ភ្នំពេញ ៖ នៅក្នុងពិភពនៃការធ្វើជំនួញ ក្រៅពីមានដើមទុនសម្រាប់វិនិយោគ និងគម្រោងអាជីវកម្ម គឺតម្រូវឱ្យមានចំណេះដឹងបន្ទាប់បន្សំផ្សេងៗជាច្រើនទៀត ជាពិសេសត្រូវចាក់ពីកំហុសចំនួន៥ ដើម្បីចាកចេញពីភាពបរាជ័យ។ 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាក្យថា “ជោគជ័យ” ត្រូវបានអ្នកជំនាញឱ្យនិយមន័យផ្សេងៗពីគ្នាជាច្រើន ប៉ុន្តែស្ថិតនៅក្នុងន័យរួម ដែលជាការទទួលបាននូវលទ្ធផល គួរជាទីពេញចិត្តបន្ទាប់ពីការខិតខំ ព្យាយាមអនុវត្តទៅតាមគម្រោងរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន KW Cambodia និងKhmer Real Estate លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា ភាពជោគជ័យនៅក្នុងការធ្វើមុខជំនួញអ្វីមួយ វាហាក់មិនមែនជាឧបសគ្គនោះទេ ពោលគឺម្នាក់ៗសុទ្ធតែអាចមានឱកាសទទួលបាន ដែលកើតចេញពីការគិត សកម្មភាពនៃការធ្វើ រួមជាមួយនឹងភាពអំណត់ និងភាពស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន។

លោកបន្តថា ប៉ុន្តែអ្វីដែលបញ្ហាប្រឈម ដែលត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់នោះ គឺការធ្លាក់ខ្លួនចូលក្នុងពិភពបរាជ័យ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងជំហានដំបូង ដែលពោរពេញដោយភាពអំនួត គួបផ្សំជាមួយនឹងចំណេះដឹងក្នុងការគ្រប់គ្រងផងដែរ។

ចំណុច១ ក្នុងចំណោម៥ ប្រសិនបើធ្លាក់ក្នុងចំណុចណាមួយ នោះភាពបរាជ័យនឹងកើតមានជាក់ជាមិនខាន ដែលទាំង៥នេះរួមមាន ទី១ ឆាប់មានមោទនភាពពេក ចំពោះលទ្ធផលល្អ ដែលទទួលបានលើកដំបូង ទី២បានជោគជ័យបន្តិចបន្តួច ក៏បែកឆ្វេងផ្តេសផ្ដាស់ ទី៣- ចំណេះដឹងលើការគ្រប់គ្រងធនធានមនុស្សនៅមានកម្រិត ទី៤ ចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុនៅមានកម្រិត និងទី៥ ឆាប់បោះបង់បង់ពេក ទាំងការខិតខំ និងការតស៊ូនៅមានកម្រិត។ 

លោកបញ្ជាក់ថា មិនថាចំពោះតែអ្នកជំនួញដែលជាសហគ្រិនវ័យក្មេង ឬសហគ្រិនវ័យកណ្តាលនោះទេ ប្រសិនបើធ្លាក់នៅក្នុងចំណុចណាមួយនៅក្នុងចំណោមចំណុចទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ នោះមេឆក់ដ៏មានឥទ្ធិលនឹងទាញទម្លាក់ឱ្យធ្លាក់ ទៅក្នុងពិភពនៃភាពបរាជ័យជាក់ជាមិនខាន៕