*ទាញ Mobile App ក្រមាប៉ុស្ដិ៍? សូមចុចយក
រាជធានីភ្នំពេញ៖ ជាទូទៅតែងមានសំណួរចោទសួរថា នៅក្នុងទីផ្សារអចលនទ្រព្យ តើតំបន់ណាមួយឬទិសណាមួយនៃរាជធានីភ្នំពេញមានសក្ដានុពលខ្ពស់ និងសមស្របសម្រាប់ការវិនិយោគនិងអាចទទួលបានចំណេញ។ ចម្លើយឆ្លើយថា គ្រប់ទិសទាំង៤នៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពល និងគួរវិនិយោគដូចគ្នា ទាស់ត្រង់ថាសក្ដានុពលនៃតំបន់នីមួយៗស្ថិតនៅក្នុងវិស័យផ្សេងគ្នា។
តាមការឲ្យដឹងពីសំណាក់អ្នកជំនាញអចលនទ្រព្យ ដែលទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះអះអាងថា គ្រប់តំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលល្អនិងផ្តល់ផលចំណេញដល់ការវិនិយោគទាំងអស់។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ជារួម វាល្អទាំង៤ទិសជុំវិញរាជធានីភ្នំពេញ សំខាន់ត្រង់ថា តើការទិញដីទុកវិនិយោគឬអភិវឌ្ឍន៍ស្ថិតនៅក្នុងវិស័យណាមួយឲ្យបាកដ ថាតើទិញសម្រាប់សាងសង់ជាលំនៅដ្ឋាន ឬសម្រាប់សាងសង់ជាខុនដូឬសម្រាប់សាងសង់ជាផ្ទះជួលឲ្យកម្មករ ឬក៏គ្រាន់តែសម្រាប់គម្រោងពុះដីឡូត៍លក់”។
លោកឧកញ៉ាបន្តឲ្យដឹងថា ប្រសិនបើទិញដីសម្រាប់សាងសង់ជាបន្ទប់ជួលឲ្យកម្មករ នោះទិសដែលល្អ គឺទិសខាងលិច ព្រោះជាតំបន់ដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងជាតំបន់ឧស្សាហកម្មដ៏មមាញឹក ដូច្នេះនៅតំបន់នេះគឺសមស្របទៅនឹងការវិនិយោគនិងអភិវឌ្ឍផ្នែកលំនៅដ្ឋានកម្មសិទ្ធិផ្ទាល់ផង និងការសាងសង់ជាបន្ទប់ជួលផង។
ប៉ុន្តែសម្រាប់អ្នកដែលយកទិញដីទុកវិនិយោគក្នុងរយៈពេលវែង ចាប់ពី៥-១០ឆ្នាំទៀតទិសដែលល្អគឺនៅប៉ែកខាងត្បូងក្រុង ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាល បានកំណត់យកទិសខាងត្បូងជាអាទិភាពជាក់ស្ដែងដូចជាគម្រោងសាសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលកំពុងមានសកម្មភាពសាងសង់យ៉ាងសកម្ម។ ក្រោយពេលបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នោះតំបន់នេះនឹងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មីរាប់ទាំងការអភិវឌ្ឍន៍នៃគម្រោងសំណង់បុរីជាច្រើនគម្រោងផងដែរ។
ដោយឡែកសម្រាប់អ្នកដែលចង់ទិញដីក្នុងទំហំធំ ទុកសម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋានបែបទំនើប និងប្រណីតភាពមានតម្លៃថ្លៃចាប់ពី២០-៣០ម៉ឺនដុល្លារឡើងទៅ គឺស្ថិតនៅទិសខាងជើង ដែលភាគច្រើនស្ថិតនៅតំបន់ខណ្ឌសែនសុខ។បច្ចុប្បន្ននៅប៉ែកខាងជើងល្បឿននៃការអភិវឌ្ឍន៍ កំពុងកើតមានយ៉ាងឆាប់រហ័សដោយក្នុងនោះមានទាំងសំណង់ខុនដូ អាផាតមិន បុរីវីឡាប្រណីត ផ្សារទំនើបធំៗជាច្រើនរួមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាលបន្ថែមជាបន្តបន្ទាប់ហើយគម្រោងនៃការអភិវឌ្ឍន៍ និងការពង្រីកក្រុងនៅតែបន្តមានទៀត។
សម្រាប់នៅប៉ែកខាងកើតរាជធានីភ្នំពេញវិញ ក៏មានសក្ដានុពលមិនចាញ់ទិសទាំង៣ខាងលើនេះដែរជាពិសេសផ្នែកលំនៅដ្ឋានកម្រិតមធ្យម។ ទិសខាងកើត ជាតំបន់មួយដែលមិនសូវមានរោងចក្រមានដងទន្លេ ជាដីទួលមិនលិចទឹក និងជាតំបន់នៃពិភពបៃតងដែលមានខ្យល់អាកាសត្រជាក់ល្អអំណោយផលដល់ការរស់នៅមានផាសុកភាព។ បច្ចុប្បន្ននៅប៉ែកខាងកើត តាមបណ្តោយផ្លូវជាតិលេខ១ មានគម្រោងអភិវឌ្ឍបុរីលំនៅដ្ឋានជាច្រើន ដោយក្នុងនោះលំនៅដ្ឋានភាគច្រើនត្រូវបានអភិវឌ្ឍន៍និងដាក់លក់ក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារ៕