលិតនៅជប៉ុនជាផលិតផលដែលមានគុណភាពខ្ពស់ ព្រោះជាផលិតផលដែលត្រូវបានផលិតឡើង ដោយយកចិត្តទុកដាក់បំផុត។ ចំណុចទាំងអស់នេះកើតចេញពីផ្នត់គំនិតទី១ គឺសម្រិសម្រាំង។ គ្រប់ចង្វាក់ផលិតកម្ម និងសេវាកម្មទាំងអស់ គឺសុទ្ធតែសម្រិតសម្រាំងដោយផ្ចិតផ្ចង់បំផុតមុននឹងទៅដល់ដៃអតិថិជន។
២. សណ្តាប់ធ្នាប់
ប្រជាជនជប៉ុនទៅដល់ទីណាក៏ដោយ ក៏តែងតែល្បីថាជាមនុស្សមានសណ្តាប់ធ្នាប់ ចេះតម្រង់ជួរ ចេះក្រែងចិត្តនិងមានការរៀបចំបានល្អតាមលំដាប់លំដោយ។ ចំណុចនេះ កើតចេញពីផ្នត់គំនិតទី២គឺសណ្តាប់ធ្នាប់។
ក្រៅពីជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់ជីវិតការងារក៏ដូចគ្នា។គ្រប់ឧបករណ៍ទាំងអស់ដែលប្រជាជនជនជប៉ុនធ្វើ គឺតែងតែរៀបចំទៅតាមកន្លែងយ៉ាងច្បាស់លាស់បំផុត។ក្រោយពេលប្រើប្រាស់ គឺចាំបាច់ត្រូវតែទុកដាក់នៅកន្លែង ដែលវាទុកហើយគ្រប់ដំណាក់កាល គឺត្រូវតែអនុវត្តដោយមានរបៀបរៀបរយ។
៣.ស្អាត
ធ្វើឱ្យស្អាត រៀបចំឱ្យល្អមើល និងមានសោភណ្ឌភាពគ្រប់ពេល គឺជាអ្វីដែលមាននៅក្នុងការតាំងចិត្តរបស់ប្រជាជនជប៉ុន។ ហេតុនេះហើយទើបគេឃើញថានៅប្រទេសជប៉ុន សូម្បីតែទឹកលូក៏អាចចិញ្ចឹមត្រីលម្អបានដែរ។
ផ្នត់គំនិតស្អាតបានធ្វើឱ្យការរស់នៅរបស់ប្រជាជន ការផ្តល់សេវាកម្មនិងផលិតផលរបស់ជប៉ុនទទួលបានការគាំទ្រច្រើន ពីប្រជាជននៅលើពិភពលោក។
៤.ស្តង់ដារ
បើនិយាយពីការវាយតម្លៃលើការងារ ឬផលិតផលអ្វីមួយគេតែងនឹកគិតដល់ស្តង់ដារជាចាំបាច់។ នៅជប៉ុនអ្វីៗទាំងអស់គឺ ត្រូវតែអនុវត្តតាមស្តង់ដារបទដ្ឋានការងារ (SOP) ជាចាំបាច់ ហើយពួកគេគោរពបំផុតទៅតាមគោលការណ៍ដែលបានកំណត់។ ពេលខ្លះទោះបីផ្លូវកាត់ចំណេញជាង ក៏គេសុខចិត្តអនុវត្តទៅតាមស្តង់ដារដែរ ដើម្បីបង្ហាញពីការតាំងចិត្ត និងភាពច្បាស់លាស់។
៥.ស្ថិតស្ថេរ
មិនខុសពីពាក្យខ្មែរយើងទេ ដែលនិយាយថា «ចង់ចំណេញ ក្រែងដាច់ចំណង»។ ប្រជាជនជប៉ុនក៏តែងតែគិតជានិច្ចដល់ស្ថិតស្ថេរ ឬនិរន្តរភាព (sustainable)។ ពួកគេសន្សំសំចៃ និងប្រើប្រាស់អ្វីគ្រប់យ៉ាង ដោយគិតពីនិរន្តរភាពនៃការរស់នៅ៕