លើលោកនេះ គ្មានការរកស៊ីណាដែលមិនជួបឧបសគ្គនោះទេ តែអ្វីដែលសំខាន់គឺម្ចាស់អាជីវកម្មមានសមត្ថភាពក្នុងការងើបឡើងវិញពីវិបត្តិ ហើយបន្តដំណើរទៅមុខទៀតរហូតទទួលបានលទ្ធផល។
ឧកញ៉ា ស៊ា ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានលើកឡើងថា អ្នករកស៊ីសុទ្ធតែអាចប្រឈមជាមួយនឹងបញ្ហាលំបាកទាំងអស់គ្នា តែអ្វីដែលយើងត្រូវធ្វើគឺព្យាយាមគ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងអស់នោះបង្វែរវាពីការឈឺចាប់ទៅជាបទពិសោធន៍ និងមានសមត្ថភាពងើបឡើងវិញ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ការរកស៊ីមិនប្រាកដថាសមបំណងទាំងអស់នោះទេ តែប្រសិនបើយើងមានសង្ឃឹម យើងនឹងអាចរៀនសូត្រពីដំណាក់កាលលំបាកទាំងអស់នោះ ហើយចាប់ផ្តើមដោះស្រាយវារហូតទទួលបានលទ្ធផល តែប្រសិនបើយើងទន់ជ្រាយ ហើយឆាប់បោះបង់ នោះយើងនឹងមិនអាចទទួលជោគជ័យបាននោះទេ។
ឧកញ៉ា ស៊ា ឬទ្ធី បាននិយាយថា៖ «ពេលដួលច្បាស់ជាឈឺ ពេលបរាជ័យច្បាស់ជាខកបំណង តែទោះបីជាដួលក៏ដោយ បរាជ័យក៏ដោយ កុំអស់សង្ឃឹមអី»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (Campaint) បានលើកឡើងថា អ្នករកស៊ីជោគជ័យដែលយើងឃើញម្នាក់ៗមិនប្រាកដថា គាត់សុទ្ធតែអាចរកស៊ីជោគជ័យគ្រប់មុខនោះទេ។ មានអ្នកខ្លះមានក្រុមហ៊ុនបួនដប់ ត្រូវបានដួលក្នុងចំណោមក្រុមហ៊ុន 20 ដែលគាត់បានបើក។ ហេតុនេះ យើងអាចមើលឃើញក្រុមហ៊ុនដែលគាត់ជោគជ័យ តែយើងមិនចាប់អារម្មណ៍លើក្រុមហ៊ុនដែលគាត់បានដួល។
លោកថា អ្នកណាក៏ដោយមិនប្រាកដថាមានសមត្ថភាពខ្លាំង មិនចេះដួលនោះទេ វាអាស្រ័យលើកត្តានិងធាតុផ្សំជាច្រើន។ ហេតុនេះ អ្វីដែលយើងគួរធ្វើមិនមែនត្រាំត្រែងជាមួយវិបត្តិ ហើយខ្លាចរអារនោះទេ។ អ្វីដែលយើងគួរធ្វើគឺរក្សាជំហរ ព្យាយាមស្វែងយល់បន្ថែម ហើយអភិវឌ្ឍសមត្ថភាពឱ្យបានល្អរហូតទទួលបានលទ្ធផលវិជ្ជមាន៕